នាយឧត្តមសេនីយ៍ មាស វិរិទ្ធ និងអភិបាលខេត្តព្រៃវែង អញ្ជើញសម្ពោធជាផ្លូវការការិយាល័យទំនាក់ទំនងព្រំដែន (BLO) កោះរកា

10-08-2026 15:06

(ព្រៃវែង)៖ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីបេីកដាក់ឲ្យដំណេីរការជាផ្លូវការការិយាល័យទំនាក់ទំនងព្រំដែន (BLO) កោះរកា ខេត្តព្រៃវែង។

ក្នុងពិធីបេីកនេះមានការអញ្ជើញចូលរួមពីអគ្គលេខាធិការរង ប្រធាននាយកដ្ឋាននៃអគ្គលេធិការដ្ឋាន អ.ជ.ប.គ.ញ. អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តដុងថាប់ ប្រទេសវៀតណាម​ អភិបាលរង​ខេត្ត​ តំណាងអង្គការ UNODC នាយក​ នាយករងរដ្ឋបាលសាលាខេត្ត​ ថ្នាក់ដឹកនាំមន្ទីរ-អង្គភាព កងកម្លាំង អាជ្ញាធរស្រុក សមាសភាពអនុប្រធាន និងសមាជិកការិយាល័យទំនាក់ទំនងព្រំដែន (BLO) កោះរកា ប្រធានទីស្នាក់ការច្រកទ្វាព្រំដែនទាំង៦ នគរបាលការពារព្រំដែន និងមេបញ្ជាការកងវរសេនាតូចផងដែរ។

ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានណែនាំដល់ការិយាល័យ BLO ដែលទើបប្រកាសបើកថ្មីនាថ្ងៃនេះ សូមយកចិត្តទុកដាក់ក្នុងការអនុវត្តតួនាទីភារកិច្ចឲ្យបានល្អ ពង្រឹងការសហការចែករំលែក ផ្លាស់ប្តូរព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយការិយាល័យ BLO នៃប្រទេសទល់មុខដើម្បីឈានទៅដល់ការបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសដឹកជញ្ជូន ជួញដូរគ្រឿងញៀន និងបទឧក្រិដ្ឋឆ្លងដែន។

សូមជម្រាបថា ការិយាល័យ BLO គឺ ការិយាល័យទំនាក់ទំនងព្រំដែន (Border Liaison Office) ដែលបង្កើតឡើងនៅតាមច្រកទ្វារព្រំដែនអន្តរជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន ការជួញដូរមនុស្ស និងបទល្មើសឆ្លងដែនផ្សេងៗ តាមរយៈការផ្លាស់ប្តូរព័ត៌មាន និងកិច្ចសហការរវាងប្រទេសជិតខាង៕