លោកស្រី ចំរើន ដាណេ ត្រូវបានប្រកាសតែងតាំងជាអភិបាលស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ

07-08-2026 14:53

(បន្ទាយមានជ័យ)៖ លោកស្រី ចំរើន ដាណេ អភិបាលរងស្រុកភ្នំស្រុក ត្រូវបានប្រកាសតែងតាំងជាអភិបាលស្រុក ដែលលោកស្រីជាអភិបាលស្រុកស្ត្រីដំបូងគេបង្អស់ និងជាយុវជនឆ្នើមមួយរូបក្នុងខេត្ត។ ពិធីប្រកាសតែងតាំងនេះ ត្រូវបានប្រារព្ធធ្វើឡើងនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោក ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ។

ការតែងតាំងលោកស្រី ចំរើន ដាណេ ក្នុងតំណែងជាអភិបាលស្រុកនេះ ឆ្លុះបញ្ចាំងពីការលើកទឹកចិត្ត និងការផ្តល់អាទិភាពដល់ស្ត្រីក្នុងការកាន់មុខតំណែងសំខាន់ៗ ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយយេនឌ័រ និងការពង្រឹងអំណាចដល់ស្ត្រីនៅកម្ពុជា។

ក្នុងឱកាសនោះ លោក អ៊ុំ រាត្រី បានណែនាំអភិបាលស្រុកថ្មី ត្រូវខិតខំពង្រឹងប្រសិទ្ធភាពការងារក្នុងអង្គភាពឱ្យបានល្អប្រសើរ គោរពតាមឋានានុក្រម និងក្រមសីលធម៌ជាមន្ត្រីបម្រើរាស្ត្រ ដោយចាត់ទុកសុខទុក្ខ របស់ប្រជាពលរដ្ឋជាអាទិភាព។ លោកបានសង្កត់ធ្ងន់លើការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានលឿន និងមានប្រសិទ្ធភាព ព្រមទាំងពង្រឹងសាមគ្គីភាពផ្ទៃក្នុងអង្គភាព។

ជាមួយគ្នានេះ លោកអភិបាលខេត្តក៏បានក្រើនរំលឹកដល់អភិបាលស្រុកថ្មី ឱ្យបន្តអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីធានាថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ លើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមក្នុងមូលដ្ឋាន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល សំដៅលើកកម្ពស់ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។ លោកស្រី ចំរើន ដាណេ ចូលកាន់តំណែងជំនួសលោក ជូ បុត្រ ដែលត្រូវបានផ្ទេរភារកិច្ចទៅបម្រើការងារនៅរដ្ឋបាលខេត្តបន្ទាយមានជ័យ៕