ពលករខ្មែរ ៧១នាក់ ត្រូវបានអាជ្ញាធរថៃបញ្ជូនមកកម្ពុជាវិញ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត
07-08-2026 15:18
(បន្ទាយមានជ័យ)៖ ពលករខ្មែរចំនួន ៧១នាក់ ក្នុងនោះមានស្រី ២៣នាក់ និងកុមារ ២នាក់ ត្រូវបានអាជ្ញាធរថៃ បញ្ជូនមកប្រគល់ជូនអាជ្ញាធរកម្ពុជាវិញ កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ការទទួលពលករខ្មែរទាំងនេះ បានធ្វើឡើងក្រោមវត្តមានលោកវរសេនីយ៍ឯក សុផាន សមស័ក្តិ នាយរងប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត តំណាងលោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ និងលោកវរសេនីយ៍ទោ សេម មករា នាយសេនាធិការប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ រួមជាមួយមន្ត្រីទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ។
លោកវរសេនីយ៍ទោ សេម មករា បានបញ្ជាក់ថា ពលករខ្មែរដែលត្រូវបានបញ្ជូនមកវិញ រួមមានអាជីវករលក់ដូរនៅផ្សាររ៉ូងក្លឿ ប្រទេសថៃ ដែលត្រូវបានចាប់ខ្លួនដោយសារលក់ដូរខុសច្បាប់ ពលករខ្មែរដែលធ្វើការងារ នៅប្រទេសថៃដោយខុសច្បាប់ និងពលរដ្ឋខ្មែរដែលចាញ់បោកមេខ្យល់លួចឆ្លងដែនដោយខុសច្បាប់ ហើយត្រូវបានកម្លាំងយោធាថៃចាប់ខ្លួនតាមបន្ទាត់ព្រំដែន។
បន្ទាប់ពីទទួលពលករទាំងនោះ អាជ្ញាធរកម្ពុជាបានផ្តល់អាហារសម្រន់ រួមមាន បាយមួយប្រអប់ នំប៉័ងមួយ និងទឹកបរិសុទ្ធមួយដប ដល់ពលករម្នាក់ៗ។ លោកវរសេនីយ៍ឯក សុផាន សមស័ក្តិ បានបន្ថែមថា ក្រោយពីបានសាកសួរព័ត៌មានរួចរាល់ ពលករខ្មែរទាំងអស់ត្រូវបានប្រគល់ជូនទៅមណ្ឌលសំចតក្រុងប៉ោយប៉ែត ដើម្បីរៀបចំដឹកជញ្ជូនបន្តទៅដល់លំនៅឋានរបស់ពួកគេដោយសុវត្ថិភាព៕








































