ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួងចង្អៀត ដើម្បីពិភាក្សាលើគោលការណ៍ណែនាំស្តីពីការរៀបចំប្រកាស ប្រកាសអន្តរក្រសួង និងប្រកាសរួម របស់ក្រសួង ស្ថាប័ន

07-08-2026 21:03

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាអ្នកច្បាប់ និងជាប្រធានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ បានអញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួងចង្អៀត ដើម្បីពិភាក្សាលើគោលការណ៍ណែនាំស្តីពីការរៀបចំប្រកាស ប្រកាសអន្តរក្រសួង និងប្រកាសរួម របស់ក្រសួង ស្ថាប័ន ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ជារដ្ឋមន្ត្រី, រដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការក្រសួង ស្ថាប័ន និងមន្ត្រីជំនាញការងារនីតិកម្មជាច្រើនរូប។

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត មានប្រសាសន៍ថា កិច្ចប្រជុំនេះមានគោលបំណងធ្វើការពិគ្រោះយោបល់ និងប្រមូលគំនិត, ទស្សនៈ និងការតម្រង់ទិស ដើម្បីរៀបចំជាគោលការណ៍ណែនាំមួយ ពិសេសការកំណត់វិសាលភាព, គោលការណ៍, ទម្រង់ និងខ្លឹមសារ ព្រមទាំងនីតិវិធីអនុវត្ត ក្នុងការរៀបចំប្រកាស ប្រកាសអន្តរក្រសួង និងប្រកាសរួម របស់ក្រសួង ស្ថាប័ន។

ឧបនាយករដ្ឋមន្ត្រីប្រចាំការបានបន្តថា ការពិគ្រោះយោបល់ក្នុងកិច្ចប្រជុំនាថ្ងៃនេះ អាចចាត់ទុកថា ជាការចាប់ផ្តើមមួយ ដើម្បីពង្រឹងសណ្តាប់ធ្នាប់គតិយុត្ត និងសណ្តាប់ធ្នាប់ស្ថាប័ន ដែលនឹងនាំទៅដល់ការធានាបាននូវសន្តិសុខគតិយុត្ត ជាពិសេសការគិតគូរដល់ផលប៉ះពាល់ជាវិជ្ជមានលើជីវភាពរស់នៅរបស់ប្រជាជន ធុរជន និងវិនិយោគិន ក៏ដូចជាសេដ្ឋកិច្ចមូលដ្ឋាន។

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត មានប្រសាសន៍បន្ថែមថា អនុក្រឹត្យលេខ១៧០ អនក្រ.បក ចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ស្តីពីការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំស្តីពីនីតិវិធីនិងវិធាននៃការតាក់តែងសេចក្តីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត គឺជាគោលការណ៍ណែនាំមួយ ផ្តោតលើវិធាននៃទម្រង់ (format) វិធាន និងនីតិវិធីក្នុងការតាក់តែងសេចក្តីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្ត។ ប៉ុន្តែគោលការណ៍ណែនាំនេះ មិនទាន់កំណត់គោលការណ៍ធំៗ ក្នុងការរៀបចំខ្លឹមសារសេចក្តីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្តនៅឡើយ ដែលនេះជាជំហានទៅមុខមួយទៀតដែលត្រូវធ្វើ ក្នុងក្របខ័ណ្ឌនៃការកែទម្រង់ច្បាប់។

ឧបនាយករដ្ឋមន្ត្រីប្រចាំការបន្តថា ប្រកាសក៏ជាលិខិតបទដ្ឋានគតិយុត្តមួយដែរ ដែលចាំបាច់ត្រូវមានគោលការណ៍ណែនាំក្នុងការរៀបចំ។ កន្លងមក ការចេញប្រកាសរបស់ក្រសួង ស្ថាប័ន ក៏នៅមានភាពប្រទាំងប្រទើសលើសមត្ថកិច្ច និងមានផលប៉ះពាល់អវិជ្ជមានខ្លះដល់ជីវភាពប្រជាជន ធុរកិច្ច អាជីវកម្ម និងប្រសិទ្ធភាពសេដ្ឋកិច្ចផងដែរ។ ដូចនេះ កិច្ចពិភាក្សារបស់យើងនាថ្ងៃនេះ ត្រូវផ្តោតជាសំខាន់ទៅលើភាពចាំបាច់នៃការចេញប្រកាស, នីត្យានុកូលភាព និងបច្ច័យទៅលើសង្គម សេដ្ឋកិច្ច និងប្រជាជន ហើយជាពិសេសវិសាលភាពសម្រាប់អនុវត្ត ដែលគ្របដណ្តប់តែទៅលើវិស័យសំខាន់ៗតែប៉ុណ្ណោះ។ ការកំណត់បាននូវគោលការណ៍វិសាលភាព វិធាន និងនីតិវិធីក្នុងការចេញប្រកាស នឹងធានាបាននូវសណ្តាប់ធ្នាប់គតិយុត្ត ដែលជាមូលដ្ឋានគ្រឹះនាំឱ្យមានសណ្តាប់ធ្នាប់ស្ថាប័ន និងអាចដោះស្រាយបញ្ហាជីវភាពប្រជាជន សង្គម និងសេដ្ឋកិច្ច ជាពិសេសធានាបាននូវការកាត់បន្ថយការជាន់សមត្ថកិច្ច និងបង្កើនសង្គតិភាព និងប្រសិទ្ធភាពនៃការអនុវត្តលិខិតបទដ្ឋានគតិយុត្ត ព្រមទាំងកាត់បន្ថយផលប៉ះពាល់ជាអវិជ្ជមានមកលើប្រជាជន និងធុរកិច្ច។

អង្គប្រជុំបានធ្វើការពិភាក្សាយ៉ាងផុលផុសលើគោលការណ៍ និងវិសាលភាព ក្នុងការកំណត់ប្រភេទប្រកាសណាដែលត្រូវឆ្លងកាត់ការពិនិត្យនីត្យានុកូលភាព ចៀសវាងការអនុវត្តដោយភាពស្រពេចស្រពិល។ ជារួម អង្គប្រជុំបានកុងសង់ស៊ីសលើការរៀបចំគោលការណ៍ណែនាំ ក្នុងការរៀបចំប្រកាស ប្រកាសអន្តរក្រសួង និងប្រកាសរួម របស់ក្រសួង ស្ថាប័ន ដោយត្រូវផ្អែកលើទិដ្ឋភាពសំខាន់ៗចំនួន៣៖ នីត្យានុកូលភាព ភាពចាំបាច់ និងការគិតគូរថ្លឹងថ្លែងផលប៉ះពាល់ដល់ជីវភាពប្រជាជន និងធុរកិច្ច ជាពិសេសការកំណត់វិសាលភាពអនុវត្តចំពោះប្រភេទប្រកាសដែលទាក់ទងនឹងការវិនិយោគ អាជីវកម្ម និងសេវាសាធារណៈ គឺជាបញ្ហាគន្លឹះក្នុងការដោះស្រាយបញ្ហាជីវភាពរបស់ប្រជាជននិងធុរកិច្ច ដែលរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ខ្ពស់ ហើយក៏បញ្ហាដែលប្រជាជនលើកឡើងពីក្តីបារម្ភលើបន្ទុកធុរកិច្ចផងដែរ។

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានផ្តល់ការណែនាំឱ្យបង្កើតក្រុមការងារចង្អៀតឯកទេសមួយ ដើម្បីសិក្សា និងតាក់តែងសេចក្តីណែនាំឱ្យឆ្លើយតបទៅតាមការចង់បានរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី និងស្របតាមស្មារតីនៃអង្គប្រជុំ លើកិច្ចការងារនេះ។