តំណាងរដ្ឋមន្រ្តី ប៉េង ពោធិ៍នា នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុ ប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា ១៩វត្ត នៅស្រុកកោះធំ ខេត្តកណ្តាល
07-08-2026 14:58
(កណ្តាល)៖ លោក ស៊ុយ សាន រដ្ឋលេខាធិការតំណាងលោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះធំ និងស្រុកស្អាង នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦នេះ បានអញ្ជើញនាំយកទៀនព្រះវស្សា និងទេយ្យវត្ថុ ព្រមទាំងបច្ច័យបួន ប្រគេនចំពោះព្រះសង្ឃដែលគង់ចាំព្រះវស្សាចំនួន ១៩វត្ត ក្នុងស្រុកកោះធំ ខេត្តកណ្តាល។
ការប្រគេនទៀនព្រះវស្សា ទេយ្យវត្ថុ និងបច្ច័យបួននាពេលនេះ គឺសម្រាប់ទំនុកបម្រុងដល់ព្រះសង្ឃ សមណសិស្ស ដែលកំពុងគង់ និងស្នាក់នៅសិក្សាព្រះធម៌វិន័យក្នុងវត្តនាអំឡុងរដូវចូលព្រះវស្សា និងជាការបំពេញកុសលតាមប្រពៃណីព្រះពុទ្ធសាសនា ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន និងដួងវិញ្ញាណក្ខន្ធវីរកងទ័ពកម្ពុជា ដែលបានពលីជីវិតក្នុងបុព្វហេតុការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិផងដែរ។
សូមបញ្ជាក់ដែរថា តាមទំនៀមទំលាប់ជាប្រពៃណីនៃព្រះពុទ្ធសាសនា ព្រះសង្ឃទាំងឡាយគ្រប់អារាម ក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវនិមន្តចូលកាន់ព្រះវស្សា អស់ថេរវេលា ៣ខែ ចាប់ពីថ្ងៃ១រោច ខែអាសាឍ តទៅ។ ពាក្យថា (វស្សា) ប្រែថា (ភ្លៀង ឬរដូវភ្លៀង) ដែលមានកំណត់រយៈពេល៣ខែ រាប់ពីថ្ងៃ ១រោច ខែអាសាឍ ដល់ថ្ងៃ១៥កើត ខែកត្តិក។
ក្នុងរយៈពេល ៣ខែនេះ នៅគ្រប់ព្រះវិហារទាំងឡាយ តែងរក្សាភ្លើងទៀនព្រះវស្សាធ្វើពីក្រមួនឲ្យឆេះជានិច្ច តែបច្ចុប្បន្ននេះដោយសាក្រមួនពុំសូវសំបូរគេនិយមគេប្រើប្រេងជំនួសវិញ។ ជួនកាលមានព្រះសង្ឃខ្លះ ពុំបានចូលព្រះវស្សា តាមកំណត់កាលវេលា ៣ខែ ដោយមានធុរៈអ្វីមួយ ឬដោយរោគាពាធិនោះ លោកអាចចូលបច្ឆិមិកវស្សាបាន គឺលោកចូលនៅថ្ងៃ១រោជ ខែស្រាពហើយត្រូវគិតវស្សាឲ្យគ្រប់៣ខែ ដូចព្រះសង្ឃ ដែលចូលមុនគឺត្រូវចេញវិញ នៅថ្ងៃ១រោជ ខែកត្តិក៕
























