អភិបាលស្រុកតាំងគោក ជួបសំណេះសំណាល និងឧបត្ថម្ភថវិកាដល់សិស្សក្រីក្រ ២៨នាក់ ត្រៀមប្រឡងបាក់ឌុប
09-08-2026 21:39
(កំពង់ធំ)៖ ដើមី្បជួយសម្រាលទុក្ខធុរៈ និងលើកកម្ពស់ស្មារតីដល់សិស្សានុសិស្សដែលមានជីវភាពខ្វះខាត នារសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦នេះ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក បានជួបសំណេះសំណាលសួរសុខទុក្ខ និងប្រគល់ថវិកាឧបត្ថម្ភដល់សិស្សានុសិស្សក្រីក្រ ត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សរុបចំនួន ២៨នាក់ នៅមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ធំ។
សកម្មភាពចុះជួយដោយផ្ទាល់នេះ គឺធ្វើឡើងស្របតាមអនុសាសន៍ និងការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់ថ្នាក់ដឹកនាំកំពូលនៃជាតិ ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមទាំងមានការចង្អុលបង្ហាញ និងជំរុញយ៉ាងយកចិត្តទុកដាក់ពីសំណាក់លោកអភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ដែលជានិច្ចកាលតែងតែដាស់តឿនដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ឱ្យយកចិត្តទុកដាក់ខ្ពស់ចំពោះការអប់រំ សុខទុក្ខ និងអនាគតរបស់ក្មួយៗសិស្សានុសិស្ស ដែលជាទំពាំងស្នងឫស្សីរបស់ជាតិ។
នៅក្នុងឱកាសនោះដែរលោកអភិបាលស្រុកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកមេឃុំទាំង ៨ ក្នុងស្រុកតាំងគោក ដែលបានខិតខំយកចិត្តទុកដាក់ និងបានអញ្ជើញចូលរួមអមដំណើរ ដើមី្បជាកម្លាំងចិត្ត និងជាការលើកទឹកចិត្តយ៉ាងសំខាន់ដល់ប្អូនៗសិស្សានុសិស្សទាំងអស់ក្នុងពិធីនេះ។
ឆ្លៀតក្នុងឱកាសនោះ លោកបានផ្តល់អនុសាសន៍ផ្តាំផ្ញើយ៉ាងយកចិត្តទុកដាក់ដល់ប្អូនៗសិស្សានុសិស្សទាំងអស់ ឱ្យខិតខំប្រឹងប្រែងរៀនសូត្រ បង្កើនទំនុកចិត្តលើខ្លួនឯង និងត្រូវយកចិត្តទុកដាក់ខ្ពស់លើបញ្ហាសុខភាព។
ជាពិសេសលោកបានក្រើនរំលឹកការថែរក្សាសុខភាព៖ ត្រូវរៀបចំពេលវេលាសម្រាក និងគេងឱ្យបានគ្រប់គ្រាន់ ដើមី្បឱ្យស្មារតីស្រឡះល្អ។ ការប្រុងប្រយ័ត្នលើរបបអាហារ៖ ត្រូវប្រុងប្រយ័ត្នចំពោះការហូបចុក ដោយចៀសវាងដាច់ខាតនូវការហូបចំណីអាហារម្ជូរ របស់ផ្អាប់ ឬអាហារគ្មានអនាម័យ ដែលអាចបណ្តាលឱ្យឈឺពោះ រាករូស និងរំខានដល់ដំណើរការនៃការប្រឡង។
គួរបញ្ជាក់ផងដែរថា ក្រៅពីការផ្តាំផ្ញើអាណិតស្រឡាញ់ និងការផ្តល់ឱវាទល្អៗ គណៈអធិបតីក៏បានប្រគល់ជូននូវថវិកាឧបត្ថម្ភដោយផ្ទាល់ដៃដល់សិស្សក្រីក្រទាំង ២៨ នាក់ ដោយក្នុងម្នាក់ៗទទួលបាន ២០ម៉ឺនរៀល ដើម្បីជួយសម្រាលបន្ទុកចំណាយក្នុងការសិក្សា និងជាកម្លាំងចិត្តបន្ថែមក្នុងការសម្រេចបាននូវលទ្ធផលល្អប្រសើរក្នុងសម័យប្រឡងនាពេលខាងមុខ។
សកម្មភាពនេះបានស្តែងឱ្យឃើញយ៉ាងច្បាស់ពីស្មារតីយកចិត្តទុកដាក់ និងការរួមសហការគ្នាយ៉ាងជិតស្និទ្ធរវាងអាជ្ញាធរដែនដីស្រុកតាំងគោក និងថ្នាក់ដឹកនាំឃុំទាំង ៨ ក្នុងការលើកកម្ពស់វិស័យអប់រំ និងធនធានមនុស្សនៅក្នុងមូលដ្ឋាន៕




























