រដ្ឋបាលខេត្តកណ្ដាល ទទួលបានជំនួយថ្នាំមូស ១០០កេស ពីក្រុមហ៊ុន LANJU Cambodia ទុកចែកជូនវីរកងទ័ពជួរមុខនៅមុំបី

07-08-2026 21:52

(ភ្នំពេញ)៖ ក្នុងស្មារតីស្នេហាជាតិ និងការចូលរួមចំណែកក្នុងសកម្មភាពសង្គម ក្រុមហ៊ុន LANJU Cambodia បានឧបត្ថម្ភថ្នាំមូសចំនួន ១០០កេស ដែលមានតម្លៃសរុបប្រមាណ ២,៥០០ ដុល្លារអាមេរិក ដល់រដ្ឋបាលខេត្តកណ្ដាល ដើម្បីចែកជូនដល់វីរកងទ័ពជួរមុខនៅមុំបី ដែលកំពុងឈរជើងបំពេញបេសកកម្មការពារអធិបតេយ្យភាពជាតិតាមបណ្តោយព្រំដែន។

អំណោយនេះមិនត្រឹមតែជាសម្ភារៈប្រើប្រាស់សម្រាប់ជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃរបស់កងទ័ពប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបង្ហាញពីទឹកចិត្តគាំទ្រ និងការចូលរួមរបស់វិស័យឯកជនចំពោះកងកម្លាំងជួរមុខ ដែលកំពុងបំពេញភារកិច្ចដ៏សំខាន់សម្រាប់ប្រទេសជាតិ។

ក្នុងឱកាសទទួលអំណោយនាថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦នេះ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានថ្លែងអំណរគុណដល់ក្រុមហ៊ុន LANJU Cambodia ចំពោះទឹកចិត្តសប្បុរសធម៌ និងការចូលរួមចំណែកជួយគាំទ្រដល់វីរកងទ័ពជួរមុខ។

លោក គួច ចំរើន បានបញ្ជាក់ថា អំណោយដែលទទួលបានពីសប្បុរសជន ក្រុមហ៊ុន និងប្រជាពលរដ្ឋ នឹងត្រូវរៀបចំបែងចែក និងដឹកជញ្ជូនទៅកាន់កងកម្លាំងជួរមុខ ដើម្បីឱ្យអំណោយទាំងនេះអាចប្រើប្រាស់បានទាន់ពេលវេលា និងចំគោលដៅ។

សម្រាប់ក្រុមហ៊ុន LANJU Cambodia ការឧបត្ថម្ភនេះមិនមែនគ្រាន់តែជាការផ្តល់សម្ភារៈប៉ុណ្ណោះទេ ប៉ុន្តែជាការចូលរួមចំណែកតូចមួយ ដើម្បីបង្ហាញការគាំទ្រ និងលើកទឹកចិត្តដល់វីរកងទ័ពដែលកំពុងឈរជើងបំពេញភារកិច្ចការពារអធិបតេយ្យភាពជាតិ។

ដំណាងក្រុមហ៊ុនបានបញ្ជាក់ថា ការទទួលស្គាល់ និងពាក្យថ្លែងអំណរគុណពីរដ្ឋបាលខេត្តកណ្ដាល និងជាពិសេសពី លោក គួច ចំរើន ភិបាលខេត្តកណ្ដាល គឺជាកិត្តិយស និងជាកម្លាំងចិត្តដ៏មានតម្លៃសម្រាប់ក្រុមហ៊ុនLANJU Cambodia ក្នុងការបន្តចូលរួមសកម្មភាពសង្គម ការងារមនុស្សធម៌ និងការចែករំលែកជាមួយសហគមន៍កម្ពុជា នាពេលអនាគត។

ជាមួយគ្នានេះក្រុមហ៊ុន LANJU Cambodia បានបង្ហាញក្តីសង្ឃឹមថា ការចូលរួមរបស់ខ្លួននឹងក្លាយជាផ្នែកមួយនៃការលើកទឹកចិត្តដល់វីរកងទ័ពជួរមុខ ឱ្យមានកម្លាំងចិត្ត និងភាពរឹងមាំក្នុងការបំពេញភារកិច្ច។

ក្រុមហ៊ុន LANJU Cambodia ក៏បានគោរពជូនពរដល់វីរកងទ័ពជួរមុខទាំងអស់ឱ្យមានសុវត្ថិភាព សុខភាពល្អ និងជោគជ័យក្នុងការបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តម ព្រមទាំងប្តេជ្ញាបន្តចូលរួមជាមួយប្រជាជន និងសង្គមកម្ពុជា តាមរយៈសកម្មភាពសង្គម និងការងារមនុស្សធម៌ជាបន្តបន្ទាប់ផងដែរ៕