ខេត្តកំពង់ស្ពឺ មានបេក្ខជនប្រឡងបាក់ឌុបសរុប ៦,០៨៨នាក់

10-08-2026 15:08

(កំពង់ស្ពឺ)៖ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦ ទូទាំងខេត្តកំពង់ស្ពឺ បានដំណើរការដោយភាពរលូន និងសណ្តាប់ធ្នាប់ល្អ។ សម្រាប់ឆ្នាំនេះ ខេត្តកំពង់ស្ពឺបានបែងចែកមណ្ឌលប្រឡងចំនួន ១៣កន្លែង ដែលមានបេក្ខជនសរុប ៦,០៨៨នាក់ ក្នុងនោះបេក្ខនារីមានចំនួន ៣,៤៦៨នាក់។

ដើម្បីធានាបាននូវសុវត្ថិភាព និងសណ្តាប់ធ្នាប់ កងកម្លាំងមានសមត្ថកិច្ចជាច្រើននាក់ ត្រូវបានដាក់ពង្រាយការពារយ៉ាងតឹងរ៉ឹងនៅតាមមណ្ឌលប្រឡងនីមួយៗ។ ជាមួយគ្នានេះ ក្រុមយុវជនស្ម័គ្រចិត្ត (ស.ស.យ.ក) ខេត្តកំពង់ស្ពឺ ក៏បានចូលរួមយ៉ាងសកម្មក្នុងការត្រួតពិនិត្យ និងសម្របសម្រួលដល់បេក្ខជន-បេក្ខនារី។ លើសពីនេះ ក្រុមគ្រូពេទ្យ និងរថយន្តសង្គ្រោះក៏ត្រូវបានត្រៀមនៅគ្រប់មណ្ឌលប្រឡងទាំង១៣ ដើម្បីផ្តល់សេវាពិនិត្យ និងព្យាបាលសុខភាពជូនដល់បេក្ខជន និងបុគ្គលិកពាក់ព័ន្ធ។

លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញចុះត្រួតពិនិត្យ និងផ្តល់កិត្តិយសក្នុងពិធីបើកវិញ្ញាសារប្រឡងឆ្នាំ២០២៦នេះ។

លោកបណ្ឌិតអភិបាលខេត្ត បានថ្លែងផ្តាំផ្ញើ និងជូនពរដល់បេក្ខជនទាំងអស់ ឲ្យខិតខំប្រឹងប្រែងធ្វើវិញ្ញាសារឲ្យបានល្អ គោរពពេលវេលា និងបន្តការសិក្សា ទោះលទ្ធផលយ៉ាងណាក៏ដោយ។ លោកបានសង្កត់ធ្ងន់ថា «អ្នកចេះ គឺជាប់» ដែលជាពាក្យជំរុញទឹកចិត្តដ៏មានន័យ។

លោក ថន ថារិន ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា ដំណើរការប្រឡងឆ្នាំនេះ មានអនុរក្សចំនួន ៥៦៧នាក់ (ស្រី ២០២នាក់) និងគណៈមេប្រយោគចំនួន ៩១៧នាក់ (ស្រី ៣០៣នាក់)។ ការរៀបចំដ៏ហ្មត់ចត់នេះ គឺដើម្បីធានាឲ្យការប្រឡងប្រព្រឹត្តទៅដោយយុត្តិធម៌ តម្លាភាព និងទទួលបានលទ្ធផលប្រកបដោយគុណភាពខ្ពស់៕