អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខ និងលើកទឹកចិត្តក្មួយៗបេក្ខជនប្រឡងបាក់ឌុប ដែលទទួលបានការឧបត្ថម្ភ កន្លែងស្នាក់នៅ និងអាហារ ព្រមទាំងកន្លែងផ្ញើកងម៉ូតូ ដោយឥតគិតថ្លៃ
09-08-2026 20:09
(ប៉ៃលិន)៖ រសៀលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៦ លោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខនិងលើកទឹកចិត្ត ក្មួយៗ ប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា២០២៥-២០២៦ ដែលទទួលបានការឧបត្ថម្ភគាំទ្រទាំងស្រុងពីលោកទេសរដ្ឋមន្ត្រី អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តប៉ៃលិន ចំពោះទីកន្លែងស្នាក់នៅ អាហារ ៣ពេល និងរថយន្តដឹកជញ្ជូនទៅមណ្ឌលប្រឡង សម្រាប់បេក្ខជន ដែលមានទីលំនៅឆ្ងាយពីមណ្ឌលប្រឡង ព្រមទាំងកន្លែងផ្ញើយានជំនិះកង់-ម៉ូតូ.ដោយឥតគិតថ្លៃ។
ក្នុងឱកាសនោះដែរ លោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានលើកទឹកចិត្ត ក្មួយៗ សិស្សានុសិស្សទាំងអស់ ដែលជាបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ត្រូវខិតខំប្រឹងប្រែង ឱ្យ អស់ ពីសមត្ថភាព ធ្វើឱ្យបានរួចរាល់លើគ្រប់វិញ្ញាសារ ដោយត្រូវគោរពឱ្យបានខ្ជាប់ខ្ជួននូវបទប្បញ្ញត្តិ និងបទបញ្ជាផ្ទៃក្នុងនៃការ ប្រឡង ព្រមទាំងផ្តាំផ្ញើរជូនដល់ក្មួយៗទាំងអស់ ត្រូវថែរក្សាសុខភាពឱ្យបានល្អរយៈពេល ០២ថ្ងៃនេះ និងខិតខំឱ្យអស់ពី សមត្ថភាព ដើម្បីទទួលបានជោគជ័យក្នុងការប្រឡង ដែលសាកសមជាទំពាំងស្នងឫស្សី នឹងក្លាយជាសសរទ្រូងប្រទេសជាតិនាថ្ងៃអនាគត់។
ក្មួយៗបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បានសម្តែងនូវអារម្មណ៍រំភើបសប្បាយរីករាយ និងថ្លែង អំណរ គុណយ៉ាងជ្រាលជ្រៅចំពោះ លោក អ៊ី ឈាន និងលោកស្រីបណ្ឌិត បាន ស្រីមុំ ដែលបានយកចិត្តទុក្ខដាក់ខ្ពស់ ចំពោះពួកគាត់ ដូចជាការរៀនបំប៉នត្រៀមប្រឡង ឧបត្ថម្ភកន្លែងស្នាក់នៅ និងអាហារ ៣ពេល ក្នុង១ថ្ងៃ ព្រមទាំងការផ្ញើ កង់-ម៉ូតូ ដោយឥតគិតថ្លៃ ដូច្នេះដើម្បីឆ្លើយតបទៅនឹងទឹកចិត្តដ៏ប្រពៃថ្លៃថ្លារបស់លោកទាំង២ ក្មួយៗ ចៅៗ ប្តេជ្ញានឹងខិត ខំប្រឡង ឱ្យទទួលបានលទ្ធផលជោគជ័យទាំងអស់គ្នា។
សូមបញ្ជាក់ថា៖ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៥-២០២៦នេះ គឺប្រព្រឹត្តទៅរយៈ ពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១០-១១ ខែសីហាឆ្នាំ២០២៦ ដោយនៅខេត្តប៉ៃលិន មានបេក្ខជនប្រឡងចំនួន ៦៦២នាក់ ស្រី៦៤នាក់ ស្វៃរិន ៤៣នាក់ ស្រី ៣៨៦នាក់ មាន ២៧បន្ទប់ ដោយចែកចេញជា ២មណ្ឌល ក្នុងនោះផ្នែក វិទ្យាសាស្ត្រ មាន ៥បន្ទប់ ចំនួន ១២១នាក់ ស្រី ៦៤នាក់ និងផ្នែកវិទ្យាសាសស្ត្រសង្គម មាន ២២បន្ទប់ ចំនួន ៥៤១នាក់ ស្រី ៣២២នាក់៕














