រដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញបើកសិក្ខាសាលាថ្នាក់ជាតិ ស្ដីពីការបើកដំណើរការគម្រោងកសាងផែនការមេអាងទន្លេ ដែលមានភាពធន់នៅកម្ពុជា ដំណាក់កាលទី១
07-08-2026 17:30
(ភ្នំពេញ)៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកសិក្ខាសាលាថ្នាក់ជាតិ ស្ដីពីការបើកដំណើរការ គម្រោងកសាងផែនការមេអាងទន្លេ ដែលមានភាពធន់នៅកម្ពុជា ដំណាក់កាលទី១ (CRRBM_Phase1) នៅសណ្ឋាគារសាន់&មូនរីវើសាយ រាជធានីភ្នំពេញ ដោយមានវត្តមានចូលរួមពីលោកស្រី Yasmin Siddiqi នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេសកម្ពុជា។
គម្រោងកសាងផែនការមេអាងទន្លេ ដែលមានភាពធន់នៅកម្ពុជា បានអនុវត្តក្រោមជំនួយបច្ចេកទេសរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្នុងក្របខណ្ឌនៃគំនិតផ្ដួចផ្ដើមអាងទន្លេ ដែលមានភាពធន់។
គម្រោងនេះ នឹងធ្វើការវាយតម្លៃរយៈពេលវែងលើសន្ដិសុខទឹក និងការគ្រប់គ្រងអាងទន្លេដោយពិនិត្យមើលបញ្ហាប្រឈមបច្ចុប្បន្ន និងទៅអនាគត ស្វែងរកហានិភ័យពីការប្រែប្រួល អាកាសធាតុ និងគ្រោះមហន្តរាយធម្មជាតិ ព្រមទាំងបង្កើតកម្មវិធី និងដំណោះស្រាយដែលអាចអនុវត្តបាន ដើម្បីពង្រឹងគោលនយោបាយ ក្របខណ្ឌ ស្ថាប័ន សមត្ថភាព និងការវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធ ហើយដែលនៅដំណាក់កាលទី១នេះ ការងារគឺផ្ដោតលើបណ្ដុំអាងទន្លេមេ (ស្ទឹង) ចំនួន១១ នៃបឹងទន្លេសាប។
លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការរៀបចំផែនការមេអាងទន្លេ គឺផ្តល់ឱកាសឱ្យយើងយល់ដឹងស៊ីជម្រៅលើអាងទន្លេទាំងមូល មើលឃើញពីសក្តានុពលធនធានទឹក តម្រូវការនាពេលអនាគត ទិដ្ឋភាពបរិស្ថាន និងទំហំវិនិយោគ មុនពេលការសម្រេចចិត្តណាមួយត្រូវបានធ្វើឡើង។
លោករដ្ឋមន្ត្រី បានបន្ថែមថា គម្រោងនេះ ជាជំហានដ៏មានសារៈសំខាន់ ដែលនឹងផ្ដល់ជូនរាជរដ្ឋាភិបាល នូវមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការរៀបចំផែនការគ្រប់គ្រង និងផែនការវិនិយោគសម្រាប់អាងទន្លេនីមួយៗនាពេលអនាគត។
ជាចុងក្រោយ លោករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យភាគីពាក់ព័ន្ធទាំងអស់ចូលរួមយ៉ាងសកម្ម និងប្រកបដោយភាពបើកចំហក្នុងដំណើរការនេះ ព្រមទាំងចូលរួមចែករំលែកបទពិសោធន៍ លើកឡើងពីក្តីកង្វល់ និងពិភាក្សាផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមក ប្រកបដោយស្មារតីស្ថាបនា ដើម្បីជួយពង្រឹងផែនការមេចុងក្រោយឱ្យកាន់តែមានភាពរឹងមាំ មានភាពប្រាកដនិយម អាចអនុវត្តបាន ហើយឆ្លើយតបបានយ៉ាងពិតប្រាកដទៅនឹងអាទិភាពរបស់ប្រទេសកម្ពុជា៕








































