Fresh Exclusive: ហេតុអ្វីអ្នកជំនាញព្រំដែនថៃ Surachart Bamrungsuk ប្រើពាក្យ «ស្វាដោះសំណាញ់» រិះគន់ ដល់រដ្ឋាភិបាលថៃខ្លួនឯង? (Video inside)
07-08-2026 17:45
(ភ្នំពេញ)៖ អ្នកជំនាញព្រំដែនថៃ លោក ស៊ូរ៉ាឆាត បំរុងស៊ុក បានបន្តរិះគន់រដ្ឋាភិបាលថៃរបស់ខ្លួន ជុំវិញការដោះស្រាយជម្លោះជាមួយកម្ពុជា។ តាមការវាយតម្លៃរបស់លោក ការដោះស្រាយរបស់ រដ្ឋាភិបាលថៃ កំពុងធ្វើឱ្យបញ្ហាកាន់តែស្មុគស្មាញ។ លើកនេះ លោកបានប្រើពាក្យមួយចំអក ចំៗថា «ស្វាដោះសំណាញ់»។ តើពាក្យនេះមានន័យបង្កប់អ្វី ហើយហេតុអ្វី លោក Surachart យកវាមករិះគន់រដ្ឋាភិបាលថៃ?
Fresh Exclusive មានអត្ថបទអត្ថាធិប្បាយស៊ីជម្រៅមួយជុំវិញបញ្ហានេះ៖
នៅពេលសំណាញ់មួយ ចងជាប់រញ៉េរញ៉ៃ អ្នកដែលចេះដោះ ត្រូវរកឱ្យឃើញថា ខ្សែណាជាប់នឹងខ្សែណា ហើយដោះវាម្តងមួយៗដោយប្រុងប្រយ័ត្ន។ ប៉ុន្តែបើទាញខ្សែនេះម្តង ទាញខ្សែនោះម្តង ដោយមិនដឹងថា កំពុងដោះពីចំណុចណា ទីបំផុត សំណាញ់អាចមិនត្រឹមតែមិនរលុងទេ ប៉ុន្តែកាន់តែជាប់ និងពិបាកដោះជាងមុន។
រូបភាពនេះហើយ ដែលអ្នកជំនាញព្រំដែនថៃ លោក Surachart Bamrungsuk យកមកប្រៀបធៀបនឹងរបៀបដែលរដ្ឋាភិបាលថៃ កំពុងដោះស្រាយជម្លោះជាមួយកម្ពុជា។ ក្នុងអត្ថបទចេញផ្សាយតាម Matichon Weekly ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ លោកបានប្រើឃ្លាដ៏ចាក់ចំមួយថា «ស្វាដោះសំណាញ់» ដើម្បីព្រមានថា ការព្យាយាមដោះបញ្ហាមួយរបស់រដ្ឋាភិបាលថៃ អាចកំពុងបង្កើតបញ្ហាថ្មីមួយទៀត រហូតធ្វើឱ្យជម្លោះដែលមានស្រាប់កាន់តែស្មុគស្មាញ។
ប៉ុន្តែ «ស្វាដោះសំណាញ់» ក្នុងន័យរបស់ Surachart មិនមែនជាការហៅបុគ្គលណាម្នាក់ថាជា «ស្វា» នោះទេ។ វាជារូបប្រៀបធៀបនយោបាយ ដែលស្នូលរបស់វាស្ថិតនៅលើសំណួរមួយ៖ តើរដ្ឋាភិបាលថៃ កំពុងរកផ្លូវចេញពីជម្លោះជាមួយកម្ពុជា ឬការសម្រេចចិត្តមួយចំនួនរបស់ខ្លួនកំពុងធ្វើឱ្យផ្លូវចេញនោះ កាន់តែចង្អៀតខ្លាំងឡើយ?
នេះជាចំណុចសំខាន់ដែលលោក Surachart ព្យាយាមពន្យល់ តាមរយៈបញ្ហាផែនទី MOU ឆ្នាំ២០០១ យន្តការ JBC ដំណើរការសម្រុះសម្រួលដោយបង្ខំUNCLOS និងហានិភ័យនៃការផ្ទុះសង្គ្រាមជាថ្មី។
ក្នុងទស្សនៈរបស់លោក បញ្ហាទាំងនេះ មិននៅដាច់ពីគ្នាទេ ប៉ុន្តែប្រៀបដូចជាខ្សែជាច្រើននៅក្នុងសំណាញ់តែមួយ ដែលការទាញខុសខ្សែមួយ អាចធ្វើឱ្យសំណាញ់ទាំងមូលកាន់តែរញ៉េរញ៉ៃ។
ផែនទី៖ នៅពេលជំហរនយោបាយក្នុងស្រុក ប្រឈមនឹងច្បាប់លើឆាកអន្តរជាតិ ចំណុចដែលលោក Surachart រិះគន់ខ្លាំងជាងគេ គឺការប្រកាសរបស់រដ្ឋាភិបាលថៃថា នឹងបន្តប្រកាន់យកផែនទីយោធាខ្នាត ១:៥០ ០០០។
បញ្ហាសម្រាប់លោក Surachart មិនមែនគ្រាន់តែជាការប្រកួតគ្នារវាងផែនទីខ្នាត ១:៥០ ០០០ និង ១:២០០ ០០០ នោះទេ។ សំណួររបស់លោក មានជម្រៅជាងនេះ៖ តើផែនទីណាមានមូលដ្ឋាន និងតួនាទីអ្វីក្នុងការកំណត់ព្រំដែន ហើយតើផែនទីណាអាចយកទៅការពារជំហររបស់រដ្ឋមួយនៅក្នុងក្របខ័ណ្ឌច្បាប់អន្តរជាតិបាន?
លោក Surachart អះអាងថា ផែនទីយោធាខ្នាត ១:៥០ ០០០ មិនអាចយកមកប្រើជាមូលដ្ឋានផ្លូវច្បាប់សម្រាប់កំណត់ខ្សែព្រំដែនបានទេ ហើយថែមទាំងលើកឡើងថា នៅគែមផែនទីផ្ទាល់ ក៏មានការបញ្ជាក់ពីកម្រិតនៃការប្រើប្រាស់របស់វាផងដែរ។
នេះហើយជាកន្លែងដែលពាក្យ «ស្វាដោះសំណាញ់» ចាប់ផ្តើមមានអត្ថន័យ។
តាមទស្សនៈរបស់លោក Surachart ជំហរមួយ អាចមានប្រសិទ្ធភាពក្នុងនយោបាយក្នុងស្រុក ព្រោះវាអាចធ្វើឱ្យក្រុមជាតិនិយមថៃមានអារម្មណ៍ថា រដ្ឋាភិបាលថៃកំពុងឈររឹងមាំ។ ប៉ុន្តែភាពរឹងមាំក្នុងនយោបាយក្នុងស្រុក មិនមានន័យស្វ័យប្រវត្តិថា ជំហរនោះនឹងរឹងមាំដូចគ្នានៅលើឆាកអន្តរជាតិឡើយ។
ការទូតអន្តរជាតិ មិនវាស់ថា អ្នកណានិយាយខ្លាំងជាងគេទេ។ វាវាស់លើអំណះអំណាង ភស្តុតាង ឯកសារ សន្ធិសញ្ញា ការអនុវត្តរបស់រដ្ឋ និងក្របខ័ណ្ឌច្បាប់ដែលពាក់ព័ន្ធ។
ហេតុនេះ សារព្រមានទីមួយរបស់ Surachart គឺ៖ បើរដ្ឋាភិបាលយកអ្វីដែលអ្នកគាំទ្រក្នុងស្រុកចង់ឮឬចង់បាន មកជំនួសអ្វី ដែលអាចការពារបាននៅលើឆាកអន្តរជាតិ នោះការទទួលបានពិន្ទុនយោបាយរយៈពេលខ្លីក្នុងស្រុក អាចនាំឱ្យខាតបង់តម្លៃយុទ្ធសាស្ត្ររបស់ថៃនៅខាងក្រៅ ប្រទេស។
*MOU ឆ្នាំ២០០១៖ បិទផ្លូវមួយ ហើយស្នើឱ្យភាគីម្ខាងត្រឡប់មកផ្លូវដដែល?
ចំណុចទីពីរ ដែលធ្វើឱ្យរូបប្រៀបធៀប «ស្វាដោះសំណាញ់» កាន់តែច្បាស់ គឺបញ្ហា MOU ឆ្នាំ២០០១ ពាក់ព័ន្ធនឹងដែនសមុទ្រ។
លោក Surachart លើកឡើងថា ថៃបានប្រកាសលុបចោល MOU ឆ្នាំ២០០១ ដែលធ្លាប់ជាក្របខ័ណ្ឌសម្រាប់ដំណើរការចរចាទ្វេភាគីជាមួយកម្ពុជា។ ប៉ុន្តែក្រោយមក ភាគីថៃបែរជាលើកឡើងថា កម្ពុជាគួរត្រឡប់មកចរចាទ្វេភាគីជាមុនសិន មុននឹងប្រើយន្តការសម្រុះសម្រួលដោយបង្ខំក្រោមអនុសញ្ញា UNCLOS។
តាមតក្កវិជ្ជារបស់លោក Surachart នេះជាភាពមិនស៊ីសង្វាក់គ្នា រវាង សកម្មភាព និងជំហរ របស់រដ្ឋាភិបាលថៃ៖ ម្ខាង ថៃបានបិទក្របខ័ណ្ឌចរចាទ្វេភាគីដែលមានស្រាប់ ប៉ុន្តែម្យ៉ាងទៀត បែរជាចង់ឱ្យកម្ពុជាត្រឡប់មកប្រើផ្លូវទ្វេភាគីដដែល។
ប្រសិនបើរដ្ឋមួយជាអ្នកដកខ្លួនចេញពីក្របខ័ណ្ឌចរចាមួយដោយខ្លួនឯង រដ្ឋនោះក៏ត្រូវរំពឹងថា ភាគីម្ខាងទៀត អាចស្វែងរកយន្តការផ្សេង ដើម្បីបន្តដោះស្រាយបញ្ហា។ ព្រោះការបិទយន្តការមួយ មិនមានន័យថា បញ្ហាដែលយន្តការនោះធ្លាប់ដោះស្រាយ ត្រូវបាត់ទៅជាមួយគ្នានោះទេ។ ផ្ទុយទៅវិញ បញ្ហានោះអាចត្រូវផ្លាស់ពីវេទិកាមួយ ទៅរកវេទិកាមួយផ្សេងទៀត។
នេះជាអត្ថន័យមួយទៀតនៃ «សំណាញ់» ក្នុងរូបប្រៀបធៀបរបស់លោក Surachart៖ ខ្សែនីមួយៗមិននៅដាច់ពីគ្នាទេ ប៉ុន្តែចងភ្ជាប់គ្នា។
MOU ភ្ជាប់ទៅនឹងការចរចាទ្វេភាគី។ ការចរចាទ្វេភាគី ភ្ជាប់ទៅនឹងជម្រើសនៃយន្តការដោះស្រាយជម្លោះ។ ហើយនៅពេលយន្តការមួយត្រូវបានបិទ ភាគីម្ខាងទៀត អាចងាកទៅរកយន្តការផ្លូវច្បាប់អន្តរជាតិផ្សេង ដើម្បីបន្តស្វែងរកដំណោះស្រាយ។
ដូច្នេះ សារព្រមានទីពីររបស់លោក Surachart គឺ៖ ការបិទផ្លូវមួយ ដោយមិនគិតថាភាគីម្ខាងទៀត នឹងដើរទៅផ្លូវណាបន្ទាប់ អាចមិនធ្វើឱ្យបញ្ហារួញតូចចុះទេ ប៉ុន្តែបែរជាធ្វើឱ្យ «សំណាញ់» នៃជម្លោះ កាន់តែមានខ្សែច្រើន និងកាន់តែពិបាកដោះ។
*JBC និងការសម្រុះសម្រួល៖ បញ្ហាមិនបាត់ទេ នៅពេលទ្វារមួយត្រូវបិទក៏ដោយ
ចំណុចបន្ទាប់ដែលលោក Surachart លើកឡើង គឺការបែងចែកឱ្យច្បាស់រវាង ជម្លោះព្រំដែនគោក និងបញ្ហាដែនសមុទ្រ ដែលមានយន្តការដោះស្រាយខុសគ្នា។
លោកកត់សម្គាល់ថា នៅពេលមន្ត្រីថៃ លើកឡើងពីការដោះស្រាយបញ្ហាសមុទ្រជាមុន ខណៈបញ្ហាព្រំដែនគោកនៅមិនទាន់មានទិសដៅច្បាស់លាស់ នោះសំណួរមួយក៏កើតឡើងថា៖ តើរដ្ឋាភិបាលថៃ នៅតែបើកទ្វារសម្រាប់យន្តការគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក ឬ JBC ដែរឬទេ?
ក្នុងការវិភាគរបស់លោក Surachart បញ្ហាសមុទ្រ និងបញ្ហាព្រំដែនគោក មិនគួរត្រូវយកមកលាយបញ្ចូលគ្នាឡើយ។ បញ្ហាព្រំដែនគោក មាន JBC ជាយន្តការទ្វេភាគីសម្រាប់ពិភាក្សា ខណៈបញ្ហាដែនសមុទ្របានឈានទៅរកដំណើរការសម្រុះសម្រួលដោយបង្ខំក្រោមអនុសញ្ញា UNCLOS។
ហេតុនេះ បើការងាររបស់ JBC ជាប់គាំង ខណៈដំណើរការសម្រុះសម្រួលលើបញ្ហាសមុទ្រក៏ត្រូវការពេលវេលា នោះជម្លោះថៃ-កម្ពុជា អាចស្ថិតក្នុងភាពមិនច្បាស់លាស់ កាន់តែយូរ។ ក្នុងន័យនេះ ការបិទ ឬទុកឱ្យយន្តការមួយជាប់គាំង មិនបានធ្វើឱ្យបញ្ហាដែលនៅសេសសល់បាត់ទៅជាមួយនោះទេ។
ចំណុចនេះនាំទៅរកអត្ថន័យយុទ្ធសាស្ត្រសំខាន់មួយ៖ ការមិនដោះស្រាយបញ្ហា មិនមានន័យថា បញ្ហានោះត្រូវបានគ្រប់គ្រងរួចហើយនោះទេ។
ពេលវេលាក៏មិនមែនជាឱសថសម្រាប់ជម្លោះគ្រប់ប្រភេទដែរ។ ប្រសិនបើមូលហេតុស្នូលនៃជម្លោះមិនត្រូវបានដោះស្រាយ ភាគីទាំងពីរនៅតែប្រកាន់ជំហរផ្ទុយគ្នា ហើយទំនុកចិត្តនៅតែមានកម្រិតទាប ការអូសបន្លាយពេលអាចមិនធ្វើឱ្យជម្លោះស្ងប់ទៅវិញទេ ប៉ុន្តែអាចបង្កើនភាពមិនប្រាកដប្រជា និងហានិភ័យនៃការប្រឈមមុខជាថ្មី។
នេះហើយជាកន្លែងដែលរូបប្រៀបធៀប «ស្វាដោះសំណាញ់» របស់លោក Surachart ឈានពីបញ្ហាការទូត ទៅកាន់បញ្ហាសន្តិសុខ៖ បើផ្លូវចរចាមួយជាប់គាំង ផ្លូវច្បាប់មួយត្រូវការពេលវេលា ហើយជម្លោះមូលដ្ឋាននៅតែមិនទាន់ដោះស្រាយ នោះចន្លោះរវាង «គ្មានដំណោះស្រាយ» និង «ការប្រឈមមុខជាថ្មី» អាចកាន់តែចង្អៀត។
ដូច្នេះ សារព្រមានទីបីរបស់លោក Surachart គឺ៖ ការទុកបញ្ហាឱ្យអូសបន្លាយ មិនមែនជាដំណោះស្រាយនោះទេ។ បើទ្វារនៃយន្តការដោះស្រាយ កាន់តែតិច ខណៈជម្លោះនៅតែមាន នោះ «សំណាញ់» មិនត្រឹមតែកាន់តែពិបាកដោះទេ ប៉ុន្តែអាចបង្កើនហានិភ័យឱ្យវិបត្តិនយោបាយ និងការទូត ប្រែក្លាយទៅជាវិបត្តិសន្តិសុខ។
*«សង្គ្រាមជុំទី៣»៖ ការព្រមានធ្ងន់បំផុតរបស់ Surachart
នៅចុងអត្ថបទ លោក Surachart ឈានពីការរិះគន់បញ្ហាផែនទី និងការទូត ទៅដល់ការព្រមានអំពីសង្គ្រាមដោយផ្ទាល់។ លោកលើកឡើងថា រដ្ឋាភិបាលថៃ គួរទទួលស្គាល់ថា «សង្គ្រាមជុំទី៣» មិនអាចផ្តល់ផលចំណេញផ្នែកយុទ្ធសាស្ត្រដល់ថៃឡើយ ហើយផ្ទុយទៅវិញ អាចធ្វើឱ្យថៃកាន់តែចាញ់ប្រៀបនៅលើវេទិកាអន្តរជាតិ។
ការព្រមាននេះមានអត្ថន័យធំជាងពាក្យថា «កុំធ្វើសង្គ្រាម»។ លោក Surachart កំពុងព្រមានចំពោះគំនិតដែលថា នៅពេលការទូតដោះស្រាយបញ្ហាមិនចេញ កម្លាំងយោធាអាចជាផ្លូវចេញ។ តាមការវាយតម្លៃរបស់លោក វាអាចផ្តល់លទ្ធផលផ្ទុយទៅវិញ ព្រោះសង្គ្រាមអាចបន្ថែមការបាត់បង់ជីវិត ការខូចខាត ការផ្លាស់ទីប្រជាជន និងសម្ពាធអន្តរជាតិ ពីលើបញ្ហាដែលមានស្រាប់។
លោកក៏ព្រមានកុំឱ្យ កងទ័ពក្លាយជាជនរងគ្រោះនៃចរន្តជាតិនិយម។ ប្រសិនបើការប្រើកម្លាំងមិនទទួលបានលទ្ធផលដូចការរំពឹងទុក កងទ័ពអាចបែរជាក្លាយជាអ្នកទទួលកំហុសពីការសម្រេចចិត្តរបស់អ្នកនយោបាយ។
នៅពីក្រោយការព្រមាននេះ គឺជាការរិះគន់ធំបំផុតរបស់លោក Surachart៖ រដ្ឋាភិបាលថៃកំពុងផ្តល់អាទិភាពខ្លាំងពេកដល់នយោបាយក្នុងស្រុក ក្នុងការដោះស្រាយបញ្ហាអន្តរជាតិ។
ក្នុងស្រុក អ្នកនយោបាយអាចត្រូវឆ្លើយតបនឹងមតិសាធារណៈ និងចរន្តជាតិនិយម។ ប៉ុន្តែនៅលើឆាកអន្តរជាតិ ជំហររបស់រដ្ឋ ត្រូវប្រឈមនឹង ភស្តុតាង ឯកសារ កិច្ចព្រមព្រៀង ច្បាប់អន្តរជាតិ និងភាពស៊ីសង្វាក់នៃគោលនយោបាយ។
ដូច្នេះ សារព្រមានទីបួនរបស់លោក Surachart គឺ៖ ជាតិនិយមអាចជួយបង្កើតសម្ពាធឱ្យប្រើកម្លាំង ប៉ុន្តែមិនអាចធានាជ័យជម្នះបានទេ។ ហើយបើនយោបាយក្នុងស្រុកកំណត់គោលនយោបាយបរទេសខ្លាំងពេក ការព្យាយាមរកផ្លូវចេញពីជម្លោះ អាចបែរជាធ្វើឱ្យ «សំណាញ់» កាន់តែជាប់។
ហេតុអ្វីគាត់សរសេរថា «ស្វា នៅផ្លូវស្រីអយុធ្យា»?
ឃ្លាចុងក្រោយរបស់ Surachart កាន់តែចាក់ចំ នៅពេលគាត់សួរថា តើថៃនឹងបណ្តោយឱ្យ «ស្វា (នៅផ្លូវស្រីអយុធ្យា) ដោះសំណាញ់» បន្តទៀតឬយ៉ាងណា។
ការប្រើទីតាំង «ផ្លូវស្រីអយុធ្យា» ធ្វើឱ្យរូបប្រៀបមានទិសដៅនយោបាយច្បាស់ ព្រោះជាតំបន់ដែលពាក់ព័ន្ធនឹងក្រសួងការបរទេសថៃ។ វាជាការប្រើភាសាបែបចំអកដើម្បីរិះគន់ការគ្រប់ គ្រងគោលនយោបាយបរទេស និងជាពិសេសភាពស៊ីសង្វាក់រវាងអ្នកនយោបាយ និងស្ថាប័នវិជ្ជាជីវៈក្នុងក្រសួង។
នេះក៏ពន្យល់បានថា ហេតុអ្វីលោក Surachart អំពាវនាវឱ្យមន្ត្រីជំនាញក្នុងអគ្គនាយកដ្ឋានសន្ធិសញ្ញា និងច្បាប់ និងអគ្គនាយកដ្ឋានផែនទីយោធា ផ្តល់ព័ត៌មានត្រឹមត្រូវដល់ថ្នាក់ដឹកនាំ។
សាររបស់លោក គឺថា បញ្ហាដ៏ស្មុគស្មាញមិនគួរត្រូវបានដោះស្រាយដោយសេចក្តីថ្លែងការណ៍នយោបាយតែប៉ុណ្ណោះទេ ប៉ុន្តែត្រូវយកជំនាញបច្ចេកទេស ច្បាប់ និងប្រវត្តិសាស្ត្រមកដាក់នៅកណ្តាលនៃការសម្រេចចិត្ត។
សេចក្តីសន្និដ្ឋាន៖ «កាន់តែដោះ កាន់តែជាប់»
នៅទីបំផុត ពាក្យ «ស្វាដោះសំណាញ់» របស់លោក Surachart Bamrungsuk អាចបកស្រាយក្នុងន័យខ្លីថា៖ ការព្យាយាមដោះបញ្ហាដោយគ្មានយុទ្ធសាស្ត្រស៊ីសង្វាក់គ្នា អាចធ្វើឱ្យបញ្ហានោះកាន់តែពិបាកដោះ។
ក្នុងការវិភាគរបស់លោក ជម្លោះថៃ-កម្ពុជាប្រៀបដូចជាសំណាញ់ដែលមានខ្សែជាច្រើនចងភ្ជាប់គ្នា ចាប់ពីផែនទី MOU ឆ្នាំ២០០១, JBC, យន្តការច្បាប់អន្តរជាតិ រហូតដល់នយោបាយក្នុងស្រុក និងចរន្តជាតិនិយម។ ការសម្រេចចិត្តលើខ្សែមួយ អាចបង្កផលវិបាកទៅលើខ្សែមួយទៀត។
ហេតុនេះ ការព្រមានរបស់លោក Surachart មិនមែនមានន័យថា ថៃត្រូវយល់ព្រមជាមួយកម្ពុជាគ្រប់ចំណុចនោះទេ។ សាររបស់លោកគឺថា ការការពារផលប្រយោជន៍ជាតិ ត្រូវការយុទ្ធសាស្ត្រ ដែលស៊ីសង្វាក់គ្នារវាងនយោបាយ ការទូត និងច្បាប់ ជាជាងការសម្រេចចិត្តដែលអាចដោះបញ្ហាមួយ ប៉ុន្តែបង្កើតបញ្ហាមួយទៀត។
ដូច្នេះ សំណួរដែលលោក Surachart សម្រាប់ឱ្យរដ្ឋាភិបាល និងសង្គមថៃ គឺ៖ តើថៃកំពុងដោះ «សំណាញ់» នៃជម្លោះ ឬកាន់តែដោះ កាន់តែធ្វើឱ្យវាជាប់?











