Fresh Exclusive: តើមាន «មនុស្សក្រៅភព» Aliens មែនដែរឬទេ៖ បើមានមែន ហេតុអ្វីយើងមិនដែលឃើញ? (Video inside)

08-08-2026 15:54

(ភ្នំពេញ)៖ ខ្សែភាពយន្តតាមរោងកុន និង ការនិទានរឿងនានា តែងនិយាយអំពីមនុស្សក្រៅភព Aliens ប៉ុន្តែរហូតមកដល់បច្ចុប្បន្ន មិនទាន់មានភស្ថុតាងវិទ្យាសាស្ត្រណាមួយ ដែលអាច បញ្ជាក់ថាពូកគេពិតជាមាន ឬកំពុងរស់នៅទីណាឡើយ។

កម្មវិធី Fresh Exclusive ក្នុងសប្តាហ៍នេះ សូមលើកយកការស្វែងរកនិងការពន្យល់តាមវិទ្យាសាស្ត្រ ដើម្បីចង់ដឹងថា «តើពិតជាមានមនុស្សរស់ក្រៅភពមែនដែរទេ? ហើយហេតុអ្វីបានជាយើងមិនដែលឃើញ ពួកគេ?

នៅក្នុងអត្ថបទ Fresh Exclusive / Cosmo មុនៗ យើងបានស្វែងយល់អំពីព្រះអាទិត្យ ការបញ្ចប់នៃជីវិតលើផែនដី កាឡាក់ស៊ី ប្រហោងខ្មៅ (Black Hole) និងការផ្ទុះ Supernova ជាដើម។ អត្ថបទទាំងនោះ បានបង្ហាញថា ចក្រវាឡរបស់យើង មានទំហំធំសម្បើមលើសពីការស្រមៃរបស់មនុស្សភាគច្រើន។

ប៉ុន្តែ ទំហំដ៏មហិមានោះ ក៏នាំមកនូវសំណួរដ៏ធំបំផុតមួយរបស់មនុស្សជាតិដែរ៖ បើយើងរស់នៅក្នុងចក្រវាឡដែលមានផ្កាយរាប់សែនពាន់លាន និងភពរាប់ពាន់លាន តើយើងពិតជាជីវិតតែមួយគត់នៅ លើភពផែនដីនេះមែនដែរឬទេ?

អស់រយៈពេលជាងកន្លះសតវត្សរ៍មកនេះ អ្នកវិទ្យាសាស្ត្រ មិនបានឈប់ស្វែងរកចម្លើយជីវិតនៅក្រៅភពនោះឡើយ។ ពួកគេ បានបង្កើតតេឡេស្កុប ដ៏ធំបំផុត ការស្កេនសញ្ញាវិទ្យុពីអវកាស ការស្វែងរកភពផ្សេងណាដែលមានបរិយាកាសដូចផែនដី និងសិក្សាបរិយាកាសរបស់ពិភពឆ្ងាយៗជាច្រើនទៀត។ ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ អ្នកវិទ្យាសាស្ត្រ នៅមិនទាន់មានភស្តុតាងដែលអាចបញ្ជាក់ថា មានអរិយធម៌នៅក្រៅផែនដីសូម្បីតែមួយឡើយ។ ប៉ុន្តែ ការមិនទាន់រកឃើញភស្តុតាង មិនមានន័យថា វាមិនមាន នោះទេ។

ដូច្នេះ សំណួរដែលអ្នកវិទ្យាសាស្ត្រកំពុងព្យាយាមឆ្លើយ មិនមែនថា «តើមានមនុស្សក្រៅភព Alien ឬក៏គ្មាននោះទេ?» ។ ផ្ទុយទៅវិញ សំណួរដែលពិបាក និងជ្រាលជ្រៅជាងនេះ គឺ៖ «បើមានជីវិតនៅក្រៅភពផែនដីមែន ហេតុអ្វីបានជាយើង មិនទាន់ឃើញពួកគេ?»

សំណួរនេះ ត្រូវបានគេស្គាល់ក្នុងពិភពវិទ្យាសាស្ត្រថា Fermi Paradox ហើយបានជំរុញឱ្យមានការស្រាវជ្រាវជាច្រើនទសវត្សរ៍មកនេះ។ អត្ថបទនេះ នឹងស្វែងយល់ថា ហេតុអ្វីបានជាអ្នកវិទ្យាសាស្ត្រជាច្រើនជឿថា ប្រហែលជាមានជីវិតមនុស្សក្រៅភព នៅកន្លែងផ្សេងក្នុងចក្រវាឡ ប៉ុន្តែមនុស្សជាតិ នៅតែមិនទាន់រកឃើញភស្តុតាងច្បាស់លាស់រហូតមកដល់សព្វថ្ងៃ។

*ចក្រវាឡធំពេក ដែលពិបាកជឿថា គ្មានមនុស្សក្រៅភព
មូលហេតុដំបូងដែលអ្នកវិទ្យាសាស្ត្រ មិនបដិសេធលទ្ធភាពនៃជីវិតក្រៅផែនដី គឺដោយសារទំហំដ៏មហិមារបស់ចក្រវាឡ។

កាឡាក់ស៊ី Milky Way ដែលផែនដីរបស់យើងស្ថិតនៅ មានផ្កាយប្រមាណ ២០០ ទៅ ៤០០ ពាន់លាន។ ប៉ុន្តែ Milky Way គ្រាន់តែជាកាឡាក់ស៊ីមួយប៉ុណ្ណោះ ក្នុងចំណោមកាឡាក់ស៊ីរាប់រយពាន់លាន នៅក្នុងចក្រវាឡដែលគេមិនអាចមើលឃើញសព្វគ្រប់បានឡើយ។

ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ បេសកកម្មរបស់អង្គការ NASA ដូចជា Kepler និង TESS បានរកឃើញភពក្រៅប្រព័ន្ធព្រះអាទិត្យ (Exoplanets) រាប់ពាន់ ហើយការវិភាគស្ថិតិបង្ហាញថា ភពប្រភេទនេះ អាចមានរាប់ពាន់លាននៅក្នុង Milky Way តែមួយ។

ភពមួយចំនួន ស្ថិតនៅក្នុងអ្វីដែលអ្នកវិទ្យាសាស្ត្រហៅថា Habitable Zone ឬតំបន់ដែលសីតុណ្ហភាពអាចអនុញ្ញាតឱ្យមានទឹករាវលើផ្ទៃ។ ទឹករាវ គឺជាធាតុមូលដ្ឋានមួយ ដែលជីវិតនៅលើផែនដីត្រូវការសម្រាប់ការកើតមាន និងការវិវត្ត។

ដោយសារតែការរកឃើញទាំងនេះ អ្នកតារាវិទូអាមេ រិកលោក Frank Drake បានស្នើបង្កើត Drake Equation នៅឆ្នាំ១៩៦១ ដើម្បីប៉ាន់ប្រមាណថា អាចមានអរិយធម៌ឆ្លាតវៃប៉ុន្មាននៅក្នុងកាឡាក់ស៊ីរបស់យើង។ ទោះបីសមីការនេះ មិនអាចផ្តល់ចម្លើយច្បាស់លាស់ក៏ដោយ វាបានបង្ហាញថា សំណួរអំពីជីវិតក្រៅផែនដី អាចត្រូវសិក្សាតាមវិធីសាស្ត្រវិទ្យាសាស្ត្រ មិនមែនត្រឹមតែការស្រមើស្រមៃនោះទេ។

អ្នកវិទ្យាសាស្ត្រល្បីឈ្មោះ Carl Sagan ក៏ធ្លាប់លើកឡើងដែរថា៖ «បើចក្រវាឡដ៏ធំមហិមាបែបនេះ មានតែយើងម្នាក់ឯង នោះវានឹងជាការខ្ជះខ្ជាយលំហអវកាសដ៏អស្ចារ្យមួយនេះ»

ជាការពិត ពាក្យរបស់លោក Carl Sagan មិនមែនជាភស្តុតាងថា មាន Alien នោះទេ។ ប៉ុន្តែវាបង្ហាញពីហេតុផលដែលអ្នកវិទ្យាសាស្ត្រជាច្រើនយល់ថា ការស្វែងរកជីវិតក្រៅផែនដី គឺជាសំណួរវិទ្យាសាស្ត្រសមហេតុផលមួយ។

ទោះជាយ៉ាងណា បញ្ហាធំបំផុតមួយ នៅតែស្ថិតត្រង់ថា បើចក្រវាឡ មានឱកាសខ្ពស់សម្រាប់ការកើតមានជីវិតមែន ហេតុអ្វីបានជារហូតមកដល់សព្វថ្ងៃ យើងនៅតែមិនទាន់ឃើញអរិយធម៌ណាមួយ?

សំណួរនេះហើយ ដែលនាំឱ្យកើតមាន Fermi Paradox ដែលនឹងត្រូវពន្យល់នៅក្នុងផ្នែកបន្ទាប់។

*Fermi Paradox៖ បើមាន Alien មែន ហេតុអ្វីយើងមិនទាន់ឃើញពួកគេ?
នៅរដូវក្តៅឆ្នាំ១៩៥០ អ្នករូបវិទ្យាជនជាតិអ៊ីតាលី Enrico Fermi នៅពេលកំពុងពិសាអាហារថ្ងៃត្រង់ជាមួយសហការីរបស់លោក នៅមន្ទីរពិសោធន៍ Los Alamos ក្នុងសហរដ្ឋអាមេរិក បានពិភាក្សាអំពីលទ្ធភាពនៃការធ្វើដំណើរអវកាស និងជីវិតក្រៅផែនដី។ ពេលនោះ លោក Fermi បានសួរសំណួរខ្លីមួយ ដែលក្រោយមកក្លាយជាសំណួរល្បីបំផុតមួយក្នុងវិទ្យាសាស្ត្រ៖ "Where is everybody?" «តើពួកគេទាំងឡាយនោះ នៅឯណា?»

សំណួរនេះហាក់សាមញ្ញ ប៉ុន្តែបានបង្កើតអ្វីដែលអ្នកវិទ្យាសាស្ត្រហៅថា Fermi Paradox។

Paradox នេះ មានន័យថា បើចក្រវាឡមានផ្កាយរាប់សែនពាន់លាន និងភពដែលអាចរស់នៅបានរាប់ពាន់លាន ហើយបើជីវិតឆ្លាតវៃអាចកើតឡើងនៅកន្លែងផ្សេងដូចផែនដី មនុស្សជាតិគួរតែរកឃើញភស្តុតាងខ្លះៗរួចទៅហើយ។ ប៉ុន្តែ រហូតមកដល់ពេលនេះ យើងមិនទាន់រកឃើញសញ្ញាណាមួយ ដែលអាចបញ្ជាក់ថា មានអរិយធម៌ក្រៅផែនដីនោះឡើយ។

ចាប់តាំងពីសំណួររបស់ Fermi អ្នកវិទ្យាសាស្ត្របានចំណាយពេលជាង ៧០ ឆ្នាំ ស្វែងរកចម្លើយ។ ឆ្នាំ១៩៨៤ ក្រុមអ្នកវិទ្យាសាស្ត្របានបង្កើតវិទ្យាស្ថាន SETI Institute (Search for Extraterrestrial Intelligence) ដើម្បីស្កេនសញ្ញាវិទ្យុពីអវកាស ក្នុងក្តីសង្ឃឹមថា ប្រហែលជាអរិយធម៌ផ្សេង កំពុងបញ្ជូនសញ្ញាដូចដែលមនុស្សធ្លាប់ធ្វើ។

ក្រោយមក គម្រោង Breakthrough Listen ដែលត្រូវបានប្រកាសនៅឆ្នាំ២០១៥ ក៏បានក្លាយជាកម្មវិធីស្វែងរកជីវិតឆ្លាតវៃធំបំផុតក្នុងប្រវត្តិសាស្ត្រ។ គេប្រើតេឡេស្កុបវិទ្យុ ដ៏មានអានុភាព ដើម្បីស្កេនផ្កាយរាប់លាន និងកាឡាក់ស៊ីរាប់រយ ក្នុងគោលបំណងស្វែងរកសញ្ញាដែលមិនអាចពន្យល់បានដោយបាតុភូតធម្មជាតិ។

ប៉ុន្តែ រហូតមកដល់សព្វថ្ងៃ គម្រោងទាំងនេះ នៅតែមិនទាន់រកឃើញភស្តុតាងដែលអាចបញ្ជាក់បានថា មានអរិយធម៌ក្រៅផែនដី កំពុងទាក់ទងជាមួយយើងឡើយ។

នេះហើយជាមូលហេតុដែល Fermi Paradox នៅតែជាបញ្ហាវិទ្យាសាស្ត្រដ៏ធំបំផុតមួយរហូតមកដល់សព្វថ្ងៃ។

*តើយើងកំពុងស្វែងរក Alien ដោយរបៀបណា?
ទោះបីរហូតមកដល់សព្វថ្ងៃ មិនទាន់មានភស្តុតាងបញ្ជាក់ថា មានជីវិតឆ្លាតវៃក្រៅផែនដីក៏ដោយ ក៏អ្នកវិទ្យាសាស្ត្រមិនបានបោះបង់ការស្វែងរកនោះឡើយ។ ផ្ទុយទៅវិញ ការស្វែងរកនេះ កំពុងឈានចូលដំណាក់កាលថ្មីមួយ ដោយមានបច្ចេកវិទ្យាទំនើបជាងមុន។

តួនាទីសំខាន់បំផុតមួយ គឺតេឡេស្កុបអវកាស James Webb «James Webb Space Telescope» (JWST) ដែលអង្គការ NASA សហការជាមួយទីភ្នាក់ងារអវកាសអឺរ៉ុប (ESA) និងកាណាដា (CSA) បានបាញ់បង្ហោះនៅឆ្នាំ២០២១។ មិនដូចតេឡេស្កុប Hubble ដែលផ្តោតលើការថតរូបចក្រវាឡនោះទេ តេឡេស្កុបអវកាស James Webb អាចវិភាគពន្លឺដែលឆ្លងកាត់បរិយាកាសរបស់ភពឆ្ងាយៗ ដើម្បីស្វែងរកសមាសធាតុគីមីដែលអាចទាក់ទងនឹងជីវិត។

អ្នកវិទ្យាសាស្ត្រហៅសញ្ញាទាំងនេះថា Biosignatures ឬសញ្ញាជីវសាស្ត្រ។ ឧទាហរណ៍ ការរកឃើញអុកស៊ីសែន មេតាន ចំហាយទឹក ឬម៉ូលេគុលផ្សេងៗក្នុងសមាមាត្រពិសេស អាចជាសញ្ញាបង្ហាញថា មានដំណើរការជីវសាស្ត្រកំពុងកើតមានលើភពនោះ។ ទោះជាយ៉ាងណា អ្នកវិទ្យាសាស្ត្រក៏ព្រមានថា ម៉ូលេគុលទាំងនេះ អាចកើតឡើង ដោយដំណើរការធម្មជាតិដែរ។ ដូច្នេះ វាមិនអាចចាត់ទុកជាភស្តុតាងច្បាស់លាស់នៃជីវិតបានទេ លុះត្រាតែមានភស្តុតាងជាច្រើនប្រភេទគាំទ្រគ្នា។

ក្រៅពីការស្វែងរក Biosignatures អ្នកវិទ្យាសាស្ត្រក៏កំពុងស្វែងរក Technosignatures ផងដែរ។ ពាក្យនេះ សំដៅលើសញ្ញាដែលអាចបង្ហាញពីអរិយធម៌មានបច្ចេកវិទ្យា ដូចជា សញ្ញាវិទ្យុ សញ្ញាឡាស៊ែរ ឬរចនាសម្ព័ន្ធដ៏ធំមួយនៅជុំវិញផ្កាយ ដែលមិនអាចពន្យល់បានដោយបាតុភូតធម្មជាតិ។

សេចក្តីសន្និដ្ឋាន
អស់រយៈពេលជាង ៧០ ឆ្នាំមកនេះ សំណួរដ៏ល្បីរបស់អ្នករូបវិទ្យា Enrico Fermi ដែលសួរថា៖ «តើពួកគេទាំងឡាយនោះ នៅឯណា?» (Where is everybody?) នៅតែមិនទាន់មានចម្លើយច្បាស់លាស់នៅឡើយ។

ក្នុងរយៈពេលនៃការស្រាវជ្រាវនេះ មនុស្សជាតិបានរកឃើញភពក្រៅប្រព័ន្ធព្រះអាទិត្យរាប់ពាន់ បង្កើតតេឡេស្កុប ដែលអាចសង្កេតឃើញពន្លឺពីដើមកំណើតនៃចក្រវាឡ និងអភិវឌ្ឍកម្មវិធីស្រាវជ្រាវដ៏ធំបំផុត ដើម្បីស្វែងរកសញ្ញានៃជីវិតក្រៅភព។ ទោះជាយ៉ាងណា រហូតមកដល់សព្វថ្ងៃ យើងនៅតែមិនទាន់មានភស្តុតាងដែលអាចបញ្ជាក់បានថា មានអរិយធម៌ផ្សេងកំពុងរស់នៅក្នុងចក្រវាឡឡើយ។

ប៉ុន្តែ វិទ្យាសាស្ត្រក៏មិនបានសន្និដ្ឋានថា «គ្មាន Alien» ដែរ។ អ្វីដែលវិទ្យាសាស្ត្រនិយាយ គឺថា មនុស្សមិនទាន់មានភស្តុតាងគ្រប់គ្រាន់ ដើម្បីឆ្លើយសំណួរនេះនៅឡើយ។

ដូច្នេះ សំណួរដ៏ធំបំផុតនៅពេលនេះ ប្រហែលមិនមែនថា «តើមាន Alien ឬគ្មាន?» នោះទេ។ ផ្ទុយទៅវិញ សំណួរដែលសំខាន់ជាងនេះ គឺ៖ «តើយើងមានបច្ចេកវិទ្យាគ្រប់គ្រាន់ហើយឬនៅ ដើម្បីស្វែងរកពួកគេ?»

ប្រសិនបើបច្ចេកវិទ្យាអវកាស និងឧបករណ៍សង្កេតចក្រវាឡ បន្តអភិវឌ្ឍក្នុងល្បឿនដូចសព្វថ្ងៃ សំណួរអំពីការរស់នៅរបស់ Alien ប្រហែលជាមិនមែនជារឿងស្រមើស្រមៃរហូតទៀតទេ។ ផ្ទុយទៅវិញ វាអាចក្លាយជាការរកឃើញដ៏អស្ចារ្យបំផុតមួយក្នុងប្រវត្តិសាស្ត្រវិទ្យាសាស្ត្រ និងអាចផ្លាស់ប្តូររបៀបដែលមនុស្សជាតិយល់អំពីទីតាំងរបស់ខ្លួននៅក្នុងចក្រវាឡជារៀងរហូត៕