សម្ដេចមហារដ្ឋសភាធិបតី ឃួន សុដារី ផ្ញើសារលិខិតរំលែកទុក្ខជូនលោកស្រី សួនថន សាយយ៉ាចាក់ ចំពោះមរណភាពប្រធានរដ្ឋសភាឡាវ

09-08-2026 11:50

(ភ្នំពេញ)៖ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃកម្ពុជា នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦ បានផ្ញើសារលិខិតរំលែកទុក្ខចំពោះមរណភាព លោកបណ្ឌិត សាយសំផន ភូមវិហាន (Xaysomphone Phomvihane) ប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាមានិតឡាវ ជូនលោកស្រី សួនថន សាយយ៉ាចាក់ (Sounthone XAYYACHAK) អនុប្រធានរដ្ឋសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

ក្នុងលិខិតនោះមានខ្លឹមសារដួចតទៅ៖ ខ្ញុំពិតជាមានសេចក្តីសោកសង្រេងជាពន់ពេក ដោយទទួលបានដំណឹងដ៏ក្រៀមក្រំពីមរណភាពរបស់ ឯកឧត្តមបណ្ឌិត សាយសំផន ភូមវិហាន (Xaysomphone PHOMVIHANE) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ។

ក្នុងនាមរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងសម្តែងនូវសមានចិត្តសោកស្តាយយ៉ាងខ្លាំងជាមួយរដ្ឋសភា រដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ និងជាមួយក្រុមគ្រួសាររបស់ ឯកឧត្តមបណ្ឌិត ក្នុងខណៈពេល នៃការបាត់បង់ដ៏ ធំធេងនេះ។ មរណភាពរបស់ ឯកឧត្តមបណ្ឌិត គឺជាការបាត់បង់ដ៏ធំធេងសម្រាប់ប្រជាជាតិឡាវ។

ឯកឧត្តមបណ្ឌិត សាយសំផន ភូមវិហាន គឺជាឥស្សរជនដ៏ឆ្នើមមួយរូប ដែលបានលះបង់ពេលវេលាពេញ មួយជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិ។ ឯកឧត្តមបណ្ឌិត បានដឹកនាំរដ្ឋសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ បញ្ញាញាណ និងការប្តេជ្ញាចិត្តខ្ពស់ចំពោះការអភិវឌ្ឍ និងទំនើបកម្មជាតិ។ កេរដំណែលរបស់ ឯកឧត្តមបណ្ឌិត នឹងស្ថិតស្ថេរក្នុងដួងចិត្តរបស់ជនរួមជាតិ និងមិត្តអន្តរជាតិ។

ឯកឧត្តមបណ្ឌិត នឹងត្រូវបានចងចាំជានិច្ចដោយការគោរពដ៏ជ្រាលជ្រៅ ក្នុងនាមជាអ្នកដឹកនាំគំរូ និងជា និមិត្តរូបនៃមិត្តភាពជាប្រពៃណី សាមគ្គីភាព និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសយើងទាំងពីរ។ ការរួមចំណែកដ៏មានតម្លៃរបស់ ឯកឧត្តមបណ្ឌិត ចំពោះកិច្ចសហប្រតិបត្តិការអន្តរសភារវាងកម្ពុជា និងឡាវ នឹងស្ថិតនៅក្នុងដួងចិត្ត និងការចងចាំរបស់យើងខ្ញុំជានិច្ច។

សូមបួងសួងឱ្យវិញ្ញាណក្ខន្ធ ឯកឧត្តមបណ្ឌិត សាយសំផន ភូមវិហាន បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាត ឡើយ និងសូមឱ្យរដ្ឋសភា ក៏ដូចជាប្រជាជនឡាវ ទទួលបាននូវកម្លាំងចិត្តដ៏រឹងមាំ និងការសម្រាលទុក្ខក្នុង ស្មារតីនៃការចងចាំចំពោះបុព្វហេតុដ៏ឧត្តុង្គឧត្តមក្នុងការបម្រើជាតិមាតុភូមិរបស់ ឯកឧត្តមបណ្ឌិត ។

សូម លោកជំទាវអនុប្រធាន ទទួលនូវការគោរពរាប់អានដ៏ជ្រាលជ្រៅបំផុតពីខ្ញុំ៕