ឧត្តមសេនីយ៍ឯក ដោក សុផា ឧបត្ថម្ភថវិកា ៥០០ ដុល្លារ ចូលរួមកសាងរបង និងក្លោងទ្វារ ប៉ុស្តិ៍នគរបាលរដ្ឋបាលមានជ័យ
09-08-2026 17:31
(សៀមរាប)៖ ឧត្តមសេនីយ៍ឯក ដោក សុផា សាកលវិទ្យាធិការនៃសាកលវិទ្យាល័យការពារជាតិ និងជាក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានឃុំមានជ័យ ព្រមទាំងក្រុមគ្រួសារ បានបង្ហាញនូវទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លា ដោយបានឧបត្ថម្ភថវិកាចំនួន ៥០០ ដុល្លារអាមេរិក ដើម្បីរួមចំណែកក្នុងការកសាងរបង និងក្លោងទ្វារប៉ុស្តិ៍នគរបាលរដ្ឋបាលមានជ័យ។
ការឧបត្ថម្ភថវិកានេះ គឺជាការរួមចំណែកដ៏សំខាន់មួយក្នុងការកែលម្អហេដ្ឋារចនាសម្ព័ន្ធរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលមានជ័យ ឱ្យមានសោភ័ណភាពកាន់តែប្រសើរឡើង និងធានាសុវត្ថិភាពសម្រាប់មន្ត្រីនគរបាលដែលកំពុងបំពេញភារកិច្ចការពារសន្តិសុខជូនប្រជាពលរដ្ឋ។
ប៉ុស្តិ៍នគរបាលរដ្ឋបាលមានជ័យ បានសម្តែងនូវការគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឧត្តមសេនីយ៍ឯក ដោក សុផា ព្រមទាំងក្រុមគ្រួសារ ចំពោះកាយវិការមនុស្សធម៌ដ៏ប្រពៃនេះ។ ការរួមចំណែកនេះ មិនត្រឹមតែជាការជួយឧបត្ថម្ភផ្នែកសម្ភារៈប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការលើកទឹកចិត្តដ៏ធំធេងដល់កម្លាំងនគរបាលជាតិ ក្នុងការបន្តខិតខំប្រឹងប្រែងបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋ និងការពារសន្តិសុខសណ្តាប់ធ្នាប់សង្គមឱ្យកាន់តែមានប្រសិទ្ធភាព៕






