បណ្ឌិត ញិល រដ្ឋា និយាយពីអាហារូបករណ៍រដ្ឋាភិបាលរុស្ស៉ី និងកិច្ចសហប្រតិបត្តិការអប់រំនៅកម្ពុជា វៀតណាម និងឡាវ
10-08-2026 15:16
(ភ្នំពេញ)៖ លោកបណ្ឌិត ញិល រដ្ឋា នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ប្រធានសមាគមអតីតនិស្សិតមកពីសូវៀត និងរុស្ស៉ី បានលើកឡើងពីអាហារូបករណ៍រដ្ឋាភិបាលរុស្ស៉ី និងកិច្ចសហប្រតិបត្តិការអប់រំនៅកម្ពុជា វៀតណាម និងឡាវ។
ការលើកពីប្រធានបទខាងលើ បន្ទាប់ពីលោកចូលរួមពីធីជួបសំណេះសំណាលជាមួយនិស្សិតទើបបញ្ចប់ការសិក្សាពីសហព័ន្ធរុស្ស៊ី និងជូនដំណើរនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលសហព័ន្ធរុស្ស៊ី សម្រាប់ឆ្នាំសិក្សា ២០២៦–២០២៧ ព្រមទាំងប្រតិភូយុវជនកម្ពុជាដែលនឹងអញ្ជើញចូលរួមកម្មវិធី World Youth Festival 2026 នៅទីក្រុង Ekaterinburg សហព័ន្ធរុស្ស៊ី នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវប្បធម៌រុស្ស៊ី។
បណ្ឌិត ញិល រដ្ឋា បានឲ្យដឹងថា កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងការបណ្តុះបណ្តាលធនធានមនុស្ស រវាងសហព័ន្ធរុស្ស៊ី និងបណ្តាប្រទេសនៅតំបន់ឥណ្ឌូចិន (កម្ពុជា វៀតណាម និងឡាវ) នៅតែជាសសរទ្រូងយ៉ាងរឹងមាំនៃទំនាក់ទំនងទ្វេភាគី។ ទោះជាយ៉ាងណាក៏ដោយ នៅពេលពិនិត្យមើលលើទំហំអាហារូបករណ៍ដែលរដ្ឋាភិបាលរុស្ស៊ីផ្តល់ជូនប្រទេសទាំងបីជារៀងរាល់ឆ្នាំ យើងឃើញមានភាពខុសគ្នាគួរឱ្យកត់សម្គាល់ ដែលឆ្លុះបញ្ចាំងអំពីទំហំប្រជាជន និងទំហំនៃកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងប្រទេសនីមួយៗ។
១. ប្រៀបធៀបទំហំប្រជាជន និងកូតាអាហារូបករណ៍ប្រចាំឆ្នាំ
១.ក- ប្រទេសវៀតណាម ដែលមានប្រជាជនប្រមាណ ១០២.២ លាននាក់ (ប្រជាជនច្រើនជាងគេទី ១៦ លើពិភពលោក និងទី ៣ ក្នុងតំបន់អាស៊ាន) ទទួលបានកូតាអាហារូបករណ៍ធំជាងគេបង្អស់ រហូតដល់ប្រមាណ ១,០០០ កន្លែងក្នុងមួយឆ្នាំ ក្រោមពន្ធកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល។ បច្ចុប្បន្ន មាននិស្សិតវៀតណាមប្រមាណ ៥,០០០ នាក់ កំពុងសិក្សានៅតាមសាកលវិទ្យាល័យនានាក្នុងប្រទេសរុស្ស៊ី។
១.ខ- ប្រទេសកម្ពុជា ដែលមានប្រជាជនប្រមាណ ១៨.០៥ លាននាក់ (ក្នុងឆ្នាំ ២០២៦) ទទួលបានកូតាអាហារូបករណ៍ផ្លូវការប្រមាណ ៤០ កន្លែង (រួមទាំងបម្រុង ១៥ រូប) សម្រាប់ឆ្នាំសិក្សា ២០២៦–២០២៧ លើមុខជំនាញអាទិភាពសំខាន់ៗ។
១.គ- ប្រទេសឡាវ ដែលមានប្រជាជនប្រមាណ ៧.៩៨ លាននាក់ ទទួលបានកូតាអាហារូបករណ៍ពេញលេញប្រមាណ ៩០ កន្លែងជារៀងរាល់ឆ្នាំ សម្រាប់កម្រិតបរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។
២. ផលធៀបនៃអាហារូបករណ៍ធៀបនឹងចំនួនប្រជាជន (Per Capita Ratio)
បើទោះបីជាវៀតណាមទទួលបានចំនួនកូតាសរុបច្រើនជាងគេក្តី ប៉ុន្តែបើគណនាជាផលធៀបនៃកូតាអាហារូបករណ៍ប្រៀបធៀបនឹងចំនួនប្រជាជន ឃើញថា ប្រទេសឡាវ ទទួលបានអត្រាខ្ពស់ជាងគេ (ប្រមាណ ១១.២ កន្លែងក្នុងប្រជាជន ១ លាននាក់) បន្ទាប់មកគឺ ប្រទេសវៀតណាម (ប្រមាណ ៩.៧ កន្លែងក្នុងប្រជាជន ១ លាននាក់) និង ប្រទេសកម្ពុជា (ប្រមាណ ២.២ កន្លែងក្នុងប្រជាជន ១ លាននាក់)។
៣. មុខជំនាញអាទិភាព និងការគាំទ្រផ្នែកហិរញ្ញវត្ថុ
ប្រទេសទាំងបីសុទ្ធតែផ្តោតលើមុខជំនាញយុទ្ធសាស្ត្រដូចជា វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម សន្តិសុខព័ត៌មាន/បច្ចេកវិទ្យាសាយប័រ ថាមពល (រួមទាំងថាមពលនុយក្លេអ៊ែរ) វេជ្ជសាស្ត្រ និងទំនាក់ទំនងអន្តរជាតិ។ អាហារូបករណ៍រដ្ឋាភិបាលរុស្ស៊ីរាប់បញ្ចូលទាំងការលើកលែងថ្លៃសិក្សា ១០០% និងប្រាក់ឧបត្ថម្ភប្រចាំខែ។ ដោយឡែក សម្រាប់និស្សិតវៀតណាម រដ្ឋាភិបាលវៀតណាមបានបន្ថែមប្រាក់ឧបត្ថម្ភរដ្ឋផ្ទាល់ខ្លួន លើការចំណាយលើសំបុត្រយន្តហោះ និងការធានារ៉ាប់រងសុខភាពបន្ថែមទៀត។
សម្រាប់និស្សិតដែលសិក្សាដោយបង់ថ្លៃ ឬការចំណាយបន្ថែមលើការរស់នៅ ប្រទេសរុស្ស៊ីនៅតែជាគោលដៅសិក្សាដែលមានតម្លៃសមរម្យ បើប្រៀបធៀបនឹងបណ្តាប្រទេសលោកខាងលិច៖
*ថ្លៃសិក្សា (Tuition Fees)៖ $២,០០០ – $៦,០០០ ដុល្លារអាមេរិក/ឆ្នាំ (សម្រាប់ថ្នាក់បរិញ្ញាបត្រ ឬ Specialist)
*ការចំណាយលើការរស់នៅ (Living Expenses)៖ $៣,០០០ – $៦,០០០ ដុល្លារអាមេរិក/ឆ្នាំ (រាប់បញ្ចូលទាំងអន្តេវាសិកដ្ឋាន ម្ហូបអាហារ និងការធ្វើដំណើរ)
*ការធានារ៉ាប់រងសុខភាព (Health Insurance)៖ $២០០ – $៥០០ ដុល្លារអាមេរិក/ឆ្នាំ (កាតព្វកិច្ច)
សេចក្តីសន្និដ្ឋាន និងទស្សនវិស័យទៅអនាគត៖ អ្វីដែលកម្ពុជាត្រូវធ្វើបន្ត?
ដើម្បីប្រែប្រួលឱកាសទាំងនេះឱ្យទៅជាផលប្រយោជន៍ជាក់ស្តែង និងចីរភាពសម្រាប់ជាតិ កម្ពុជាចាំបាច់ត្រូវដោះស្រាយបញ្ហាស្នូលចំនួន ៣៖
ក- ពង្រីកកូតាតាមផ្លូវការទូត (Strategic Negotiation)៖ ផ្អែកលើទំនាក់ទំនងមិត្តភាពដែកថែបជិត ៧ ទសវត្សរ៍ កម្ពុជាគួរតែប្រើប្រាស់ក្របខ័ណ្ឌគណៈកម្មាធិការអន្តររដ្ឋាភិបាល ចរចាស្នើសុំដំឡើងកូតាអាហារូបករណ៍ឱ្យបានយ៉ាងហោចណាស់ ១០០ កន្លែង/ឆ្នាំ ឱ្យសមស្របតាមទំហំប្រជាជន (១៨.០៥ លាននាក់) និងតម្រូវការអភិវឌ្ឍន៍។
ខ- បង្កើតយន្តការគាំទ្រហិរញ្ញវត្ថុបន្ថែម (Support Mechanism)៖ គំរូរបស់ប្រទេសវៀតណាមក្នុងការផ្តល់ប្រាក់ឧបត្ថម្ភរដ្ឋបន្ថែមលើសំបុត្រយន្តហោះ និងការធានារ៉ាប់រងសុខភាព គឺជាមេរៀនដែលកម្ពុជាគួរពិចារណា។ ការបង្កើត «មូលនិធិគាំទ្រនិស្សិត» ដោយមានកិច្ចសហការរវាងរដ្ឋ សមាគមអតីតនិស្សិត និងវិស័យឯកជន នឹងជួយធានាថា គ្មាននិស្សិតឆ្នើមរូបណាត្រូវបោះបង់ឱកាសសិក្សានៅរុស្ស៊ីដោយសារជីវភាពខ្វះខាតឡើយ។
គ- ផែនការស្រូបទាញ និងទប់ស្កាត់ Brain Drain៖ ការបណ្តុះបណ្តាលអ្នកជំនាញខាងថាមពលនុយក្លេអ៊ែរ ឬមនុស្សយន្ត នឹងគ្មានន័យឡើយ ប្រសិនបើគ្មានទីផ្សារការងារ ឬស្ថាប័នស្រាវជ្រាវរង់ចាំទទួលពួកគេពេលត្រឡប់មកវិញ។ រដ្ឋត្រូវរៀបចំ «ផែនទីបង្ហាញផ្លូវនៃការប្រើប្រាស់ធនធាន» ឱ្យបានច្បាស់លាស់មុនពេលពួកគេបញ្ចប់ការសិក្សា។
«អាហារូបករណ៍គឺជាឱកាស ប៉ុន្តែការទទួលខុសត្រូវគឺជាកាតព្វកិច្ច»។ សភាសិតនេះមិនត្រឹមតែអនុវត្តចំពោះប្អូនៗនិស្សិតជ័យលាភីប៉ុណ្ណោះទេ ប៉ុន្តែក៏ជា «កាតព្វកិច្ចយុទ្ធសាស្ត្រ» របស់ស្ថាប័នពាក់ព័ន្ធទាំងអស់ក្នុងការរួមគ្នាកសាង ថែរក្សា និងទាញយកប្រយោជន៍អតិបរមាពីធនធានមនុស្សដែលបានបណ្តុះបណ្តាលពីសហព័ន្ធរុស្ស៊ី ដើម្បីអនាគតដ៏ភ្លឺស្វាង និងឯករាជ្យភាពផ្នែកបច្ចេកវិទ្យារបស់កម្ពុជា៕


























