ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ៖គណបក្សប្រជាជនកម្ពុជាមិនទុកឱ្យពលរដ្ឋណាម្នាក់ស្លាប់ដោយសារដាច់ស្បៀងនោះឡើយ
09-08-2026 20:51
(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ និងជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអះអាងថា គណបក្សប្រជាជនកម្ពុជាមិនទុកឱ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយសារដាច់ស្បៀងនោះឡើយ ដោយគណបក្សប្រជាជនកម្ពុជាតែងតែជួយជ្រោមជ្រែងដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសអ្នកដែលមានជីវភាពខ្វះខាត ដោយមិនប្រកាន់និន្នាការនយោបាយ ឬសាសនាឡើយ។
ការលើកឡើងនេះ ធ្វើឡើងក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ៨១ គ្រួសារ មកពី ៥ ភូមិ ស្ថិតនៅទីស្នាក់ការគណបក្សឃុំដំរីស្លាប់ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ កាលពីថ្ងៃទី ០៩ ខែ សីហា ឆ្នាំ ២០២៦។
ក្នុងឱកាសនេះ លោកស្រី ឃួន ឃុនឌី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខដោយក្តីនឹករលឹកពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលតែងតែគិតគូរពីទុក្ខលំបាករបស់បងប្អូនគ្រប់កាលៈទេសៈ។ លោកស្រីបានសង្កត់ធ្ងន់ថា គណបក្សប្រជាជនកម្ពុជានៅតែជាគណបក្សតែមួយគត់ដែលបានចូលរួមយ៉ាងសកម្មក្នុងការសង្គ្រោះ និងអភិវឌ្ឍន៍ប្រទេសកម្ពុជាឥតឈប់ឈរ ទាំងផ្នែកសេដ្ឋកិច្ច និងនយោបាយ ព្រមទាំងជួយជ្រោមជ្រែងដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសអ្នកដែលមានជីវភាពខ្វះខាត ដោយមិនប្រកាន់និន្នាការនយោបាយ ឬសាសនាឡើយ។
ជាក់ស្តែង ក្នុងឱកាសនោះ លោកស្រី និងក្រុមការងារគណបក្សបានចុះមកផ្តល់អំណោយដល់ប្រជាពលរដ្ឋដែលខ្វះខាតស្បៀងអាហារ ដោយមួយគ្រួសារៗទទួលបានអង្ករ ២០ គីឡូក្រាម ទឹកសុទ្ធ ១ យួរ ឃីដ ១ កញ្ចប់ (មី ២០ កញ្ចប់ ប្រហុក ១ កែវ អំបិលអ៊ីយ៉ូត ២ កញ្ចប់ ទឹកត្រី ៣ ដប ទឹកស៊ីអ៊ីវ ៣ ដប ឆៃប៉ូវ ២ គីឡូក្រាម) សារុង ១ និងថវិកា ២០,០០០ រៀល។ សកម្មភាពនេះបានបង្ហាញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលប្រកាន់ខ្ជាប់នូវគោលនយោបាយ «គណបក្សប្រជាជនកើតចេញពីប្រជាជន ដើម្បីប្រជាជន និងសម្រាប់ប្រជាជន»។
លោកស្រី ឃួន ឃុនឌី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋបន្តគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីរួមសុខទុក្ខក្រោមដំបូលសន្តិភាព និងបន្តឃើញនូវការអភិវឌ្ឍប្រទេសជាតិឥតឈប់ឈរ។
បន្ទាប់ពីបញ្ចប់ពិធី លោកស្រី និងក្រុមការងារក៏បានចុះត្រួតពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់ទីស្នាក់ការគណបក្សស្រុក ដែលសម្រេចបាន ៤៥% ផងដែរ។




























