លោក ហ៊ុន វីរៈថេត ដឹកនាំក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាក្រុងកំពត ចែកទឹកសុទ្ធជូនសិស្សប្រឡងបាក់ឌុប
10-08-2026 15:15
(កំពត)៖ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ លោក ហ៊ុន វីរៈថេត ប្រធានយុវជនគណបក្សក្រុងកំពត បានដឹកនាំក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាក្រុង ចុះនាំយកទឹកសុទ្ធចែកជូនដល់សិស្សានុសិស្សចំនួន ៦០០នាក់ ដែលកំពុងត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ សកម្មភាពមនុស្សធម៌នេះបានធ្វើឡើងនៅមណ្ឌលអនុវិទ្យាល័យឌីម៉ុក មហាសាមគ្គី ក្រុងកំពត រយៈពេលពីរថ្ងៃ។
ក្នុងពិធីប្រគល់ទឹកសុទ្ធនេះ ក៏មានការអញ្ជើញចូលរួមពីលោក ស៊ិន ពេជ្រ អភិបាលរងក្រុងកំពតផងដែរ។ លោក ហ៊ុន វីរៈថេត បានមានប្រសាសន៍សំណេះសំណាល និងជូនពរប្អូនៗសិស្សានុសិស្សទាំងអស់ ដែលប្រឡងបាក់ឌុបឆ្នាំសិក្សា ២០២៦ នេះ ឱ្យទទួលបានជោគជ័យគ្រប់ៗគ្នា។ លោកបានសង្កត់ធ្ងន់លើការខិតខំប្រឹងប្រែងប្រឡងដោយឈរលើសមត្ថភាពពិតរបស់ខ្លួន ជាមួយនឹងគោលការណ៍ "អ្នកចេះ គឺជាប់"។
លោកក៏បានផ្តាំផ្ញើដល់ប្អូនៗឱ្យមានសុខភាពល្អ សុវត្ថិភាពក្នុងការធ្វើដំណើរទាំងទៅទាំងមកមណ្ឌលប្រឡង និងសូមឱ្យទទួលបានលទ្ធផលល្អប្រសើរទាំងអស់គ្នា។ លោកបានណែនាំឱ្យសិស្សានុសិស្សខិតខំបំពេញកិច្ចការងារប្រកបដោយភាពទទួលខុសត្រូវ ពិនិត្យឱ្យបានម៉ត់ចត់ ជាពិសេសបំពេញព័ត៌មានឱ្យបានត្រឹមត្រូវនៅលើសន្លឹកកិច្ចការ។
ក្រៅពីនេះ លោកក៏បាននាំយកទឹកសុទ្ធជាច្រើនកេះចែកជូនដល់កងកម្លាំងនគរបាលការពារសណ្តាប់ធ្នាប់ និងសង្កាត់កំពង់បាយផងដែរ ដើម្បីរួមចំណែកដល់ការប្រព្រឹត្តទៅដោយរលូននៃដំណើរការប្រឡង៕























