លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ឧបត្ថម្ភគ្រឿងឧបភោគបរិភោគដល់វីរៈកងទ័ពជួរមុខតាមរយៈលោកឧត្តមសេនីយ៍ត្រី ចាយ សារិទ្ធ
09-08-2026 09:13
(កំពង់ស្ពឺ)៖ ក្រោមការចង្អុលបង្ហាញ និងតម្រង់ទិសរបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញជួបសំណេះសំណាលជាមួយលោកឧត្តមសេនីយ៍ត្រី ចាយ សារិទ្ធ នាយការិយាល័យព្រហ្មទណ្ឌបញ្ជាការដ្ឋានអង្គរក្ស នៅទីបញ្ជាការកងរាជអាវុធហត្ថ។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខដោយក្តីនឹករលឹកពីសំណាក់ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ព្រមទាំងបានឧបត្ថម្ភជាគ្រឿងឧបភោគបរិភោគមួយចំនួនដល់វីរៈកងទ័ពដែលកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែនសមរភូមិមុខ។ សម្ភារៈឧបត្ថម្ភរួមមាន អង្ករចំនួន ៥០០គីឡូក្រាម ទឹកបរិសុទ្ធចំនួន ៥០កេស តង់ធំចំនួន ០២ ទឹកក្រូចចំនួន ១០កេស ទឹកត្រីចំនួន ១០យួរ និងទឹកស៊ីអុីវចំនួន ១០យួរ។
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានសម្តែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ពនៅសមរភូមិមុខទាំងអស់ ដែលបានបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមក្នុងការការពារដែនអធិបតេយ្យភាព បូរណភាពទឹកដី ការពារជាតិមាតុភូមិ និងថែរក្សាសុខសន្តិភាពជូនប្រជាជនកម្ពុជាទាំងមូល។
សកម្មភាពមនុស្សធម៌នេះបានបង្ហាញយ៉ាងច្បាស់អំពីការយកចិត្តទុកដាក់ខ្ពស់ក្នុងស្មារតីជាតិនិយមរបស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ព្រមទាំងក្រុមការងារ និងសប្បុរសជននានា ដែលតែងតែរួមចំណែកគាំទ្រដល់កងទ័ពជួរមុខរបស់យើង។









