រដ្ឋបាលខេត្តស្ទឹងត្រែងរៀបចំ ពិធីហោមព្រេនបួងសួងបើកព្រះនេត្រទេវរូបព្រះភុម្មជយមង្គល-អូរពងមាន់ក្រុងស្ទឹងត្រែង
09-08-2026 20:25
(ស្ទឹងត្រែង)៖ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៦ លោកសរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញជាអធិបតីក្នុងពិធីហោមព្រេនបួងសួងតាមទំនៀមទេវពិធីបើកព្រះនេត្រទេវរូបព្រះភុម្មជយមង្គល-អូរពងមាន់ ស្ថិតនៅក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ដើម្បីសុំសេចក្តីសុខ សុវត្ថិភាព សេចក្តីចម្រុងចម្រើន និងសិរីសួស្តីជូនដល់ប្រជាពលរដ្ឋ
ពិធីនេះត្រូវបានរៀបចំឡើង ស្របតាមប្រពៃណីជាតិ ដោយមានការអញ្ជើញចូលរួមពី លោក លោកជំទាវ ជាគណៈអភិបាលរងខេត្ត អភិបាលក្រុង មន្ត្រីរាជការ លោក លោកស្រី ជាប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្តជាច្រើនរូប ។
ពិធីហោមព្រេនបួងសួងបើកព្រះនេត្រ ទេវរូបព្រះភុម្មជយមង្គលនេះ គឺជាពិធីសាសនាដ៏មានអត្ថន័យសំខាន់ក្នុងការសុំសេចក្តីសុខ សុវត្ថិភាព សេចក្តីចម្រុងចម្រើន និងសិរីសួស្តីជូនដល់ប្រជាពលរដ្ឋទាំងអស់ ក៏ដូចជាជាការបង្ហាញពីការគោរពជឿជាក់លើជំនឿបុរាណប្រពៃណីខ្មែរ ដែលបានបន្តទុកដល់សម័យបច្ចុប្បន្ន។
គួរបញ្ជាក់ថា រង្វង់មូលដែលតម្កល់ទេវរូបព្រះភុម្មជយមង្គល (ព្រះភូមិជ័យមង្គល) ត្រូវបានរដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំពិធីក្រុងពាលី បញ្ចុះបឋមសីលាបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥ កន្លងទៅ ដោយសាងសង់តាមបែបរចនាបទវប្បធម៌ជាតិ មានលក្ខណៈស្រស់ស្អាត ទាក់ទាញ និងសមស្របនឹងអត្តសញ្ញាណខេត្ត។
ការសាងសង់រង្វង់មូលនេះ មិនត្រឹមតែមានគោលបំណងបង្កើនសោភណ្ឌភាព និងលម្អទីក្រុងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានគោលដៅជាចម្បងក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ ដែលធ្វើដំណើរឆ្លងកាត់ខេត្តស្ទឹងត្រែង ឱ្យចូលមកទស្សនា និងស្គាល់អំពីវប្បធម៌ ប្រពៃណី និងសក្តានុពលទេសចរណ៍ក្នុងតំបន់ភាគឦសានផងដែរ។ លើសពីនេះ វាក៏ជាការចូលរួមអភិវឌ្ឍន៍មូលដ្ឋានឱ្យមានការរីកចម្រើន ស្របតាមគោលនយោបាយដឹកនាំដ៏ឆ្លាតវៃ និងច្បាស់លាស់ របស់ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ទេវរូបព្រះភុម្មជយមង្គលនេះ ត្រូវបានរំពឹងថា នឹងក្លាយជានិមិត្តរូបសំខាន់មួយ និងជាសំណង់ប្រវត្តិសាស្ត្រថ្មីសម្រាប់ខេត្តស្ទឹងត្រែង ដែលបង្ហាញពីភាពរីកចម្រើន និងការអភិវឌ្ឍន៍ជាបន្តបន្ទាប់ ក្រោមការដឹកនាំរបស់លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង ព្រមទាំងការចូលរួមគាំទ្រយ៉ាងសកម្មពីមន្ត្រីរាជការ និងប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ៕






















