អ្នកនាំពាក្យក្រសួងព័ត៌មាន៖ យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ជាថ្នាក់ពិសេសផ្តល់ចំណេះដឹងដល់សិស្សក្នុងការទប់ស្កាត់ព័ត៌មានមិនពិត
07-08-2026 16:42
(ឧត្តរមានជ័យ)៖ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានចាត់ទុកយុទ្ធនាការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដំណាក់កាលទី២ នៅតាមគ្រឹះស្ថានសិក្សាថា ជាថ្នាក់រៀនពិសេសដែលជួយបណ្ដុះស្មារតីសិស្សានុសិស្សឱ្យចេះត្រិះរិះពិចារណា និងទប់ស្កាត់ព័ត៌មានក្លែងក្លាយបានយ៉ាងមានប្រសិទ្ធភាព។
ការថ្លែងបែបនេះ របស់អ្នកនាំពាក្យក្រសួងព័ត៌មានបានធ្វើឡើងក្នុងយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ជំហានទី២ នៅវិទ្យាល័យបន្ទាយអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦។ កម្មវិធីនេះមានការចូលរួមពីលោក ចាន់ សុភាព អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន, លោក ម៉េត មាសភក្តី អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តឧត្តរមានជ័យ ព្រមទាំងមានការចូលរួមពីមន្ត្រីពាក់ព័ន្ធ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជិត ៥០០នាក់។
លោក ទេព អស្នារិទ្ធ បានបន្តថា យុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ជំហានទី២ គឺជា «ថ្នាក់រៀនពិសេស» ក្រៅប្រព័ន្ធសិក្សាទូទៅ ដែលផ្ដល់ចំណេះដឹងសំខាន់ៗបន្ថែមទៀតក្នុងការទប់ស្កាត់ព័ត៌មានមិនពិត ឬព័ត៌មានក្លែងក្លាយ នៅក្នុងបណ្ដាញសង្គមរាល់ថ្ងៃ។ យុទ្ធនាការនេះបានបំផុសស្មារតីយុវជនឱ្យយល់ដឹងពីព័ត៌មានក្លែងក្លាយ ព្រមទាំងចេះប្រើប្រាស់ស្មាតហ្វូន និងបណ្ដាញសង្គមប្រកបដោយភាពត្រឹមត្រូវ ដើម្បីគាំទ្រដល់ការសិក្សារៀនសូត្រឱ្យ កាន់តែប្រសើរឡើង ក្នុងសម័យកាលបច្ចេកវិទ្យាដ៏សម្បូរបែបនេះ។
ជាមួយគ្នានេះ លោកមិនភ្លេចឡើយពីការរំលឹកដល់យុវជន និងសាធារណជនទូទៅ ត្រូវចូលរួមធ្វើជាភ្នាក់ងារសុវត្ថិភាពព័ត៌មានសម្រាប់សង្គមជាតិ ក្រុមគ្រួសារ និងខ្លួនឯង ដោយអនុវត្តគោលការណ៍ «៣ កុំ ១ ការពារ»។
អ្នកនាំពាក្យក្រសួងព័ត៌មាន បានថ្លែងយ៉ាងដូច្នេះថា៖ «គឺយើងត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ ៣ កុំ ១ ការពារ គឺ កុំទី១៖ កុំទាន់អាលជឿ។ នៅពេលទទួលបានព័ត៌មានពីបណ្ដាញសង្គម យើងកុំទាន់អាលជឿភ្លាមៗ ប៉ុន្តែត្រូវពិនិត្យមើលសិនថា តើអ្នកណាជាអ្នកផ្ញើព័ត៌មាននោះមក។ កុំទី២៖ កុំទាន់អាលចែកចាយ។ សូមផ្ទៀងផ្ទាត់ព័ត៌មាននោះជាមួយប្រភពផ្លូវការឱ្យបានច្បាស់លាស់ជាមុនសិន។ កុំទី៣៖ កុំប្រហែស ផ្ដល់ព័ត៌មានផ្ទាល់ខ្លួនទៅឱ្យគណនី ឬប្រភពព័ត៌មានដែលគួរឱ្យសង្ស័យ និង ១ ការពារ៖ ត្រូវបង្កើនចំណេះដឹងជាប្រចាំអំពីការប្រើប្រាស់ព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ដោយប្រកាន់ខ្ជាប់ប្រភពផ្លូវការ»។
គួររំលឹកផងដែរថា សម្រាប់ខេត្តឧត្តរមានជ័យ គឺជាខេត្តទី១៤ ហើយដែលបានបន្តផ្សព្វផ្សាយយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ជំហានទី២ ។ គិតចាប់ពីថ្ងៃបើកដំណើរការជាផ្លូវការ ថ្ងៃទី១៨ ខែឧសភា រហូតដល់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារពាក់ព័ន្ធបានរៀបចំឡើងនៅតាមវិទ្យាល័យ និងអនុវិទ្យាល័យចំនួន ៤០ហើយ។ ក្រសួងព័ត៌មាន មានផែនការបន្តពង្រីកយុទ្ធនាការនេះឱ្យគ្របដណ្តប់គ្រប់រាជធានី-ខេត្តទូទាំងប្រទេស នៅក្នុងឆ្នាំ២០២៦នេះ៕

























