ស.ស.យ.ក ខេត្តរតនគិរី ប្រកាសទទួលស្គាល់គណៈកម្មាធិការ ស.ស.យ.ក. ក្រុង ស្រុក មន្ទីរ-អង្គភាពជុំវិញខេត្តចំនួន៣៧នាក់
07-08-2026 15:03
(រតនគិរី)៖ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ខេត្តរតនគិរី បានរៀបចំពិធីប្រកាសទទួលស្គាល់ជាផ្លូវការនូវគណៈកម្មាធិការ ស.ស.យ.ក. ក្រុង ស្រុក មន្ទីរ-អង្គភាពជុំវិញខេត្ត ចំនួន៣៧នាក់ នៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ នាសាលមហោស្រពរតនគិរី ដោយមានការចូលរួមពីសមាជិក សមាជិកា ស.ស.យ.ក ខេត្តប្រមាណជាង២០០នាក់។
ថ្លែងក្នុងឱកាសនោះ លោក ញ៉ែម សំអឿន ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តរតនគិរី និងជាអភិបាលនៃគណៈអភិបាលខេត្ត បានគូសបញ្ជាក់ថា ស.ស.យ.ក. បច្ចុប្បន្ននៅតែរក្សាបាននូវស្មារតី គោលបំណងរួមគ្នា និងសាមគ្គីភាពរឹងមាំជាធ្លុងមួយ ក្នុងគោលដៅចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីរក្សាឱ្យបាននូវស្នាដៃ និងសមិទ្ធផលដ៏អស្ចារ្យជាឧត្តមប្រយោជន៍ជាតិ ដែលអតីតយុវជនជំនាន់២ធ្នូបានកសាងឡើង ព្រមទាំងបន្តបង្កើតនូវសមិទ្ធផលថ្មីបន្ថែមទៀតសម្រាប់ប្រទេសជាតិ និងប្រជាពលរដ្ឋក្រោមដំបូលនៃសន្តិភាព។
លោកបានបន្តថា យុវជនគឺជាសសរទ្រូងនៃប្រទេសជាតិ និងជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ សហភាពសហព័ន្ធយុវជនកម្ពុជា ក្រោមការដឹកនាំរបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក. តែងតែដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រមូលផ្តុំកម្លាំងយុវជនពីគ្រប់ទិសទី ដើម្បីរួមចំណែកបម្រើជាតិ សាសនា ព្រះមហាក្សត្រ។ ការបង្កើត និងពង្រឹងរចនាសម្ព័ន្ធគណៈកម្មាធិការ ស.ស.យ.ក នៅតាមក្រុង ស្រុក មន្ទីរ-អង្គភាព នាពេលនេះ គឺជារឿងចាំបាច់បំផុត ដើម្បីធានាថាចលនាយុវជនរបស់យើងមានភាពរស់រវើក មានរចនាសម្ព័ន្ធច្បាស់លាស់ និងអាចឆ្លើយតបបានទាន់ពេលវេលាចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ និងយុវជននៅមូលដ្ឋាន។
លោក ញ៉ែម សំអឿន ក៏បានផ្តល់នូវអនុសាសន៍មួយចំនួនដល់គណៈកម្មាធិការថ្មី ដើម្បីធានាថាការដឹកនាំទទួលបានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់ រួមមាន៖ ការពង្រឹងសាមគ្គីភាព និងឯកភាពផ្ទៃក្នុង ជិតស្និទ្ធជាមួយប្រជាពលរដ្ឋ និងយុវជនមូលដ្ឋាន សហការជិតស្និទ្ធជាមួយអាជ្ញាធរដែនដី និងការអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួនជាប្រចាំ ដើម្បីឆ្លើយតបទៅនឹងការវិវត្តនៃសម័យឌីជីថល។ តាមរយៈការអនុវត្តអនុសាសន៍ទាំងនេះ ស.ស.យ.ក ខេត្តរតនគិរី រំពឹងថានឹងបន្តរួមចំណែកយ៉ាងសកម្មក្នុងការកសាង និងអភិវឌ្ឍខេត្តឱ្យកាន់តែរីកចម្រើន៕





















