ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ បញ្ចូលទិន្នន័យក្នុងប្រព័ន្ធ ក្នុងការគ្រប់គ្រង អនុវត្តដីកា និងការងារប្រឆាំងការសម្អាតប្រាក់ របស់ផែនការងារប្រឆាំងគ្រឿងញៀន

07-08-2026 16:01

(ភ្នំពេញ)៖ ដោយមានការអនុញ្ញាតពី នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងនគរបាលជាតិ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារបញ្ចូលទិន្នន័យក្នុងប្រព័ន្ធ (ADP DATABASE SYSTEM) ក្នុងការគ្រប់គ្រង អនុវត្តដីកា និងការងារប្រឆាំងការសម្អាតប្រាក់ ប្រចាំឆមាសទី១ និងលើកទិសដៅការងារ សម្រាប់ឆមាសទី២ ឆ្នាំ២០២៦ របស់ផែនការងារប្រឆាំងគ្រឿងញៀន។

កិច្ចប្រជុំនេះ ប្រារព្ធធ្វើនៅសាលប្រជុំមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងតាមប្រព័ន្ធវីដេអូពីចម្ងាយ (Zoom) ដោយមានការអញ្ជើញចូលរួមពីឧត្តមសេនីយ៍ទោ ហ៊ុន គីមជាតិ ប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌, ឧត្តមសេនីយ៍ឯក ឃីង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន, លោកប្រធានលេខាធិការដ្ឋាន នៃនាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌, លោក-លោកស្រីឧត្តមសេនីយ៍ វរសេនីយ៍នាយករងមន្ទីរ, លោកប្រធានការិយាល័យ មន្ត្រីជំនាញចំណុះមន្ទីរ, ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនផងដែរ។

ក្នុងកិច្ចប្រជុំបានធ្វើការបូកសរុប និងវាយតម្លៃលទ្ធផលនៃការអនុវត្តការងារក្នុងរយៈពេលឆមាសទី១ ឆ្នាំ២០២៦ ដោយផ្តោតសំខាន់លើការបញ្ចូលទិន្នន័យក្នុងប្រព័ន្ធ (ADP DATABASE SYSTEM) ការគ្រប់គ្រង និងការអនុវត្តដីកា ការងារប្រឆាំងការសម្អាតប្រាក់ ព្រមទាំងការងារជំនាញពាក់ព័ន្ធនឹងការបង្ការ បង្ក្រាប និងស្រាវជ្រាវបទល្មើសគ្រឿងញៀន។

កិច្ចប្រជុំក៏បានពិនិត្យលើបញ្ហាប្រឈមមួយចំនួន និងបទពិសោធន៍នានា ដើម្បីស្វែងរកដំណោះស្រាយ និងលើកកម្ពស់ប្រសិទ្ធភាពការងារឱ្យកាន់តែប្រសើរឡើង។

ឧត្តមសេនីយ៍ឯក ឃីង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងប្រកបដោយស្មារតីទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនទាំងអស់ ដែលបានរួមសហការគ្នាយ៉ាងសកម្ម ក្នុងការអនុវត្តភារកិច្ចប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន និងសម្រេចបានលទ្ធផលគួរជាទីកត់សម្គាល់ សំដៅធានាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម។

ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ បានណែនាំឱ្យគ្រប់អង្គភាពពាក់ព័ន្ធ បន្តពង្រឹងការទទួលខុសត្រូវក្នុងការបញ្ចូល និងគ្រប់គ្រងទិន្នន័យឱ្យបានត្រឹមត្រូវ ទាន់ពេលវេលា ពង្រឹងការអនុវត្តដីកា និងការងារប្រឆាំងការសម្អាតប្រាក់ ឱ្យមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងជំរុញការសម្របសម្រួល និងការផ្លាស់ប្តូរព័ត៌មានរវាងអង្គភាពពាក់ព័ន្ធ ដើម្បីគាំទ្រដល់ការបង្ការ និងបង្ក្រាបបទល្មើសគ្រឿងញៀន ឱ្យកាន់តែមានប្រសិទ្ធភាព ស្របតាមផែនការយុទ្ធសាស្ត្រ និងការណែនាំរបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ៕