សាកលវិទ្យាល័យ AUPP រៀបចំសន្និសីទអន្តរជាតិ IBTSS 2026 ដើម្បីជំរុញកិច្ចសហប្រតិបត្តិការឆ្ពោះទៅរកអាស៊ានប្រកបដោយចីរភាព
10-08-2026 14:32
(ភ្នំពេញ)៖ សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) បានរៀបចំដោយជោគជ័យនូវសន្និសីទអន្តរជាតិរយៈពេលពីរថ្ងៃ ស្តីពី «ការធ្វើសមាហរណកម្មធុរកិច្ច បច្ចេកវិទ្យាឌីជីថល និងវិទ្យាសាស្ត្រសង្គម ដើម្បីអាស៊ានប្រកបដោយចីរភាព និងលើសពីនេះ» (IBTSS 2026) នៅថ្ងៃទី៦-៧ ខែសីហា ឆ្នាំ២០២៦។
សន្និសីទអន្តរជាតិ IBTSS លើកទី២ នេះ មានអ្នកចូលរួមជិត ២០០នាក់ មកពីវិស័យ និងជំនាញជាច្រើន និងមានគោលបំណងផ្សារភ្ជាប់វិស័យធុរកិច្ច បច្ចេកវិទ្យាឌីជីថល វិទ្យាសាស្ត្រសង្គម និងការអប់រំ ដើម្បីរួមគ្នាដោះស្រាយបញ្ហានៃការអភិវឌ្ឍប្រកបដោយចីរភាពនៅទូទាំងតំបន់អាស៊ាន និងលើសពីនេះ។
ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News លោកបណ្ឌិត Matthew Schenk ប្រធានសាកលវិទ្យាល័យ AUPP បានគូសបញ្ជាក់ពីសារៈសំខាន់នៃការប្រមូលផ្តុំអ្នកជំនាញមកពីវិស័យ និងប្រទេសផ្សេងៗគ្នា ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមដែលកាន់តែមានភាពស្មុគស្មាញ។
លោកបានថ្លែងថា៖ «IBTSS មានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់កម្ពុជា និងតំបន់អាស៊ាន ពីព្រោះសន្និសីទនេះបានប្រមូលផ្តុំអ្នកជំនាញ អ្នកស្រាវជ្រាវ និងថ្នាក់ដឹកនាំវិស័យអប់រំមកពីទូទាំងតំបន់ ក៏ដូចជាពីជុំវិញពិភពលោក ដើម្បីរួមគ្នាដោះស្រាយបញ្ហាស្មុគស្មាញនានា។ បញ្ហាដែលយើងកំពុងប្រឈមនាពេលបច្ចុប្បន្ន មិនមែនជាបញ្ហារបស់ទីក្រុងណាមួយ ឬប្រទេសណាមួយតែឯងនោះទេ។ បញ្ហាទាំងនេះមានលក្ខណៈតំបន់ សកល និងស្មុគស្មាញ»។
លោកបានបន្តថា៖ «បញ្ហាទាំងនេះទាមទារឱ្យមានមនុស្សមកពីវិស័យផ្សេងៗគ្នា ធ្វើការរួមគ្នា ពិភាក្សាគ្នា និងធ្វើការស្រាវជ្រាវ។ ដូច្នេះ គោលដៅនៃសន្និសីទនេះ គឺដើម្បីផ្សារភ្ជាប់មនុស្សទាំងនោះឱ្យមកជួប និងធ្វើការរួមគ្នា»។
លោកសង្ឃឹមថា សន្និសីទនេះនឹងជួយពង្រឹងទំនាក់ទំនងរវាងអ្នកស្រាវជ្រាវ ថ្នាក់ដឹកនាំវិស័យអប់រំ និងបុគ្គលដែលមានឥទ្ធិពលផ្សេងៗនៅជុំវិញពិភពលោក និងលើកទឹកចិត្តឱ្យពួកគេធ្វើការរួមគ្នាដើម្បីដោះស្រាយបញ្ហាប្រឈមដ៏ស្មុគស្មាញ។ លោកក៏បានបង្ហាញនូវជំនឿជឿជាក់ចំពោះយុវជនជំនាន់ក្រោយរបស់កម្ពុជា និងសក្តានុពលរបស់ពួកគេក្នុងការដើរតួនាទីដ៏សំខាន់នៅក្នុងសេដ្ឋកិច្ចឌីជីថលដែលកំពុងរីកចម្រើន។
លោកបានថ្លែងថា៖ «ជាពិសេសនៅកម្ពុជា មានការគាំទ្រយ៉ាងខ្លាំងទាំងនៅកម្រិតរាជរដ្ឋាភិបាល កម្រិតស្ថាប័នសិក្សា និងពីសហគមន៍ ចំពោះវិស័យអប់រំ និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល។ ដូច្នេះ ខ្ញុំជឿជាក់ថា យុវជនកម្ពុជានឹងក្លាយជាអ្នកដឹកនាំនៃសេដ្ឋកិច្ចឌីជីថលនេះ មិនត្រឹមតែនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅក្នុងតំបន់ និងជុំវិញពិភពលោកផងដែរ»។
ជាមួយគ្នានេះ លោកស្រីបណ្ឌិត Jeni McRay ជំនួយការសាកលវិទ្យាធិការទទួលបន្ទុកអន្តរជាតូបនីយកម្ម និងគំនិតផ្តួចផ្តើមយុទ្ធសាស្ត្រ នៃសាកលវិទ្យាល័យ រដ្ឋហ្វតហេស៍ បានគូសបញ្ជាក់ពីសារៈសំខាន់នៃសន្និសីទអន្តរវិស័យសម្រាប់និស្សិតសាកលវិទ្យាល័យ និងអ្នកស្រាវជ្រាវជំនាន់ថ្មី។
លោកស្រីបណ្ឌិត McRay បានប្រាប់ Fresh News ថា៖ «ខ្ញុំគិតថា សម្រាប់អ្នកស្រាវជ្រាវវ័យក្មេង និងនិស្សិតសាកលវិទ្យាល័យ វាមានសារៈសំខាន់ក្នុងការបង្ហាញគំរូនៃការធ្វើសមាហរណកម្មរវាងវិស័យផ្សេងៗ ដូចជា វិទ្យាសាស្ត្រសង្គម បច្ចេកវិទ្យា និងធុរកិច្ច ហើយផ្តល់ឱកាសឱ្យពួកគេបានស្តាប់ទស្សនៈផ្សេងៗពីសាកលវិទ្យាល័យ និងវិស័យជំនាញផ្សេងៗ ខណៈដែលពួកគេចាប់ផ្តើមអាជីពរបស់ខ្លួន និងចាប់ផ្តើមកំណត់ទិសដៅស្រាវជ្រាវ សម្រាប់អ្នកដែលមានបំណងបន្តអាជីពក្នុងវិស័យសិក្សាស្រាវជ្រាវ»។
លោកស្រីបានបន្តថា ការចូលរួមក្នុងសន្និសីទសិក្សាអន្តរជាតិ ក៏អាចជួយយុវជនក្នុងការអភិវឌ្ឍជំនាញភាពជាអ្នកដឹកនាំ និងក្លាយជាពលរដ្ឋដែលមានការចូលរួមកាន់តែសកម្មក្នុងសហគមន៍សកល។
លោកស្រីបានថ្លែងថា៖ «យុវជនពិតជាត្រូវការជំនាញភាពជាអ្នកដឹកនាំ ហើយភាពជាពលរដ្ឋសកលក៏ជាជំនាញដ៏សំខាន់មួយនៅក្នុងពិភពលោកនាពេលបច្ចុប្បន្ន។ ការចូលរួមក្នុងសន្និសីទបែបនេះ អាចបើកទូលាយគំនិត និងទស្សនៈរបស់ពួកគេលើវិធីសាស្ត្រផ្សេងៗក្នុងការដោះស្រាយបញ្ហា ដែលនឹងក្លាយជារឿងចាំបាច់នាពេលអនាគត។ ដូច្នេះ ខ្ញុំគិតថា វាគឺជាឱកាសដ៏ល្អប្រសើរសម្រាប់អ្នកសិក្សាស្រាវជ្រាវវ័យក្មេង ក្នុងការចូលរួម និងទទួលបានអត្ថប្រយោជន៍ពីសន្និសីទដូចជា IBTSS»។
សន្និសីទ IBTSS 2026 ត្រូវបានរៀបចំឡើងតាមរយៈកិច្ចសហការរវាងសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ, សាកលវិទ្យាល័យ អារីហ្សូណា, សាកលវិទ្យាល័យ រដ្ឋហ្វតហេស៍ និងអង្គការ Primax Foundation នៃប្រទេសឥណ្ឌា។
តាមរយៈវគ្គពិភាក្សា កិច្ចពិភាក្សាជាក្រុម សិក្ខាសាលា និងបទបង្ហាញស្រាវជ្រាវនានា សន្និសីទ IBTSS 2026 បានលើកកម្ពស់ការផ្សារភ្ជាប់ឱ្យកាន់តែជិតស្និទ្ធរវាងនវានុវត្តន៍បច្ចេកវិទ្យា ការអភិវឌ្ឍសេដ្ឋកិច្ច និងការយល់ដឹងអំពីតម្រូវការរបស់សង្គម។ សន្និសីទ IBTSS 2026 មានគោលបំណងប្រើប្រាស់សក្តានុពលនៃកិច្ចសហប្រតិបត្តិការ ការផ្លាស់ប្តូរចំណេះដឹង និងសកម្មភាពរួម ដើម្បីបង្កើតមាគ៌ាថ្មីៗសម្រាប់កំណើនប្រកបដោយបរិយាបន្ន ការគ្រប់គ្រង និងថែរក្សាបរិស្ថានប្រកបដោយការទទួលខុសត្រូវ និងសុខុមាលភាពសង្គម ដោយមានគោលដៅទូលំទូលាយក្នុងការកសាងអនាគតប្រកបដោយចីរភាព។










