ថ្នាក់ដឹកនាំខេត្តសៀមរាប ចូលរួមគោរពវិញ្ញាណក្ខន្ធ និងនាំយកថវិកា ជូនគ្រួសារយោធិនមរណភាពដោយរោគាពាធ នៅសមរភូមិមុខ
09-08-2026 17:42
(សៀមរាប)៖ លោក យុន លីនណេ តំណាងលោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦នេះ បានចូលរួមគោរពវិញ្ញាណក្ខន្ធ លោកអនុសេនីយ៍ទោ ថោង សុភាន់ ដែលបានមរណភាពដោយរោគាពាធក្នុងពេលបំពេញបេសកកម្ម នៅសមរភូមិមុខ។
ជាមួយគ្នានេះ លោកបាននាំយកថវិការាជរដ្ឋាភិបាលកម្ពុជាចំនួន ៤០លានរៀល សាររំលែកទុក្ខ ថវិកាខេត្តចំនួន ២លានរៀល សាររំលែកទុក្ខ និងគ្រឿងឧបភោគបរិភោគរបស់រដ្ឋបាលខេត្ត ប្រគល់ជូនគ្រួសារសពនៅភូមិល្បើក ឃុំនគរភាស ស្រុកអង្គរជុំ ខេត្តសៀមរាបផងដែរ។
ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការខេត្តសៀមរាប មានសេចក្ដីរន្ធត់តក់ស្លុតឥតឧបមា ក្រោយពីបានទទួលដំណឹងយ៉ាងក្រៀមក្រំថា លោកអនុសេនីយ៍ទោ ថោង សុភាន់បានទទួលមរណៈ។ ក្នុងបរិយាកាសដ៏សែនក្ដុកក្ដួលនេះ លោកអភិបាលខេត្ត សូមសម្ដែងនូវការសោកស្ដាយ អាឡោះអាល័យជាអនេក និងសូមចូលរួមរំលែកទុក្ខ ដ៏សែនក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារ។
មរណភាពរបស់ លោកអនុសេនីយ៍ទោ ថោង សុភាន់ គឺជាការបាត់បង់ដ៏ធំធេង មិនត្រឹមតែចំពោះក្រុម គ្រួសារប៉ុណ្ណោះទេ តែក៏ជាការបាត់បង់នូវវីរយុទ្ធជនខ្មែរដ៏អង់អាចក្លាហានម្នាក់ ដែលបាន បូជាសាច់ស្រស់ ឈាមស្រស់ ក្នុងកិច្ចការពារបូរណភាពទឹកដី ការពារអធិបតេយ្យជាតិ ពីការ ឈ្លានពានរបស់ពួកខ្មាំងសត្រូវលើសមរភូមិមុខ គួរឱ្យស្ញប់ស្ញែងជាទីបំផុត។
សូមដួងវិញ្ញាណក្ខន្ធរបស់លោកអនុសេនីយ៍ទោ ថោង សុភាន់សូមបានទៅកាន់ សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ យើងខ្ញុំនឹងចង់ចាំនូវគំរូវីរភាពដ៏អង់អាចក្លាហានរបស់ លោកក្នុងក្រអៅបេះដូងជារៀងរហូត៕




















