ក្រុមការងារយុវជនបក្សប្រចាំរដ្ឋណតខែរ៉ូឡាញណា ដាក់ចេញទិសដៅការងារអាទិភាព ៣ចំណុច ដើម្បីជំរុញប្រសិទ្ធភាពការងារ
09-08-2026 17:48
(ព្រះសីហនុ)៖ ក្រុមការងារយុវជនបក្សប្រចាំសហរដ្ឋអាមេរិក តំបន់ឆ្នេរខាងកើត ក្នុងរដ្ឋណតខែរ៉ូឡាញណា បានរៀបចំពិធីសំណេះសំណាល បូកសរុបលទ្ធផលការងារ និងលើកទិសដៅបន្ត ដោយបានដាក់ចេញទិសដៅការងារអាទិភាព ៣ចំណុច ដើម្បីជំរុញប្រសិទ្ធភាពការងារ។
ពិធីនេះធ្វើឡើង កាលពីព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក អ៊ី សុខា ប្រធានក្រុមការងារទទួលបន្ទុករដ្ឋណតខែរ៉ូឡាញណា និងលោក សំរិត សុផាត ប្រធានក្រុមប្រឹក្សាក្រុងកំពង់សោម ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ និងសមាជិក សមាជិកាក្រុមការងារជាច្រើនរូប។
ក្នុងឱកាសនោះ លោក អ៊ី សុខា បានដាក់ចេញនូវចំណុចអាទិភាពសំខាន់ៗចំនួន៣ ដើម្បីពង្រឹងការប្តេជ្ញាចិត្ត វិន័យការងារ និងការទទួលខុសត្រូវរបស់សមាជិក សមាជិកា ក្នុងគោលបំណងជំរុញសកម្មភាពការងារឱ្យកាន់តែមានប្រសិទ្ធភាព និងសកម្មភាពជាក់ស្តែង។ ចំណុចអាទិភាពទាំងនោះរួមមាន៖ ទី១. ពង្រឹងការប្តេជ្ញាចិត្តលើគោលនយោបាយ ដោយតម្រូវឱ្យសមាជិក សមាជិកាមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការបំពេញភារកិច្ច និងជំរុញការងារឱ្យមានវឌ្ឍនភាព។ ទី២. រឹតបន្តឹងវិន័យ និងការគោរពការចាត់តាំង ដោយគ្រប់សមាសភាពត្រូវបំពេញភារកិច្ចតាមការចាត់តាំង គោរពវិន័យ និងចូលរួមកិច្ចប្រជុំ សកម្មភាពនានាឱ្យបានខ្ជាប់ខ្ជួន ដើម្បីពង្រឹងឯកភាពក្នុងការងារ។ ទី៣. លើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្ត ដោយក្រុមការងារត្រូវរួមគ្នាអនុវត្តភារកិច្ចដែលបានដាក់ចេញដោយមានភាពម៉ឺងម៉ាត់ ទទួលខុសត្រូវ និងផ្តោតលើប្រសិទ្ធភាពនៃការងារ។
ជាមួយគ្នានេះ លោក សំរិត សុផាត បានវាយតម្លៃខ្ពស់ចំពោះទិសដៅការងារថ្មីនេះ ដោយចាត់ទុកថាជាជំហានដ៏សំខាន់ក្នុងការពង្រឹងស្មារតីទទួលខុសត្រូវ សាមគ្គីភាព និងវិន័យរបស់ក្រុមការងារ។ ការដាក់ចេញទិសដៅថ្មីនេះ ត្រូវបានរំពឹងថា នឹងជំរុញឱ្យសមាជិក សមាជិកាទាំងអស់មានភាពសកម្មជាងមុន ក្នុងការបំពេញតួនាទី និងភារកិច្ច ព្រមទាំងបង្កើនប្រសិទ្ធភាពការងាររបស់ក្រុមការងារនៅតំបន់ឆ្នេរខាងកើតឱ្យកាន់តែរីកចម្រើន។






















