រដ្ឋមន្ត្រី ហួត ហាក់៖ រដូវកាលបៃតង មិនមែនជាឧបសគ្គនៃការធ្វើដំណើរ ប៉ុន្តែជាឱកាសស្គាល់កម្ពុជាពីជ្រុងថ្មី «បៃតងជាងមុន ស្រស់ស្អាតជាងមុន និងពោរពេញដោយបទពិសោធន៍ដែលមិនអាចបំភ្លេចបាន»
09-08-2026 17:27
(ស្ទឹងត្រែង)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីបិទ «ព្រឹត្តិការណ៍ទេសចរណ៍រដូវកាលបៃតង ឆ្នាំ២០២៦» នៅខេត្តស្ទឹងត្រែង ក្រោមប្រធានបទ «សក្តានុពលអេកូទេសចរណ៍នៅតំបន់ភូមិភាគឦសាន ក្នុងរដូវកាលបៃតង ឆ្នាំ២០២៦»។
ព្រឹត្តិការណ៍ទេសចរណ៍ក្នុងរដូវកាលបៃតងនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបំផុសស្មារតីស្នេហាជាតិ ស្រឡាញ់មាតុភូមិ សាមគ្គីភាព និងចូលរួមអភិរក្សសម្បត្តិបេតិកភណ្ឌរូបី អរូបី និងធនធានធម្មជាតិ ស្របតាមទស្សនទាន «ទេសចរណ៍ ផ្សារភ្ជាប់នឹងទឹកដី» និង «ស្រឡាញ់ជាតិ ត្រូវស្គាល់ទឹកដី»។
ជាពិសេស ព្រឹត្តិការណ៍នេះមានគោលបំណងជំរុញចលនាទេសចរណ៍ក្នុងស្រុក លើកកម្ពស់កិត្តិនាមកម្ពុជា និងបង្ហាញទៅកាន់ពិភពលោកថា កម្ពុជា គឺជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ បដិសណ្ឋារកិច្ចល្អ និងជាទឹកដីដ៏ស្រស់ស្អាត ដែលស្វាគមន៍ភ្ញៀវទេសចរមកពីគ្រប់ទិសទីទូទាំងសកលលោក។
ក្នុងព្រឹត្តិការណ៍នេះ មានការអញ្ជើញចូលរួមពី លោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង និងភរិយា, លោក សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង, លោកអគ្គកុងស៊ុលរងនៃសាធារណរដ្ឋប្រជាមានិតឡាវ ប្រចាំខេត្តស្ទឹងត្រែង, ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ និងអភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរទេសចរណ៍ខេត្តនៅតំបន់ភូមិភាគឦសាន ព្រមទាំងតំណាងក្រុមហ៊ុនដៃគូសហការឧបត្ថម្ភ សមាគមក្នុងឧស្សាហកម្មទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ វិស័យឯកជន អង្គការដៃគូ វាគ្មិនកិត្តិយស បងប្អូនប្រជាសហគមន៍ អ្នកផលិតមាតិកា Influencers និង KOLs ប្អូនៗយុវជន សិស្ស និងនិស្សិត ប្រមាណ ១,០០០នាក់។
រដ្ឋមន្ត្រី ហួត ហាក់ បានយកឱកាសនេះ សម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការដ៏ល្អរវាងរដ្ឋបាលខេត្តស្ទឹងត្រែង និងក្រុមការងាររដូវកាលបៃតងនៃក្រសួងទេសចរណ៍ មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង ក្រុមហ៊ុនដៃគូសហការឧបត្ថម្ភ វិស័យឯកជន វាគ្មិនកិត្តិយស សិល្បករ សិល្បការិនី អ្នកផលិតមាតិកាព័ត៌មាន Influencers និង KOLs ទាំងអស់ ដែលបានចូលរួមសហការ រៀបចំ ឧបត្ថម្ភគាំទ្រ ចែករំលែកបទពិសោធន៍ល្អៗ និងសម្របសម្រួលសព្វបែបយ៉ាង ធ្វើឱ្យព្រឹត្តិការណ៍ទេសចរណ៍ក្នុងរដូវកាលបៃតង ឆ្នាំ២០២៦ នៅខេត្តស្ទឹងត្រែង ប្រព្រឹត្តទៅដោយភាពអធិកអធម សប្បាយរីករាយ និងសម្រេចបានផ្លែផ្កាគួរជាទីមោទនភាព។
ទន្ទឹមនេះ រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា បានជម្រាបជូនអង្គពិធីថា ការបំប្លែងរដូវកាល «Green Season» មិនមែនគ្រាន់តែជាការផ្លាស់ប្តូរឈ្មោះនោះទេ ប៉ុន្តែគឺជាការផ្លាស់ប្តូរផ្នត់គំនិត និងជាយុទ្ធសាស្ត្រជាតិដ៏មុតស្រួច។
លោកបានបន្តថា រដូវកាលនេះ គឺជាពេលវេលាដែលកម្ពុជាបង្ហាញនូវសម្រស់ដ៏ពិតប្រាកដ និងរស់រវើកបំផុតរបស់ខ្លួន។ ធម្មជាតិពោរពេញដោយភាពស្រស់បំព្រង ពណ៌បៃតងខ្ចីគ្របដណ្តប់ពាសពេញប្រទេស ខ្យល់អាកាសបរិសុទ្ធ និងទេសភាពដ៏ត្រកាល បង្កើតបានជាបទពិសោធន៍ដ៏កម្រ និងមានតម្លៃសម្រាប់ភ្ញៀវទេសចរ។
ជាមួយគ្នានេះ លោក ហួត ហាក់ បានគូសរំលេចថា «ព្រឹត្តិការណ៍ទេសចរណ៍ក្នុងរដូវកាលបៃតង» គឺជាផ្នែកមួយនៃការជំរុញចលនាទេសចរណ៍ និងបង្ហាញពីភាពស្រស់ស្អាត ព្រមទាំងសក្តានុពលដ៏សម្បូរបែបរបស់កម្ពុជានារដូវកាលបៃតង។
តាមរយៈព្រឹត្តិការណ៍នេះ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ នឹងបានមើលឃើញថា រដូវកាលបៃតង គឺជារដូវកាលដ៏ស្រស់ស្អាតមួយសម្រាប់ការធ្វើដំណើរកម្សាន្តនៅកម្ពុជា ដែលមានបទពិសោធន៍ទេសចរណ៍ថ្មីៗជាច្រើន កំពុងរង់ចាំការស្វែងយល់ និងការរុករក។
សូមជម្រាបជូនថា «ព្រឹត្តិការណ៍ទេសចរណ៍ក្នុងរដូវកាលបៃតង» បានធ្វើដំណើរពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ខេត្តសៀមរាប ក្រោមប្រធានបទ «សក្តានុពលទេសចរណ៍តំបន់បេតិកភណ្ឌ និងវប្បធម៌ក្នុងរដូវកាលបៃតង» ដើម្បីបង្ហាញពីភាពរស់រវើក និងភាពទាក់ទាញនៃតំបន់បេតិកភណ្ឌ និងវប្បធម៌ខ្មែរ ដែលកាន់តែស្រស់បំព្រងនៅក្នុងរដូវកាលបៃតង។
ដោយឡែក នៅរាត្រីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ ដំណើររដូវកាលបៃតងបានបន្តមកដល់ទឹកដីខេត្តស្ទឹងត្រែង ដែលជាទឹកដីសម្បូរទៅដោយធនធានធម្មជាតិ ទន្លេ ព្រៃឈើ សហគមន៍ និងសក្តានុពលអេកូទេសចរណ៍ដ៏លេចធ្លោ ក្រោមប្រធានបទ «សក្តានុពលអេកូទេសចរណ៍នៅតំបន់ភូមិភាគឦសាន ក្នុងរដូវកាលបៃតង ឆ្នាំ២០២៦»។
បន្ទាប់ពីព្រឹត្តិការណ៍ទេសចរណ៍ក្នុងរដូវកាលបៃតងនៅខេត្តស្ទឹងត្រែង ដែលត្រូវបានរៀបចំសម្រាប់តំបន់ភូមិភាគឦសាន នឹងបន្តទៅកាន់ខេត្ត Cluster នៅតំបន់ឆ្នេរ ហើយបន្ទាប់មក នឹងបិទបញ្ចប់នៅរាជធានីភ្នំពេញវិញ ជាមួយនឹងប្រធានបទផ្សេងៗ ស្របទៅតាមសក្តានុពលនៃរាជធានី-ខេត្តនីមួយៗ៕






























