ទីភ្នាក់ងារ KOICA និងមូលនិធិ KOFIH រៀបចំព្រឹត្តិការណ៍រួមគ្នាក្រោមគំនិតផ្តួចផ្តើម «K-ODA» សម្រាប់ការអភិវឌ្ឍជនបទ និងសុខាភិបាល នៅខេត្តបាត់ដំបង ប៉ៃលិន និងបន្ទាយមានជ័យ
07-08-2026 16:26
(ភ្នំពេញ)៖ នៅថ្ងៃទី៥-៦ ខែសីហា ឆ្នាំ២០២៦ ការិយាល័យ KOICA ប្រចាំប្រទេសកម្ពុជា និងការិយាល័យ KOFIH ប្រចាំប្រទេសកម្ពុជា បានរៀបចំ «ព្រឹត្តិការណ៍រួមគ្នាក្រោមគំនិតផ្តួចផ្តើម K-ODA នៅកម្ពុជា សម្រាប់ការអភិវឌ្ឍជនបទ និងសុខាភិបាល» នៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ។ ព្រឹត្តិការណ៍នេះបានប្រព្រឹត្តទៅតាមលំដាប់លំដោយ រួមមានពិធីចុះកិច្ចព្រមព្រៀងគាំទ្រគម្រោងអភិវឌ្ឍន៍ភូមិជំហានទី២ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់មណ្ឌលសុខភាពម៉ាឡៃ និងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសម្ភពនៃមន្ទីរពេទ្យបង្អែកព្រះនេត្រព្រះ។
ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងជាផ្នែកមួយនៃគំនិតផ្តួចផ្តើម "K-Initiative" ដែលត្រូវបានគាំទ្រដោយស្ថានទូតនៃសាធារណរដ្ឋកូរ៉េប្រចាំប្រទេសកម្ពុជា។ គោលបំណងនៃព្រឹត្តិការណ៍នេះ គឺដើម្បីណែនាំគម្រោងអភិវឌ្ឍន៍ជនបទរបស់ KOICA និងគម្រោងថែទាំសុខភាពរបស់ KOFIH នៅក្នុងទីកន្លែងតែមួយ ហើយតាមរយៈការផ្សារភ្ជាប់សមិទ្ធផលនៃទីភ្នាក់ងារទាំងពីរ គឺដើម្បីផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីប្រសិទ្ធភាពនៃជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) របស់ប្រទេសកូរ៉េ។
K-Initiative ជាក្របខ័ណ្ឌសហប្រតិបត្តិការដែលសំដៅជារួមលើវិស័យចម្រុះនានា ដែលសាធារណរដ្ឋកូរ៉េចូលរួមអភិវឌ្ឍន៍ពិភពលោក ហើយដែលមានបេសកកម្មកាទូតប្រចាំនៅបរទេសជាស្នូល ដើម្បីប្រមូលផ្តុំសមត្ថភាពនៃស្ថាប័នសាធារណៈក្នុងស្រុក និងវិស័យឯកជន ក្នុងការផ្សព្វផ្សាយវិស័យប្រកួតប្រជែងរបស់កូរ៉េទៅកាន់សហគមន៍អន្តរជាតិ។
ព្រឹត្តិការណ៍នេះ មានការអញ្ជើញចូលរួមពីលោក Chang Yong Kim ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំប្រទេសកម្ពុជា លោក Junmo Kim នាយកទីភ្នាក់ងារ KOICA ប្រចាំប្រទេសកម្ពុជា និងលោក Yonggun Song តំណាងមូលនិធិ KOFIH ប្រចាំប្រទេសកម្ពុជា។ ចំណែកឯភាគីកម្ពុជា ថ្នាក់ដឹកនាំជាន់ខ្ពស់មកពីរាជរដ្ឋាភិបាល និងអាជ្ញាធរថ្នាក់ក្រោមជាតិបានអញ្ជើញចូលរួម រួមមានលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល, លោក សុខ លូ អភិបាលខេត្តបាត់ដំបង និងឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ។
នៅរសៀលថ្ងៃទី៥ នៅសាលាខេត្តបាត់ដំបង ពិធីចុះហត្ថលេខាត្រូវបានរៀបចំឡើង ដើម្បីគាំទ្រ «គម្រោងអភិវឌ្ឍន៍ភូមិ (VDP) ជំហានទី២" ដែលជាសកម្មភាពគន្លឹះនៃ «គម្រោងកសាងភូមិសន្តិភាព តាមរយៈការអភិវឌ្ឍជនបទចម្រុះនៅកម្ពុជា»។
គម្រោងអភិវឌ្ឍន៍ភូមិ គឺជាគម្រោងអភិវឌ្ឍន៍ជនបទបែបចូលរួម ដែលប្រជាពលរដ្ឋផ្ទាល់ជាអ្នកសម្រេចចិត្ត និងអនុវត្តគម្រោងនានាដែលភូមិរបស់ពួកគេត្រូវការ។ តាមរយៈជំហានទី១ ចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២៥ ទីភ្នាក់ងារ KOICA បានកែលម្អហេដ្ឋារចនាសម្ព័ន្ធរស់នៅ រួមមាន៖ ការអប់រំ សុខាភិបាល ការផ្គត់ផ្គង់ទឹក និងផ្លូវថ្នល់ នៅក្នុងភូមិចំនួន៣០ ទូទាំងខេត្តចំនួនបី (បាត់ដំបង ប៉ៃលិន និងបន្ទាយមានជ័យ) ហើយតាមរយៈកិច្ចព្រមព្រៀងនេះ ទីភ្នាក់ងារ មានផែនការបន្តគាំទ្រគម្រោងបន្តបន្ទាប់ដែលដឹកនាំដោយប្រជាពលរដ្ឋផ្ទាល់។
នៅព្រឹកថ្ងៃទី៦ ខែឆ្នាំដដែល ពិធីសម្ពោធ «មណ្ឌលសុខភាពម៉ាឡៃ» ត្រូវបានរៀបចំឡើងនៅក្នុងខេត្តបន្ទាយមានជ័យ។ មណ្ឌលសុខភាពម៉ាឡៃ ដែលត្រូវបានសាងសង់ឡើងតាមរយៈគម្រោងអភិវឌ្ឍន៍ភូមិជំហានទី១ គឺជាបរិក្ខារដែលត្រូវបានបង្កើតឡើងរួមគ្នាដោយភូមិមួយចំនួនដែលស្តិតនៅព្រំប្រទល់រដ្ឋបាលជាមួយគ្នា។ ដោយបំពាក់ដោយបន្ទប់ពិគ្រោះជំងឺ បន្ទប់ឱសថ បន្ទប់សម្រាល បន្ទប់រង់ចាំសម្រាប់ស្ត្រីមានផ្ទៃពោះ និងបន្ទប់ចាក់វ៉ាក់សាំង មណ្ឌលសុខភាពនេះត្រូវបានរំពឹងថានឹងជួយឱ្យប្រជាពលរដ្ឋទទួលបានសេវាសុខាភិបាលមូលដ្ឋាននៅជិតផ្ទះរបស់ពួកគេ។
នៅរសៀលថ្ងៃដដែលនោះ «ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសម្ភព នៃមន្ទីរពេទ្យបង្អែកព្រះនេត្រព្រះ» ត្រូវបានរៀបចំឡើង ។ តាមរយៈ «គម្រោងការធ្វើឱ្យប្រសើរឡើងនូវគុណភាពថែទាំ ការសង្គ្រោះបន្ទាន់ផ្នែកសម្ភព និងថែទាំទារកទើបកើត នៅភូមិភាគពាយ័ព្យនៃប្រទេសកម្ពុជា (២០២៤–២០២៧)» មូលនិធិ KOFIH បានសាងសង់អគារសម្ភពមួយដែលបំពាក់ដោយបន្ទប់សម្រាល បន្ទប់វះកាត់ និងបន្ទប់ថែទាំទារក។ មូលនិធិនេះក៏បានផ្តល់ការបណ្តុះបណ្តាលពាក់ព័ន្ធផងដែរ ដើម្បីឱ្យបុគ្គលិកសុខាភិបាលអាចឆ្លើយតបបានយ៉ាងឆាប់រហ័សចំពោះករណីសង្គ្រោះបន្ទាន់ផ្នែកសម្ភព។
លោក Junmo Kim នាយកអង្គការ KOICA ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា «ព្រឹត្តិការណ៍នេះបង្ហាញថា សមិទ្ធផលនៃការអភិវឌ្ឍជនបទដែលកើតចេញពីការចូលរួមផ្ទាល់របស់ប្រជាពលរដ្ឋ កំពុងនាំទៅរកការផ្លាស់ប្តូរជាក់ស្តែងនៅក្នុងជីវភាពប្រចាំថ្ងៃរបស់ពួកគេ ដូចជាការទទួលបានសេវាថែទាំសុខភាពកាន់តែប្រសើរជាដើម»។
លោកបានបន្ថែមថា «យើងនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា និងស្ថាប័នពាក់ព័ន្ធ ដើម្បីបង្កើតលទ្ធផលអភិវឌ្ឍន៍ប្រកបដោយចីរភាព និងបរិយាបន្ន ដែលប្រជាពលរដ្ឋអាចទទួលអារម្មណ៍ដឹងយ៉ាងពិតប្រាកដ»។
លោកបណ្ឌិត Changyoung Kim ឯកអគ្គរដ្ឋទូត បានថ្លែងថា «ព្រឹត្តិការណ៍រួមគ្នានេះ គឺជាឱកាសដ៏មានអត្ថន័យដែលស្ថិតក្រោម "K-Initiative" បេសកកម្មការទូតប្រចាំនៅបរទេស និងភ្នាក់ងារអនុវត្តគម្រោង ODA បានសហការគ្នាជាក្រុមតែមួយ ដើម្បីបង្ហាញពីសមិទ្ធផល និងឧត្តមភាពនៃជំនួយ ODA របស់កូរ៉េនៅលើទីលានជាក់ស្តែង»។
លោកបានបន្តថា៖ «តាមរយៈការគាំទ្រជាបន្តបន្ទាប់លើគម្រោងអភិវឌ្ឍន៍ភូមិជំហានទី២ ការកែលម្អហេដ្ឋារចនាសម្ព័ន្ធជនបទ និងការកើនឡើងនូវប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ យើងនឹងគាំទ្រយ៉ាងសកម្មដល់ការអភិវឌ្ឍប្រកបដោយចីរភាពនៅតំបន់ពាយ័ព្យនៃប្រទេសកម្ពុជា»៕













