* កម្ពុជា និងថៃ ឈានដល់ការឯកភាពលើវិធានការកសាងទំនុកចិត្ត ក្នុងកិច្ចប្រជុំផ្សះផ្សានៅទីក្រុងឡាអេ
* គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ បញ្ចប់កិច្ចប្រជុំលើកទី២ ជាមួយភាគីកម្ពុជា និងថៃ, ជុំទី៣ នឹងធ្វើនៅថ្ងៃ២៤-២៧ វិច្ឆិកាខាងមុខ ប្រទេសម៉ាឡេស៊ី
* លោក ហ្សេលេនស្គី ថា អាមេរិកបានបន្តចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ដល់អ៊ុយក្រែនឡើងវិញ ក្រោយផ្អាកមួយរយៈខ្លី
* បារាំង រងការខូចខាតយ៉ាងធ្ងន់ធ្ងរពីកុបកម្មដ៏ហិង្សា មនុស្សជាង ២,០០០ នាក់ត្រូវចាប់ខ្លួន និងប៉ូលិសជាង ៦០០ នាក់រងរបួស
* មនុស្សយ៉ាងហោច ១៧ នាក់ស្លាប់ និងរាប់សិបនាក់របួស ក្នុងហេតុការណ៍រត់ជាន់គ្នានៅពិធីបុណ្យសាសនាក្នុងប្រទេសឥណ្ឌា
* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

វិភាគអន្តរជាតិ៖ ខណៈអាមេរិក និងចិនដាក់ទណ្ឌកម្មគ្នាទៅវិញទៅមក តើជំនួបត្រាំ-ស៊ី ជីនពីង អាចនឹងកើតឡើងទេ?

08-08-2026 00:18

(ប៉េកាំង)៖ ផ្លូវឆ្ពោះទៅរកដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី ស៊ី ជីនពីង ទៅកាន់សហរដ្ឋអាមេរិកនៅខែក្រោយនេះហាក់មានភាពស្មុគស្មាញ និងលំបាកជាងអ្វីដែលទីក្រុងប៉េកាំងបានសង្ឃឹម។ នៅប៉ុន្មានសប្ដាហ៍មុនដំណើរទស្សនកិច្ចផ្លូវរដ្ឋនេះ សហរដ្ឋអាមេរិក និងចិនបានចេញវិធានការដាក់ទណ្ឌកម្មសងសឹកដាក់គ្នាទៅវិញទៅមក ដោយក្នុងនោះប៉េកាំងបានប្រកាសដាក់ចេញវិធានការជាច្រើនប្រឆាំងនឹងក្រុមហ៊ុនអាមេរិក ដើម្បីឆ្លើយតបទៅនឹងអ្វីដែលចិនចាត់ទុកថាជាការសងសឹកទៅនឹងទង្វើខុសឆ្គងរបស់សហរដ្ឋអាមេរិក។ សហរដ្ឋអាមេរិកកាលពីចុងខែកក្កដា បានដាក់ចេញបម្រាមហាមឃាត់ការនាំចូលរ៉ូបូតថ្មីៗដែលមួយភាគធំត្រូវបានផលិតនៅចិន ដាក់ទណ្ឌកម្មក្រុមហ៊ុនដឹកជញ្ជូនចិនដែលត្រូវបានចោទប្រកាន់ថាដឹកប្រេងអ៉ីរ៉ង់ ដាក់បញ្ចូលក្រុមហ៊ុនចិនជាង ៤០ នៅក្នុងបញ្ជី នៃការរំលោភបំពានសិទ្ធិមនុស្ស ព្រមទាំងបញ្ចូលសាកលវិទ្យាល័យឯកជនចិនចំនួន២ទៅក្នុងបញ្ជីខ្មៅរបស់មន្ទីរបញ្ចកោណ និងគំរាមដាក់ទណ្ឌកម្មលើក្រុមហ៊ុន AI ចិនផងដែរ។

ជាការសងសឹក ចិនកាលពីថ្ងៃទី៥ ខែសីហា បានដាក់ចេញបម្រាមលើការនាំចេញបរិក្ខារ និងបច្ចេកវិទ្យាដ្រូនទៅកាន់សហរដ្ឋអាមេរិក ហើយបានបញ្ចូលក្រុមហ៊ុនអាមេរិកចំនួន៦ ចូលក្នុងបញ្ជីខ្មៅ។

* ជម្លោះ AI
ថាតើនឹងមានរឿងអ្វីកើតឡើងតទៅទៀត វាអាស្រ័យលើថាតើសហរដ្ឋអាមេរិកនឹងចាត់វិធានការបែបណាទៀតលើការអភិវឌ្ឍបច្ចេកវិទ្យា AI របស់ចិនដែលជាបញ្ហាដ៏រសើបមួយសម្រាប់ប៉េកាំង។ ក្នុងពេលត្រឹមតែ ១៨ខែប៉ុណ្ណោះ ចិនដែលធ្លាប់តែតាមពីក្រោយសហរដ្ឋអាមេរិកយ៉ាងឆ្ងាយលើបច្ចេកវិទ្យា AI បានវិវត្តន៍ខ្លួនយ៉ាងឆាប់រហ័សជាមួយការបង្កើតកម្មវិធី AI ជាច្រើនដែលអាចប្រកួតប្រជែងនឹងកម្មវិធី AI របស់ក្រុមហ៊ុនអាមេរិកធំៗ និងកំពុងទទួលបានការចាប់អារម្មណ៍ពីអ្នកប្រើប្រាស់ជាសកល។ ក្រុមមន្ត្រីរដ្ឋបាលលោក ត្រាំ រួមទាំងក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកធំៗ បានចោទប្រកាន់ក្រុមហ៊ុនចិនថាបានលួចចម្លងបច្ចេកវិទ្យាពីសហរដ្ឋអាមេរិក និងគំរាមដាក់ទណ្ឌកម្មចិនជុំវិញការលួចកម្មសិទ្ធិបញ្ញា។ ក៏ប៉ុន្តែចិនបានទាត់ចោលការចោទប្រកាន់បែបនេះ ហើយបានជំរុញឱ្យសហរដ្ឋអាមេរិកបោះបង់ចោលនូវអ្វីដែលប៉េកាំងហៅថា «ផ្នត់គំនិតអនុរត្តភាពនិយម»។ ការដាក់ទណ្ឌកម្មណាមួយអាចនឹងត្រូវបានបកស្រាយថាជាកិច្ចប្រឹងប្រែងដើម្បីបង្អាក់ភាពរីកចម្រើននៃវិស័យសំខាន់ៗរបស់ចិន និងរំឮកប៉េកាំងឡើងវិញពីមេរៀនដ៏ជូរចត់អំពីការដាក់ទណ្ឌកម្មរបស់រដ្ឋបាលលោក ត្រាំ កាលពីអាណត្តិទី១ លើក្រុមហ៊ុនយក្សចិន Huawei។

«ប្រសិនបើសហរដ្ឋអាមេរិកដាក់ចេញបម្រាមហាមឃាត់កម្មវិធី AI របស់ចិន ដោយសំអាងលើហេតុផលសន្តិសុខជាតិ នោះវាមិនត្រឹមតែមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនអាមេរិកដែលប្រើប្រាស់បច្ចេកវិទ្យានេះប៉ុណ្ណោះទេ តែវាក៏បង្ហាញដែរថាសហរដ្ឋអាមេរិកកំពុងព្យាយាមដាក់បម្រាមមិនឱ្យក្រុមហ៊ុនផ្សេងទៀតនៅលើពិភពលោកប្រើកម្មវិធី AI ចិន។ នេះទាក់ទងនឹងទីផ្សារមានតម្លៃទ្រីលានដុល្លារ ដូច្នេះចិននឹងមិនអង្គុយនៅស្ងៀមឡើយ»។ នេះជាការលើកឡើងរបស់លោក George Chen ជាអ្នកជំនាញម្នាក់មកពីស្ថាប័ន Asia Group មានមូលដ្ឋានក្នុងទីក្រុងហុងកុង។ ចិនមានអាវុធសេដ្ឋកិច្ចជាច្រើន ក្នុងឃ្លាំងដែលអាចប្រើប្រាស់ដើម្បីដាក់សម្ពាធសេដ្ឋកិច្ច ក្នុងនោះរួមមានការបើកការស៊ើបអង្កេត និងការបញ្ចូលក្រុមហ៊ុន ឬបុគ្គលទៅក្នុងបញ្ជីខ្មៅ ហើយដែលវិធានការទាំង២នេះចិនបានប្រើប្រាស់រួចហើយក្នុងវិធានការសងសឹកត្រូវបានដាក់ចេញកាលពីថ្ងៃទី៥ ខែសីហា។ ប៉ុន្តែនិយាយពីការដាក់ទណ្ឌកម្មនេះដែរ ចិនមិនទាន់ដាក់ចេញទណ្ឌកម្មដោយផ្ទាល់ប្រឆាំងនឹងក្រុមហ៊ុនអាមេរិកធំៗ នៅឡើយទេ។

ក្រៅពីនេះ ចិននៅមានសន្លឹកបៀរដ៏សំខាន់មួយទៀត គឺការរឹតត្បិតលើការនាំចេញរ៉ែកម្រ។ រ៉ែកម្រជាទំនិញយុទ្ធសាស្ត្រមួយដែលជាប្រភពជម្លោះមួយរវាងសហរដ្ឋអាមេរិក និងចិន បើទោះជាភាគីទាំង ២បានឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មមួយកាលពីឆ្នាំ២០២៥ ក៏ដោយ។ រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក លោក Scott Bessent បានប្រាប់ Fox Business កាលពីពេលថ្មីៗនេះថា ការនាំចេញរ៉ែកម្រមិនទាន់ប្រព្រឹត្តទៅដោយរលូននៅឡើយទេ។ តាមលោក Sun Chenghao ជាមន្ត្រីជាន់ខ្ពស់ម្នាក់មកពីមជ្ឈមណ្ឌលសម្រាប់សន្តិសុខអន្តរជាតិ និងយុទ្ធសាស្ត្រនៃសាកលវិទ្យាល័យ Tsinghua ក្នុងទីក្រុងប៉េកាំង ប្រសិនបើសហរដ្ឋអាមេរិកពង្រីកការរឹតត្បិតលើបណ្ដាក្រុមហ៊ុន AI ធំៗរបសចិន ដាក់ចេញវិធានការរឹតត្បិត​ ឬបម្រាមលើវិស័យពាណិជ្ជកម្មសំខាន់ ឬក៏បន្តដាក់ចេញវិធានការបន្ថែមជាបន្តបន្ទាប់ទៀត នោះប៉េកាំងនឹងធ្វើការសន្និដ្ឋានថាការឆ្លើយតបធម្មតាៗ មិនមានប្រសិទ្ធភាពនោះទេ ហើយចិនអាចនឹងជ្រើសរើសយកវិធានការដែលអាចបង្កផលវិបាកសេដ្ឋកិច្ចធ្ងន់ធ្ងរ ដើម្បីកំញើញសហរដ្ឋអាមេរិក។

* ផ្លូវឆ្ពោះទៅកិច្ចប្រជុំកំពូលនៅខែកញ្ញា

កិច្ចប្រជុំកំពូលនៅខែកញ្ញាខាងមុខ ត្រូវបានគេមើលឃើញថាជាឱកាសមួយសម្រាប់លោក ដូណាល់ ត្រាំ និងលោក ស៊ី ជីនពីង ដើម្បីគ្រប់គ្រងជម្លោះជុំវិញ AI។ វាក៏ជាឱកាសមួយផងដែរក្នុងការពន្យារបទឈប់បាញ់ក្នុងសង្រ្គាមពាណិជ្ជកម្មដែលត្រូវបានឈានដល់កាលពីខែតុលា ឆ្នាំ២០២៥ ក៏ដូចជាពង្រឹងនូវអ្វីដែលភាគីទាំងសងខាងហៅថា «យុគសម័យមួយនៃស្ថិរភាពយុទ្ធសាស្ត្រប្រកបដោយលក្ខណៈស្ថាបនា» បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោក ត្រាំ ទៅកាន់ទីក្រុងប៉េកាំង កាលពីខែឧសភាកន្លងទៅ។ ប៉ុន្តែបកស្រាយ ឬការយល់ឃើញខុសគ្នាពីអត្ថន័យនៃយុគសម័យនេះអាចនឹងបង្កឱ្យ ភាពតានតឹងផ្ទុះឡើងជាថ្មី។

សម្រាប់ទីក្រុងវ៉ាស៊ីនតោន យុគសម័យមួយនៃស្ថិរភាពយុទ្ធសាស្ត្រប្រកបដោយលក្ខណៈស្ថាបនា គឺមានន័យថាជាការយោគយល់មួយដែលភាគីទាំង២ នឹងបន្តធ្វើការទំនាក់ទំនងគ្នា និងគ្រប់គ្រងភាពតានតឹង។ ចំណែកចិនវិញ វាជាកិច្ចព្រមព្រៀងមួយដែលសហរដ្ឋអាមេរិកមិនគួរបន្តដាក់ចេញវិធានការរឹតត្បិតជ្រុសហួសហេតុនៅក្រោមហេតុផលសន្តិសុខជាតិដូចជាការរឹតត្បិតការនាំចេញ ឬបម្រាមលើការនាំចូលនោះទេ។

តែទោះជាយ៉ាងណាក៏ដោយ អ្វីដែលសហរដ្ឋអាមេរិក និងចិន មិនអាចយល់ច្រឡំ ហើយដឹងច្បាស់ក្នុងចិត្តរៀងៗខ្លួន គឺធម្មជាតិនៃការប្រកួតប្រជែងគ្នាយូរអង្វែង។ «ទាំងចិន និងសហរដ្ឋអាមេរិកសុទ្ធតែចង់ធ្វើឱ្យភាគីម្ខាងមិនសូវបង្កការគំរាមកំហែងដល់ខ្លួនតាមដែលអាចធ្វើទៅបាន ហើយពួកគេទាំង២បានត្រៀមលក្ខណៈរួចជាស្រេចសម្រាប់សេណារីយ៉ូអាក្រក់»។ នេះជាការយល់ឃើញរបស់លោក Shen Dingli ជាអ្នកជំនាញម្នាក់ខាងទំនាក់ទំនងអន្តរជាតិមានមូលដ្ឋានក្នុងទីក្រុងសៀងហៃ។ លោកបន្ថែមថា ចិន និងសហរដ្ឋអាមេរិកបានដឹងថាការទំនាក់ទំនង និងស្ថិរភាពយុទ្ធសាស្ត្រប្រកបដោយលក្ខណៈ ស្ថាបនាអាចជួយឱ្យការប្រកួតប្រជែងមិនសូវបង្កការខូចខាត ឬខាតបង់ ហើយទប់កុំឱ្យទំនាក់ទំនងរវាងប្រទេសទាំង២ធ្លាក់ចុះដុនដាបភ្លាមៗ។ នៅសល់ជាងមួយខែទៀតរហូតដល់លោក ត្រាំ ជួបលោក ស៊ី ជីនពីង ការប្រែប្រួលណាមួយនៃបរិយាកាសនៅក្នុងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន មិនត្រឹមតែមានឥទ្ធិពលថាតើកិច្ចប្រជុំនេះអាចប្រព្រឹត្តទៅតាមការគ្រោងទុកឬក៏យ៉ាងណានោះទេ? ប៉ុន្តែក៏ប៉ះពាល់ដល់របៀបវារៈនៃកិច្ចប្រជុំកំពូលផងដែរ។

លោក Sun Chenghao យល់ថាបើទោះជាសហរដ្ឋអាមេរិកបានដើរហួសគំនូសដែលចិនចាត់ទុកថាជាបន្ទាត់ក្រហម នៅមុនដំណើរទស្សនកិច្ចរបស់លោក ស៊ី ជីនពីងក៏ដោយ ក៏វាមិនមែនមានន័យថាដំណើរទស្សនកិច្ចនឹងត្រូវបានពន្យារពេល ឬលុបចោលដោយស្វ័យប្រវត្តិនោះទេ។ ផ្ទុយទៅវិញ ទាំងសហរដ្ឋអាមេរិក និងចិន បច្ចុប្បន្នហាក់មើលឃើញថាការទូត ឬជំនួបកម្រិតកំពូលរវាងមេដឹកនាំ គឺជាយន្ដការមួយដើម្បីគ្រប់គ្រងវិបត្តិ ជាជាងជារង្វាន់មួយបានមកពីទំនាក់ទំនងល្អ។ បើតាមអ្នកជំនាញរូបនេះ សេណារីយ៉ូដែលអាចទៅរួច នោះគឺមិនមែនការលុបចោលដំណើរទស្សនកិច្ចរបស់លោក ស៊ី ជីនពីងនោះទេ ប៉ុន្តែវាអាចជាការបង្រួមរបៀបវារៈឱ្យតូច ហើយផ្តោតលើការបង្ការកុំឱ្យជម្លោះធ្លាយចេញពីការគ្រប់គ្រង៕