អ្នកជំនាញអារ្យធម៌ខ្មែរ៖ ទង្វើពុតត្បុតកុហកភូតភរបស់ទីក្រុងបាងកក ជាផ្សែងផ្សែងអ័ព្ទ មិនអាចបិទបាំងជួរភ្នំដងរែកបានទ្បើយ
09-08-2026 15:48
(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្តាប់ បានថ្លែងថា ក្នុងទង្វើនិងសកម្មភាពពុតត្បុតកុហកភូតភររបស់ទីក្រុងបាងកក ដែលខំប្រឹងបដិសេធរបាយការណ៍របស់អ្នករាយការណ៍ពិសេសនៃ អ.ស.ប. ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ដែលបានលើកទ្បើងពីការឈ្លានពានរបស់យោធាថៃមកលើកម្ពុជាយ៉ាងកំរោលនិងឃោរឃៅបណ្ដាលឲ្យប្រជាជនកម្ពុជារាប់សិបនាក់ស្លាប់- របួស ហើយធ្វើឲ្យប្រជាជនកម្ពុជារាប់ម៉ឺននាក់បាត់បង់ផ្ទះសម្បែង ដីធ្លីស្រែចំការ និងធ្វើឲ្យកុមាររាប់ពាន់នាក់បាត់បង់សាលារៀន ពីទង្វើឈ្លានពានរបស់ទីក្រុងបាងកកមកលើកម្ពុជា។
នេះគឺក្នុងទង្វើខំប្រឹងបដិសេធដែលជាពាក្យកុហកភូតភររបស់ទីក្រុងបាងកក គឺជាផ្សែងអ័ព្ទមិនអាចគ្របដណ្តប់ឬបំភ័ន្តភ្នែក បិទបាំងការពិត គឺជាជួរភ្នំដងរែកបានទ្បើយ។ ពីព្រោះភ្នំដងរែង មិនប្រែប្រួលទេ នៅតែឈរយ៉ាងរឹងមាំនៅទីតាំងដដែល មិនរសាត់តាមខ្យល់ដូចផ្សែងអ័ព្ទ ដែលគ្មានគ្រឹះរឹងមាំ នឹងត្រូវរលាយបាត់ទៅវិញនៅពេលប៉ះចំពន្លឺថ្ងៃនិងត្រូវខ្យល់បក់ផាត់ ។
ហេតុនេះការបំភ្លៃការពិត ប្រឌិតរឿង ឬការប្រើល្បិចកល កែប្រែការពិតពីភាគីទីក្រុងបាងកក ដោយបង្កើតជារូបភាពភាន់ច្រឡំ ដែលព្យាយាមគ្របដណ្តប់លើការពិត គឺជាផ្សែងអ័ព្ទបាំងភ្នែកមួយគ្រា មិនមានអាយុកាលវែងឡើយ។ នៅពេលដែលមានពន្លឺថ្ងៃ ជាពន្លឺនៃការពិត និងច្បាប់អន្តរជាតិ បានរះទ្បើងប៉ះផ្សែងអ័ព្ទនោះនឹងត្រូវរលាយបាត់ទៅវិញភ្លាមៗ ដោយការពិត គឺជាជួរភ្នំដងរែក ជាមរតកប្រវត្តិសាស្ត្រ អធិបតេយ្យភាព និងយុត្តិធម៌ ដែលមិនអាចកែប្រែ ឬលុបបំបាត់បានដោយគ្រាន់តែវោហាសាស្រ្ដជាពុតត្បុតល្បិចកល ឬការបំភ្លៃនោះទ្បើយ។
លោក រ័ត្ន សណ្តាប់ បន្ដថា ចំពោះការពិត គឺជាជួរភ្នំដងរែក ជាគ្រឹះរឹងមាំ ស្ថិតស្ថេរ និងមិនប្រែប្រួលតាមវោហាសាស្រ្ដទោះបីត្រូវគេខំប្រឹងបិទបាំងប្រើប្រាស់ល្បិចកលដោយសម្ដីផ្អែមល្ហែម ឬស្នាមញញឹមដើម្បីភូតភរ ដោយយូរឬឆាប់ ក៏គង់តែមានថ្ងៃស្តែងចេញមកឲ្យឃើញពីការពិត គឺជាជួរភ្នំរែកដ៏រឹងមាំដដែល។ ដោយហេតុថា រាល់សកម្មភាពនូវទិដ្ឋភាពជាក់ស្ដែង ច្បាស់លាស់ និងបរិស្ថានជុំវិញទាំងអស់ ដែលត្រូវបានពួកសៀម ឈ្លានពានយ៉ាងសាហាវឃោរឃៅមកលើប្រជាជនកម្ពុជា គឺត្រូវបានពេលវេលាថតទុកជាភស្តុតាងដោយភាពស្ងប់ស្ងាត់ នឹងបើកកកាយទ្បើងវិញនូវអ្វីៗ ទាំងអស់ឲ្យឃើញច្បាស់លេចចេញមកក្រៅ ដោយពេលវេលាគឺជាបន្ទាត់វាស់វែងការពិតជានិច្ច។
ហេតុនេះការពិតគឺជាជួរភ្នំដងរែក ជាមរតកប្រវត្តិសាស្ត្រ អធិបតេយ្យភាព និងជាជួរភ្នំធម្មជាតិដ៏រឹងមាំ ខ្ពស់ស្កឹមស្កៃ ឈរជើងស្ថិតស្ថេររាប់ពាន់ឆ្នាំ និងមិនអាចរំកិល ឬរំលាយចោល។ ជួរភ្នំដងរែក រួមទាំងប្រាសាទព្រះវិហារ ប្រាសាទបុរាណផ្សេងៗទៀត និងដែនអធិបតេយ្យភាពកម្ពុជា គឺជាការពិតជាក់ស្តែង រឹងមាំ និងផ្អែកលើប្រវត្តិសាស្ត្រយ៉ាងច្បាស់លាស់ ព្រមទាំងមានការទទួលស្គាល់ពីសាលដីកាតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ផងដែរ។
ដូច្នេះចំពោះការខំប្រឹងបំភ្លៃការពិត ឬការប្រើល្បិចកលនយោបាយណាមួយ មិនអាចកែប្រែ ឬលុបបំបាត់ការពិតប្រវត្តិសាស្ត្រ និងអធិបតេយ្យភាពដ៏រឹងមាំរបស់កម្ពុជាបានឡើយ។ ការពិតមិនអាចក្លាយជាចំណាប់ខ្មាំង ដោយការបដិសេធ ដែលជាផ្សែងអ័ព្ទ ធ្វើរលាយឬបិទបាំងការពិតគឺជាជួរភ្នំដងរែកបានទ្បើយ៕




