កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្វាយរៀង ចុះបង្ក្រាបករណីសង្ស័យឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam​s) ឃាត់ខ្លួនចំនួន៨នាក់ និងដកហូតវត្ថុតាងមួយចំនួននៅក្រុងបាវិត

08-08-2026 15:20

(ស្វាយរៀង)៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្វាយរៀង ដឹកនាំដោយ លោក ម៉ែន អេង អភិបាលរងខេត្ត និងដោយមានការសម្របសម្រួលនីតិវិធីពីលោក ចាន់ វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ បានចុះប្រតិបត្តិការធ្វើរដ្ឋបាលចំហរ លើទីតាំងសង្ស័យមានការលួចលាក់ស្នាក់នៅ ធ្វើការខុសច្បាប់ និងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ចំនួន៣ទីតាំង ស្ថិតក្នុងក្រុងបាវិត ខេត្តស្វាយរៀង។

ប្រតិបត្តិការនេះ មានការចូលរួមពីលោក រ៉េត រក្សា អភិបាលរងក្រុងបាវិត ព្រមទាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាវិត រួមមាន អធិការនគរបាលក្រុង និងកងរាជអាវុធហត្ថក្រុង។

ជាលទ្ធផលនៃការត្រួតពិនិត្យលើទីតាំងទាំង៣ ពាក់ព័ន្ធនឹងករណីសង្ស័យ ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យសរុបចំនួន៨នាក់ (ស្រី១នាក់) និងដកហូតវត្ថុតាងមួយចំនួន។

បច្ចុប្បន្ន ដោយមានការឯកភាព និងស្របតាមនីតិវិធី កម្លាំងចម្រុះបានសម្រេចបិទទីតាំងទាំងនោះជាបណ្តោះអាសន្ន ព្រមទាំងបានបញ្ជូនខ្លួនជនសង្ស័យ និងសម្ភារៈអេឡិចត្រូនិច ដកហូតបានទាំងអស់ទៅកាន់ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា ដើម្បីបន្តនីតិវិធី៕