លោក កែ គឹមយ៉ាន ជួបសំណេះសំណាលជាមួយមន្រ្តីគណបក្សប្រជាជនគ្រប់ថ្នាក់ទូទាំងក្រុងសិរីសោភ័ណ និងគ្រប់មន្ទីរ-អង្គភាព

09-08-2026 13:43

(បន្ទាយមានជ័យ)៖ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦ លោក កែ គឹមយ៉ាន សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា អ្នកតំណាងរាស្រ្ត និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អមដោយក្រុមការងារគ្រប់ថ្នាក់បានអញ្ជើញសំណេះសំណាលជាមួយមន្រ្តីគណបក្សស្រុក ឃុំ សាខាបក្សភូមិ យុវជនគណបក្សក្រុងសិរីសោភ័ណ និងគ្រប់មន្ទីរ-អង្គភាពជុំវិញខេត្ត។

ក្នុងឱកាសនោះ លោក កែ គឹមយ៉ាន បានពាំនាំនូវការសាកសួរសុខទុក្ខ ជូនពរជ័យ កោតសសើរ អរគុណពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សជូនដល់សមាជិក សមាជិកាគណបក្ស ថ្នាក់ដឹកនាំគ្រប់អង្គភាព កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងជនរួមជាតិទាំងអស់ទូទាំងខេត្តបន្ទាយមានជ័យ។

លោក កែ គឹមយ៉ាន ថ្លែងបន្តថា រាជរដ្ឋាភិបាលបន្តវេនដឹកនាំសម្តេចធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកមូលធនមនុស្សជាដង្ហើមនៃវឌ្ឍនភាពសង្គម-សេដ្ឋកិច្ចជាតិ ការកសាងធនធានមនុស្សប្រកបដោយប្រសិទ្ធភាពមានចំណេះដឹង សមត្ថភាព ពង្រឹងគុណភាពអប់រំបណ្ដុះបណ្តាលជំនាញ ទាំងជំនាញទន់និងរឹង ការបង្កើតការងារឱ្យបានកាន់តែច្រើនទាំងបរិមាណ និងគុណភាពជូនដល់ប្រជាជនកម្ពុជា ជាពិសេសសម្រាប់យុវជន។

ជាមួយនឹងលទ្ធផលការងាររបស់គណៈកម្មាធិការគណបក្សក្រុងសិរីសោភ័ណ លោក កែ គឹមយ៉ាន បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារនិងមន្រ្តីគណបក្សទាំងអស់ដែលសម្រេចបាននូវសមិទ្ធផលជូនគណបក្សនិងប្រទេសជាតិ ហើយសូមបន្តចូលរួមអនុវត្តនូវរាល់ទិសដៅ គោលការណ៍ លិខិតបទដ្ឋាននានា ដើម្បីរក្សាបាននូវសន្តិភាព សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សង្គម និងការអភិវឌ្ឍន៍មូលដ្ឋាន បន្តបង្រ្កាបរាល់បទល្មើស ផ្សព្វផ្សាយព័ត៌មានពិត រួមសុខទុក្ខសមាជិកនិងប្រជាពលរដ្ឋដល់ខ្នងផ្ទះ រួមដំណើរឆ្ពោះទៅការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៦ នាពេលខាងមុខ៕