បណ្ឌិត កៅ មុយថង៖ សន្តិសុខស្បៀង និងយុទ្ធសាស្ត្រឆ្លើយតបសម្រាប់តំបន់អាស៊ាន
09-08-2026 13:24
(ភ្នំពេញ)៖ លោកបណ្ឌិត កៅ មុយថង អ្នកស្រាវជ្រាវពីទំនាក់ទំនងកម្ពុជា-ចិន បានបញ្ជាក់មកកាន់បណ្ដាញព័ត៌មាន Fresh News ថា សន្តិសុខស្បៀង គឺជាគ្រឹះដ៏សំខាន់សម្រាប់រៀបចំអនាគត និងស្ថិរភាពរបស់បណ្តាប្រជាជាតិនៅ អាស៊ាន។
ក្នុងបរិបទដែលពិភពលោកកំពុងប្រឈមនឹងការប្រែប្រួលអាកាសធាតុ ភាពប្រែប្រួលនៃតម្លៃ ទីផ្សារ និងវិបត្តិខ្សែសង្វាក់ផ្គត់ផ្គង់ នោះគ្មានប្រជាជាតិណាមួយអាចដោះស្រាយបញ្ហាអសន្តិសុខស្បៀង ដោយឯកតោភាគីបានឡើយ។ ដូច្នេះកិច្ចសហប្រតិបត្តិការរវាងប្រជាជាតិ សមាជិកអាស៊ានក្នុងការ បង្កើតយន្តការបម្រុងស្បៀងគ្រាមានអាសន្ន ការពង្រឹងខ្សែសង្វាក់តម្លៃស្បៀង និងការគាំទ្រកសិករខ្នាតតូច គឺជាយុទ្ធសាស្ត្រចម្បងក្នុងការការពារសុខុមាលភាពរបស់ពលរដ្ឋគ្រប់ប្រជាជាតិ និងការធានាបាននូវសន្តិភាព និងសន្តិសុខសមូហភាពទូទាំងតំបន់។
នៅក្នុងបរិបទទូទៅលោកបណ្ឌិតមើលឃើញថា សន្តិសុខស្បៀង គឺជាផ្នែកសំខាន់មួយនៃសន្តិសុខរបស់ប្រទេសជាតិ។ ប៉ុន្តែក្នុងរយៈពេល១៥ឆ្នាំកន្លងមកនេះបានបង្ហាញការបែងចែក និងលទ្ធភាពទិញស្បៀងអាហារសមរម្យ បានក្លាយជាបញ្ហាប្រឈមដ៏ស្រួចស្រាវ។ ការកើនឡើងនៃតម្លៃស្បៀងអាហារបច្ចុប្បន្ន គឺជាឧទាហរណ៍នៃវិបត្តិលើកទីបី ចាប់តាំងពីវិបត្តិហិរញ្ញវត្ថុសាកល ដែលបង្កឱ្យហានិភ័យនៃអសន្តិសុខស្បៀង និងគ្រោះអត់ឃ្លានកើនឡើងកាន់តែធ្ងន់ធ្ងរ។
លោកបណ្ឌិត កៅ មុយថង បានបន្តថា ក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសំខាន់ៗ ដូចជា វិបត្តិទុរ្ភិក្សនៅអាហ្វ្រិក (ឆ្នាំ២០១៥-២០១៦) ដែលបានបង្កឱ្យមានរលកចំណាកស្រុកយ៉ាងគំហុកទៅកាន់បណ្តាប្រទេសនៅអឺរ៉ុប និងបដិវត្តន៍អារ៉ាប់ (Arab Spring ឆ្នាំ២០១១) សុទ្ធសឹងតែជាឧទាហរណ៍ជាក់ស្តែងនៃចលនាផ្លាស់ប្តូរដែលផ្តើមចេញពី វិបត្តិស្បៀង។ ដំបូងឡើយចលនាទាំងនេះ គឺត្រូវបានដុតរោលដោយសារ ការកើនឡើងយ៉ាងកំហុកនៃ តម្លៃស្បៀង និងការខ្វះខាតស្បៀងអាហារជាមូលដ្ឋាន ដែលបានរុញច្រានឱ្យកម្រិតជីវភាពប្រជាជនធ្លាក់ចុះ និងបង្កើតជាការមិនពេញចិត្តយ៉ាងខ្លាំងចំពោះអាជ្ញាធរ។
ប្រវត្តិសាស្ត្រមនុស្សជាតិបានបង្ហាញយ៉ាងច្បាស់ថា វិបត្តិអសន្តិសុខស្បៀង មិនត្រឹមតែជាបញ្ហា កសិកម្ម ឬសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែជាដើមហេតុគន្លឹះនៃអស្ថិរភាពសន្តិសុខជាតិ និងតំបន់។ នៅពេល ដែលប្រជាជនភាគច្រើនមិនអាចទទួលបានស្បៀងអាហារគ្រប់គ្រាន់ក្នុងតម្លៃសមរម្យ វាអាចបណ្តាល ឱ្យកើតមានអំពើហិង្សា ចលាចលសង្គម ការផ្លាស់ប្តូររបបនយោបាយ និងការកើនឡើងនៃចលនានយោ បាយប្រជានិយម (Populism)។ កត្តានេះបញ្ជាក់ថា សន្តិសុខស្បៀង គឺជាបុរេលក្ខខណ្ឌដែលមិនអាច ខ្វះបានក្នុងការរក្សាសន្តិភាព ស្ថិរភាពនយោបាយ និងអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមប្រកបដោយចីរភាព។ នេះជាការបញ្ជាក់បន្ថែមរបស់លោកបណ្ឌិត កៅ មុយថង។
ពិតណាស់ការលើកឡើងនេះបានសេចក្តីថា ការទទួលបានស្បៀងអាហារគ្រប់គ្រាន់ គឺជាតម្រូវការជា មូលដ្ឋានសម្រាប់ការរស់រានមានជីវិត និងជាស្នូលនៃការរក្សាស្ថិរភាពសង្គម-សេដ្ឋកិច្ច។ ក្នុងន័យនេះ ដើម្បីការពារសមិទ្ធផលនៃកំណើន និងស្ថិរភាព ដែលអាស៊ានខិតខំកសាងជាង៤០ឆ្នាំមកនេះ អាស៊ាន គួរចាត់វិធានការជាបន្ទាន់លើ៤ចំណុច៖ ១. ធានាការផ្គត់ផ្គង់ស្បៀងអាហារឱ្យបានទៀងទាត់ និង មានតម្លៃសមរម្យ ដើម្បីជៀសវាងវិបត្តិអតិផរណា និងចលាចលសង្គម។ ២. រៀបចំយន្តការឆ្លើយតប ជាមុនដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ គ្រោះធម្មជាតិ និងការកើនឡើងនៃថ្លៃសម្ភារៈ ឧបករណ៍ ឬសេវាកម្មទាំងឡាយដែលកសិករត្រូវចំណាយទិញប្រើប្រាស់ ដើម្បីយកមកបម្រើឱ្យការ ដាំដុះ និងការផលិត។ ៣. ធានាលំហូរពាណិជ្ជកម្មស្បៀងអាហារ និងកសិផលឆ្លងដែនក្នុងតំបន់ អាស៊ានដោយរលូន ក្នុងអំឡុងពេលមានវិបត្តិសាកល និងទី៤ ការធ្វើសមាហរណកម្មគោលនយោ បាយសន្តិសុខស្បៀង ទៅក្នុងរបៀបវារៈសន្តិសុខជាតិ និងសន្តិសុខតំបន់របស់អាស៊ាន។
១. ជម្រើសនិងអាទិភាពរយៈពេលខ្លីសម្រាប់អាស៊ាន
អាទិភាពបន្ទាន់បំផុតសម្រាប់តំបន់អាស៊ាននាពេលនេះ គឺការពង្រឹងសមត្ថភាពស្ថាប័ន និងយន្តការឆ្លើយតបក្នុងការដោះស្រាយវិបត្តិខ្វះខាតស្បៀងអាហារ និងគ្រោះអត់ឃ្លានដែលកំពុងគំរាមកំហែង ដល់ប្រជាជន ជាពិសេសការឆ្លើយតបនឹងភាពប្រែប្រួលអាកាសធាតុ។ ក្នុងន័យនេះ ការដោះស្រាយ វិបត្តិស្បៀងអាហារ និងការការពារក្រុមជនងាយរងគ្រោះនៅអាស៊ាន ទាមទារឱ្យមានការចាត់វិធានការ ជាប្រព័ន្ធតាមរយៈសសរស្ដម្ភ៤៖
១. ពង្រឹងសមត្ថភាពតំបន់និងប្រជាជាតិនីមួយៗក្នុងការឆ្លើយ តបជាបន្ទាន់ ចំពោះវិបត្តិកង្វះខាតស្បៀងអាហារនិងគ្រោះអត់ឃ្លាន ព្រមទាំងការឆ្លើយតបនឹងភាពប្រែ ប្រួលអាកាសធាតុ។
២. អនុវត្តកម្មវិធីផ្ទេរសាច់ប្រាក់ និងការគាំទ្រហិរញ្ញវត្ថុចាក់ចំគោលដៅ ដើម្បី កាត់បន្ថយផលប៉ះពាល់លើក្រុមជនងាយរងគ្រោះ។
៣. បង្កើតនិងធ្វើបច្ចុប្បន្នភាពប្រព័ន្ធទិន្នន័យជាតិ ឱ្យបានច្បាស់លាស់ ដើម្បីធានាប្រសិទ្ធភាពនៃការបែងចែកជំនួយ។
៤. ដោយសារថវិការដ្ឋមាន កម្រិត បណ្តាលមកពីជំងឺរាតត្បាត រដ្ឋាភិបាលត្រូវបត់បែនតាមរយៈការកែសម្រួលពន្ធ ឬការបង្វែរ ចំណាយសាធារណៈ ដើម្បីធានាចីរភាពហិរញ្ញវត្ថុសម្រាប់កម្មវិធីជំនួយ។
បន្ថែមពីនេះ នៅតាមប្រទេសកំពុងអភិវឌ្ឍន៍ ទីផ្សារកសិកម្មនៅតែប្រឈមនឹងគម្លាតព័ត៌មាន និងការធ្វើបច្ចុប្បន្នភាពទិន្នន័យយឺតយ៉ាវ ដែលបានបើកឱកាសឱ្យឈ្មួញកណ្តាលអាចឆ្លៀតឱកាសកេង ចំណេញ និងបង្កអស្ថិរភាពតម្លៃទីផ្សារ។ ដូច្នេះ អាស៊ានត្រូវបង្កើតយន្តការប្រមូល និងរាយការណ៍ ទិន្នន័យទាន់ពេលវេលា ដើម្បីគាំទ្រប្រព័ន្ធព័ត៌មានទីផ្សារកសិកម្ម (AMIS) ដោយផ្តោតលើការតាម ដានសុខភាពដំណាំ, លក្ខខណ្ឌអាកាសធាតុ, ការស្តុកទុក, សន្ទស្សន៍តម្លៃក្នុងតំបន់, ទិន្នន័យពាណិជ្ជកម្ម-ផលិតកម្ម-ផលិតភាព និងប្រភពផ្គត់ផ្គង់ជំនួស។ បើគ្មានការធ្វើសមាហរណកម្ម និងកំណត់ស្តង់ ដារ និងទិន្នន័យរួមទេនោះ ការរៀបចំយុទ្ធសាស្ត្រស៊ីសង្វាក់គ្នានឹងមិនអាចសម្រេចទៅបានឡើយ។
២. វិធានការនិងយុទ្ធសាស្ត្ររយៈពេលវែង
នៅតំបន់ជនបទនៃប្រជាជាតិអាស៊ាន កសិករភាគច្រើនជាអ្នកប្រកបរបរកសិកម្មខ្នាតតូច។ ទោះបីជាបច្ចេកវិទ្យាកសិកម្មទំនើបៗអាចយកទៅអនុវត្តបានចំពោះកសិដ្ឋានគ្រប់ទំហំក៏ដោយ ក៏កសិករ ខ្នាតតូចទាំងនោះ នៅតែពុំទាន់មានលទ្ធភាពទទួលបានបច្ចេកវិទ្យាទាំងនោះនៅឡើយ ដោយសារកត្តាតម្លៃ។ ដូច្នេះ ដើម្បីលើកកម្ពស់ជីវភាពជនបទ និងចីរភាពនៃកសិដ្ឋានខ្នាតតូច ការដាក់ចេញគោល នយោបាយក្នុងតំបន់ គឺជារឿងចាំបាច់។ គោលនយោបាយទាំងនោះរួមមាន ការផ្តល់សេវាធានារ៉ាប់រង ការចូលរួមធនធាន ការពង្រីកឥណទាន និងការអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រសហគមន៍ ដែលជាវិធានការ អាចសម្រេចបានតាមរយៈការរួមថាមពលសហគមន៍ ប៉ុន្តែកសិករម្នាក់ៗមិនអាចធ្វើតែម្នាក់ឯងបានឡើយ។
យើងអាចពិនិត្យមើលនៅក្នុងមុខរបរកសិកម្ម ការចំណាយថវិកាលើកិច្ចការក្រោយពេលប្រមូល ផល មានដូចជា៖ ការដឹកជញ្ជូន ការស្តុកទុក ការកែច្នៃ និងការលក់ អាចមានរហូតដល់ ៧៥% នៃថ្លៃចំណាយសរុប។ កត្តានេះបង្ហាញថា ប្រសិនបើយើងអាចកាត់បន្ថយការចំណាយត្រង់ចំណុចនេះ បាន នោះកសិករយើងនឹងអាចកាត់បន្ថយថ្លៃដើមបានច្រើន។ ជាក់ស្តែង នៅប្រទេសហ្វីលីពីន ផល ដំណាំត្រូវខូចខាត ឬបាត់បង់រហូតដល់ ៥០% ហើយនៅឥណ្ឌូនេស៊ីបាត់បង់ ២០% នៃទិន្នផលសរុប។ ដូច្នេះ ដើម្បីដោះស្រាយបញ្ហានេះ គេចាំបាច់ត្រូវកែប្រែ និងអភិវឌ្ឍគ្រប់វគ្គទាំងអស់នៃខ្សែសង្វាក់ផលិតកម្មកសិកម្ម។
លើសពីនេះ ទោះបីជាការរក្សាស្តុកស្បៀងអាហារ និងទំនិញបម្រុងត្រូវចំណាយថវិកាច្រើនក៏ ដោយ ប៉ុន្តែការកំណត់កម្រិតស្តុកបម្រុងអប្បបរមា និងការបង្កើតកិច្ចព្រមព្រៀងសហប្រតិបត្តិការក្នុង តំបន់ (រួមទាំង អាស៊ាន+៣) នឹងជួយពង្រឹងទំនុកចិត្តទីផ្សារ និងទប់ស្កាត់ក្រុមឈ្មួញកណ្តាលកុំឱ្យ ឆ្លៀតឱកាសដំឡើងថ្លៃ ឬបង្កអស្ថិរភាពតម្លៃទំនិញក្នុងអំឡុងពេលមានវិបត្តិ។
ជាចុងក្រោយពិតណាស់ថា ប្រទេសកំពុងអភិវឌ្ឍន៍អាស៊ាននៅមានកម្រិតលើផ្នែកធនធាន និង សមត្ថភាពក្នុងការធានាសន្តិសុខស្បៀងក៏ដោយ ប៉ុន្តែលុះត្រាតែមានកិច្ចសហការទូទាំងតំបន់ ទើបអាច បង្កើតសន្តិសុខស្បៀងសមូហភាព ប្រកបដោយភាពធន់បាន។ បានសេចក្តីថា ដើម្បីបង្កើតសន្តិសុខ ស្បៀងសមូហភាព អាស៊ានត្រូវដាក់ការអភិវឌ្ឍកសិកម្មជាអាទិភាពគោលនយោបាយកំពូល ដោយ ផ្តោតលើទិសដៅយុទ្ធសាស្ត្រសំខាន់ៗចំនួន៤៖
១. ពង្រឹងយន្តការបម្រុងស្បៀងគ្រាមានអាសន្ន តាមរយៈបង្កើនប្រសិទ្ធភាពនៃកិច្ចព្រមព្រៀង និងប្រព័ន្ធទុនបម្រុងស្បៀង ដូចជា APTERR (ASEAN Plus Three Emergency Rice Reserve) ដើម្បីត្រៀមបម្រុង និងចែករំលែកស្បៀងអាហារ (អង្ករ) ឆ្លើយតបក្នុងគ្រាអាសន្ន ឬគ្រោះមហន្តរាយ។
២. ការគាំទ្រកសិករខ្នាតតូច តាមរយៈសម្រួលដល់ ការទទួលបានឥណទាន ការពង្រីកធានារ៉ាប់រងកសិកម្ម និងការផ្ទេរបច្ចេកវិទ្យាកសិកម្មឆ្លាតវៃ (Climate-Smart Agriculture) ក្នុងកម្រិតសហគមន៍។
៣. ការធ្វើឱ្យប្រសើរឡើងនូវខ្សែសង្វាក់ ផ្គត់ផ្គង់ ដូចជាការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធឃ្លាំងស្តុក និងប្រព័ន្ធដឹកជញ្ជូន ដើម្បីកាត់បន្ថយការ បាត់បង់ស្បៀងក្រោយការប្រមូលផល។
៤. ការលុបបំបាត់របាំងពាណិជ្ជកម្មមិនមែនពន្ធគយ លើផលិតផលស្បៀង និងកសាងប្រព័ន្ធទិន្នន័យបជាតិ-តំបន់ ដើម្បីទប់ស្កាត់ការកេងចំណេញតម្លៃលើទីផ្សារ។
តាមរយៈបណ្តាញសាកលវិទ្យាល័យស្រាវជ្រាវកសិកម្ម វិទ្យាស្ថានបច្ចេកវិទ្យា និងកិច្ចព្រមព្រៀង សហប្រតិបត្តិការតំបន់ដែលមានស្រាប់ អាស៊ានមានសមត្ថភាពស្ថាប័នយ៉ាងរឹងមាំក្នុងការវិនិយោគ និងជំរុញការអភិវឌ្ឍដំណាំស្បៀងសំខាន់ៗ ជាពិសេសដំណាំស្រូវឱ្យកាន់តែមានភាពធន់ទៅនឹងការប្រែ ប្រួលអាកាសធាតុ ដូចជា ភាពរាំងស្ងួត ទឹកជំនន់ និងការជ្រាបចូលទឹកប្រៃក្នុងដីកកសិកម្ម។
ទោះជាយ៉ាងណា ដើម្បីឱ្យការស្រាវជ្រាវនេះសម្រេចបាននូវលទ្ធផលជាក់ស្តែង អាស៊ានទាមទារ ឱ្យមានការសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងស្រាវជ្រាវជាលក្ខណៈប្រព័ន្ធ ក្នុងការអភិវឌ្ឍដំណាំធន់នឹង អាកាសធាតុ ដោយត្រូវបង្កើតបណ្តាញសាកលវិទ្យាល័យ និងកិច្ចព្រមព្រៀងស្រាវជ្រាវរួមគ្នា។ ដើម្បីប្រែ ក្លាយសមត្ថភាពនេះទៅជាលទ្ធផលជាក់ស្តែង អាស៊ានត្រូវអនុវត្តយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយលើ៤ចំណុច៖
១. ការស្រាវជ្រាវ និងការអភិវឌ្ឍរួមគ្នា (Joint R&D)៖ ប្រើប្រាស់បណ្តាញសាកលវិទ្យា ល័យអាស៊ាន ដើម្បីអភិវឌ្ឍពូជដំណាំស្រូវ និងដំណាំស្បៀងសំខាន់ៗឱ្យធន់នឹងគ្រោះរាំងស្ងួត ទឹកជំនន់ និងជំងឺបៀតបៀនផ្សេងៗ។
២. សាកល្បងពូជកូននៅតាមបណ្តាប្រទេសសមាជិក ដើម្បីធានាថា ពូជថ្មីៗមានសមត្ថភាពសម្របខ្លួនAdapt ទៅនឹងលក្ខខណ្ឌដីនិងអាកាសធាតុខុសៗគ្នា។
៣. សម្រួលនីតិវិធីនៃការទទួលស្គាល់ និងចុះបញ្ជីពូជដំណាំកូនកាត់រវាងប្រទេសអាស៊ាន ដើម្បីឱ្យកសិករអាច ទទួលបានពូជល្អៗបានឆាប់រហ័ស។
៤. កសាងសមត្ថភាពកសិករខ្នាតតូច តាមរយៈការតភ្ជាប់ លទ្ធផលស្រាវជ្រាវពីមន្ទីរពិសោធន៍ ទៅដល់ដៃកសិករតាមរយៈកម្មវិធីផ្សព្វផ្សាយកសិកម្មសហគមន៍៕









