* Fresh Exclusive/ Commentary: មេរៀនសម្រាប់ អ៊ុំ សំអាន៖ ចោទប្រកាន់រឿងបាត់បង់ទឹកដី ត្រូវមានភស្តុតាង!
* លោក តូ ឡឹម ផ្ញើសារថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន និងប្តេជ្ញាបន្តពូនជ្រុំទំនាក់ទំនងកម្ពុជា-វៀតណាម ឱ្យកាន់តែរីកចម្រើនរឹងមាំ
* ជាជនជាតិប៉ូឡូញ តែមានបេះដូងជាខ្មែរ ស្រឡាញ់សម្លៀកបំពាក់ខ្មែរ ស្រឡាញ់ឈ្មោះជាខ្មែរ ហើយបានដាក់ទុនវិនិយោគដ៏ច្រើននៅខ្មែរ
* ជួបសម្តេចមហាបវរធិបតី, ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញាជំរុញការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជនកម្ពុជា-ប៉ូឡូញ
* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៊ី ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* ចិនព្រមានពលរដ្ឋរបស់ខ្លួនពី Scams នៅក្រោមរូបភាពផ្ដល់ការងារមានប្រាក់ខែខ្ពស់ និងការចាប់ពង្រត់ក្នុងប្រទេសថៃ
* រដ្ឋមន្ត្រីការបរទេសក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តជូនសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងជួយជំរុញបន្ថែមលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឈានចូលវ័យ៥០ឆ្នាំ
* សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរដល់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* លោក ពូទីន ស្នើរៀបចំកិច្ចប្រជុំកំពូលជាមួយលោក ត្រាំ និងលោក ស៉ី ដើម្បីពិភាក្សាអំពីកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមអ៊ុយក្រែន
* លោក ដូណាល់ ត្រាំ៖ បារាំងកំពុងឆាបឆេះ និងត្រូវបានបំបែកបំបាក់ដោយអន្តោប្រវេសន៍
* រដ្ឋធានីប៉េកាំងរបស់ចិន ត្រូវបានរំពឹងថានឹងក្លាយជាសង្គមសម្បូរមនុស្សចាស់នៅឆ្នាំ២០៣៥
* លោក ត្រាំ គាំទ្រលោក Netanyahu ក្នុងការបោះឆ្នោតសកលរបស់អ៉ីស្រាអែល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្តតបលោក អ៊ុំ សំអាន ដោយផ្តល់ជម្រើសបន្ថែមសម្រាប់ការជជែកបញ្ជាក់ព្រំដែន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

រដ្ឋមន្ត្រី ហួត ហាក់ អញ្ជើញជួបសំណេះសំណាលជាមួយសហគមន៍ទេសចរណ៍ចំនួន ៨ នៃខេត្តស្ទឹងត្រែង ដើម្បីជំរុញទេសចរណ៍សហគមន៍ប្រកបដោយចីរភាព

10-08-2026 10:21

(ស្ទឹងត្រែង)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសហគមន៍ទេសចរណ៍ទាំង ៨ នៃខេត្តស្ទឹងត្រែង រួមមាន៖

១៖ សហគមន៍អេកូទេសចរណ៍អន្លងផ្សោតត្បូងខ្លា
២៖ សហគមន៍អេកូទេសចរណ៍ជួរវែង
៣៖ សហគមន៍អេកូទេសចរណ៍កោះព្រះ
៤៖ សហគមន៍អេកូទេសចរណ៍អូរឬស្សីកណ្តាល
៥៖ សហគមន៍អេកូទេសចរណ៍បុរីអូរស្វាយ
៦៖ សហគមន៍អេកូទេសចរណ៍ព្រះរំកិល
៧៖ សហគមន៍អេកូទេសចរណ៍សម្រស់កោះហាន
៨៖ សហគមន៍ជនជាតិដើមភាគតិច។

ពិធីនេះធ្វើឡើង ដើម្បីស្តាប់ដោយផ្ទាល់នូវវឌ្ឍនភាព សក្តានុពល បញ្ហាប្រឈម និងសំណូមពររបស់សហគមន៍ ព្រមទាំងពិភាក្សាអំពីទិសដៅក្នុងការពង្រឹងគុណភាពសេវាកម្ម បង្កើតផលិតផលទេសចរណ៍ថ្មីៗ និងជំរុញការផ្សព្វផ្សាយសហគមន៍ទេសចរណ៍ខេត្តស្ទឹងត្រែងឱ្យកាន់តែទូលំទូលាយ។

ពិធីសំណេះសំណាលនេះ បានផ្តល់ឱកាសដល់តំណាងសហគមន៍លើកឡើងដោយផ្ទាល់អំពីស្ថានភាពជាក់ស្តែងនៅតាមមូលដ្ឋាន និងចែករំលែកបទពិសោធន៍នៃការគ្រប់គ្រងសហគមន៍ ការផ្តល់សេវាទេសចរណ៍ ការអភិរក្សធនធានធម្មជាតិ ក៏ដូចជាបញ្ហាប្រឈមដែលត្រូវការការគាំទ្រពីក្រសួងទេសចរណ៍ អាជ្ញាធរមូលដ្ឋាន ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន។

ខេត្តស្ទឹងត្រែង មានសក្តានុពលខ្ពស់សម្រាប់ការអភិវឌ្ឍទេសចរណ៍ធម្មជាតិ អេកូទេសចរណ៍ និងទេសចរណ៍សហគមន៍ ដោយសម្បូរទៅដោយទន្លេ កោះ ព្រៃលិចទឹក ឆ្នេរខ្សាច់ ព្រៃសហគមន៍ ទឹកធ្លាក់ តំបន់ជម្រកសត្វព្រៃ និងសត្វផ្សោតទន្លេមេគង្គ។

សហគមន៍នានាបាននិងកំពុងរៀបចំសកម្មភាពទេសចរណ៍ចម្រុះ ដូចជា ការជិះទូកកម្សាន្តតាមដងទន្លេ ជិះកង់ ដើរព្រៃ បោះតង់ ស្ទូចត្រី ទស្សនាសត្វស្លាប មើលថ្ងៃលិច និងស្វែងយល់ពីរបៀបរស់នៅរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

ថ្លែងទៅកាន់សហគមន៍ រដ្ឋមន្ត្រី ហួត ហាក់ បានវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់សហគមន៍ក្នុងការថែរក្សា និងអភិរក្សធនធានធម្មជាតិ ព្រៃឈើ ជីវចម្រុះ និងប្រភពទឹក ព្រមទាំងការប្រើប្រាស់ធនធានទាំងនេះប្រកបដោយការទទួលខុសត្រូវ ដើម្បីបង្កើតមុខរបរ ប្រាក់ចំណូល និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋតាមរយៈវិស័យទេសចរណ៍។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យសហគមន៍បន្តពង្រឹងសាមគ្គីភាព និងភាពជាម្ចាស់ក្នុងការគ្រប់គ្រងតំបន់ទេសចរណ៍របស់ខ្លួន ដោយយកចិត្តទុកដាក់លើអនាម័យ បរិស្ថាន សុវត្ថិភាព គុណភាពសេវាកម្ម បដិសណ្ឋារកិច្ច និងការបង្កើតបទពិសោធន៍ថ្មីៗសម្រាប់ភ្ញៀវទេសចរ ព្រមទាំងរក្សាឱ្យបាននូវអត្តសញ្ញាណ និងភាពដើមនៃធម្មជាតិ និងសហគមន៍មូលដ្ឋាន។

លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា «សហគមន៍មិនត្រឹមតែជាអ្នកផ្តល់សេវាទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែជាម្ចាស់ធនធាន ជាអ្នកអភិរក្ស និងជាតួអង្គដ៏សំខាន់ក្នុងការបង្កើតបទពិសោធន៍ទេសចរណ៍ពិតប្រាកដ។ ការអភិវឌ្ឍទេសចរណ៍សហគមន៍ ត្រូវធានាឱ្យផលប្រយោជន៍ពីវិស័យទេសចរណ៍ទៅដល់ប្រជាពលរដ្ឋមូលដ្ឋានដោយផ្ទាល់ និងរួមចំណែកថែរក្សាធនធានធម្មជាតិឱ្យបានគង់វង្សសម្រាប់មនុស្សជំនាន់ក្រោយ»។

រដ្ឋមន្ត្រី ហួត ហាក់ បានជំរុញឱ្យមានការពង្រឹងភាពជាដៃគូរវាង រដ្ឋ ឯកជន និងសហគមន៍ ដើម្បីរួមគ្នាអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងផលិតផលទេសចរណ៍ ពង្រឹងស្តង់ដាសេវាកម្ម បណ្តុះបណ្តាលធនធានមនុស្ស ជំរុញការផ្សព្វផ្សាយឌីជីថល និងតភ្ជាប់សហគមន៍ទេសចរណ៍ទៅនឹងទីផ្សារទេសចរណ៍ក្នុងស្រុក និងអន្តរជាតិ។

សូមជម្រាបជូនថា ពិធីសំណេះសំណាលនេះ ក៏ជាផ្នែកមួយនៃការជំរុញការអភិវឌ្ឍទេសចរណ៍ក្នុងរដូវកាលបៃតង ដោយបង្ហាញថា ខេត្តស្ទឹងត្រែងមិនត្រឹមតែជាគោលដៅសម្បូរទៅដោយធនធានធម្មជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានសហគមន៍មូលដ្ឋានដែលជាកម្លាំងដ៏សំខាន់ក្នុងការអភិរក្សធនធាន បង្កើតផលិតផលទេសចរណ៍ និងចែករំលែកផលប្រយោជន៍ពីវិស័យទេសចរណ៍ទៅដល់ប្រជាពលរដ្ឋប្រកបដោយបរិយាបន្ន និងចីរភាព៕