ផ្លូវបេតុងនៅឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ កើតមានស្នាមប្រេះ និងស្រុត ក្រោយស្ថាបនាបានជាង១ខែ
07-08-2026 15:00
(កណ្តាល)៖ ប្រជាពលរដ្ឋក្នុងភូមិកំពង់ស្វាយ និងភូមិព្រែកតានប់ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល បានសម្តែងការមិនពេញចិត្ត និងរិះគន់យ៉ាងខ្លាំងចំពោះគុណភាពផ្លូវបេតុងមួយខ្សែ ដែលទើបស្ថាបនាបានជាងមួយខែប៉ុណ្ណោះ បែរជាកើតមានស្នាមប្រេះ ស្រុត បែកក្រឡាថ្លាន់ និងលេចចេញក្បាលថ្មគួរឲ្យព្រួយបារម្ភ។
ពួកគាត់យល់ថា នេះជាការខ្ជះខ្ជាយថវិកាជាតិ ខណៈផ្លូវនេះមិនទាន់បានបើកឲ្យរថយន្តឆ្លងកាត់ពេញលេញផង។
ប្រជាពលរដ្ឋបានលើកឡើងថា ការសាងសង់ផ្លូវនេះហាក់ធ្វើឡើងដោយប្រញាប់ប្រញាល់ និងមិនបានគោរពតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ។ ជាក់ស្តែង គ្រឹះក្រោមត្រូវបានកម្មករគ្រាន់តែប្រើចបកាយពង្រាយថ្ម និងចាក់បេតុងយកតែម្តង ថែមទាំងចាក់ក្នុងពេលមានភ្លៀងរលឹមទៀតផង។ ក្រោយចាក់បេតុង ក៏ពុំបានយកបាវក្រចៅមកគ្រប ឬស្រោចទឹកថែទាំឲ្យបានល្អ ដែលជាហេតុធ្វើឲ្យផ្លូវឆាប់ខូចខាតបែបនេះ។
មន្ត្រីត្រួតពិនិត្យបច្ចេកទេស ទីចាត់ការផែនការវិនិយោគរដ្ឋបាលខេត្តកណ្តាល បានចុះពិនិត្យជាក់ស្តែង និងពន្យល់ថា ផ្លូវបេតុងដែលស្ថាបនាដោយក្រុមហ៊ុន សច្ចៈគុណ សំណង់ខ្មែរ ដែលមានលោក ទឹម សោភណ័ ជាតំណាង ពិតជាមានស្នាមប្រេះទទឹងផ្លូវចំនួន៥កន្លែង និងប្រេះបណ្តោយផ្លូវមួយកន្លែង ព្រមទាំងមានស្នាមប្រេះក្រឡាថ្លាន់ អណ្តែតលេចចេញក្បាលថ្ម និងមានត្រសុះសំបុកឃ្មុំនៅតាមគែមផ្លូវ។
មូលហេតុចម្បងគឺបណ្តាលមកពីគ្រឹះផ្លូវមិនរឹងមាំតាមស្តង់ដា ការលាយបេតុងមិនស្មើសាច់ ល្បាយបេតុងស្រួយពេក និងពុំបានគ្របស្រោចទឹកថែទាំបានល្អ។ លើសពីនេះ ក្រុមហ៊ុនមិនបានធ្វើពិធីបើកការដ្ឋាន និងពុំបានដាក់ស្លាកគម្រោងឡើយ។
លោក ទឹម សោភ័ណ តំណាងក្រុមហ៊ុន បានទទួលស្គាល់នូវចំណុចខ្វះខាតទាំងនេះ និងបានសន្យាថានឹងធ្វើការកែសម្រួលឡើងវិញ។ ប្រជាពលរដ្ឋក៏បានសំណូមពរដល់ក្រុមហ៊ុនសាងសង់ និងអាជ្ញាធរពាក់ព័ន្ធ ឲ្យយកចិត្តទុកដាក់តាមដានការងារនេះឲ្យបានល្អិតល្អន់ ដើម្បីធានាគុណភាពផ្លូវ និងជៀសវាងការខាតបង់ថវិកាជាតិនាពេលអនាគត៕




















