ក្រសួងយុត្តិធម៌ ឆ្លើយតបចំពោះសំណើសុំអន្តរាគមន៍របស់ លោក រ៉ុង ឈុន ដោយបញ្ជាក់ថា មិនមានសមត្ថកិច្ចកែប្រែសាលដីកាស្ថាពររបស់តុលាការ

10-08-2026 15:58

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦នេះ លោក ឯម ច័ន្ទមករា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ចេញចេញលិខិតផ្លូវការមួយរបស់ក្រសួងយុត្តិធម៌ចុះថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ ដើម្បីឆ្លើយតបចំពោះសំណើសុំអន្តរាគមន៍របស់លោក រ៉ុង ឈុន ពាក់ព័ន្ធនឹងសាលដីកាលេខ ៥០៧ XII ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ របស់តុលាការកំពូល។

ក្នុងលិខិតឆ្លើតបទៅលោក រ៉ុង ឈុន នោះ ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានបញ្ជាក់យ៉ាងច្បាស់ថា បន្ទាប់ពីបានពិនិត្យ និងសិក្សាលើឯកសារពាក់ព័ន្ធយ៉ាងហ្មត់ចត់ ក្រសួងរកមិនឃើញភាពមិនប្រក្រតីណាមួយនៅក្នុងដំណើរការកាត់ក្តីសំណុំរឿងរបស់លោក រ៉ុង ឈុន នោះទេ។ ក្រសួងអះអាងថា ការសម្រេចសេចក្តីរបស់តុលាការគ្រប់ជាន់ថ្នាក់ ចាប់ពីសាលាដំបូងរាជធានីភ្នំពេញ រហូតដល់តុលាការកំពូល គឺសុទ្ធតែបានអនុវត្តយ៉ាងត្រឹមត្រូវតាមច្បាប់ និងនីតិវិធីជាធរមាន។

ក្រសួងយុត្តិធម៌បានសង្កត់ធ្ងន់លើចំណុចសំខាន់ៗចំនួនបី៖

• ទី១-ការធានាសិទ្ធិការពារខ្លួន៖ ក្នុងគ្រប់ដំណាក់កាលនៃនីតិវិធី លោក រ៉ុង ឈុន ត្រូវបានផ្តល់សិទ្ធិការពារខ្លួនពេញលេញដោយមានមេធាវីចូលរួម និងមានសិទ្ធិប្តឹងតវ៉ាទៅតាមផ្លូវច្បាប់រហូតដល់តុលាការកំពូល។

• ទី២-សមត្ថកិច្ចក្នុងការកែប្រែទោស៖ ក្រសួងយុត្តិធម៌បានបញ្ជាក់ថា ខ្លួនមិនមានសមត្ថកិច្ចតាមផ្លូវច្បាប់ក្នុងការកែប្រែ ឬទម្លាក់ចោលទោសដែលតុលាការបានសម្រេចជាស្ថាពររួចហើយនោះទេ។ ហេតុដូច្នេះ ទោសដែលតុលាការបានប្រកាស គឺត្រូវតែអនុវត្តតាមច្បាប់។

• និងទី3-ផ្លូវច្បាប់សម្រាប់ការសើរើ៖ ទោះបីជាយ៉ាងណាក៏ដោយ ក្រសួងបានបើកផ្លូវឱ្យលោក រ៉ុង ឈុន អនុវត្តសិទ្ធិរបស់ខ្លួនតាមរយៈការដាក់បណ្តឹងសើរើទៅកាន់តុលាការកំពូលដោយផ្ទាល់ ប្រសិនបើលោកមានអង្គហេតុថ្មី ឬភស្តុតាងថ្មីដែលបង្ហាញពីភាពស្អាតស្អំរបស់លោក។

ជាចុងក្រោយ ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានរំលឹកពីកាតព្វកិច្ចរបស់ពលរដ្ឋក្នុងការគោរពរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន ដោយបញ្ជាក់ថា ការប្រើប្រាស់សិទ្ធិសេរីភាពផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗ មិនត្រូវឱ្យប៉ះពាល់ដល់សិទ្ធិ សេរីភាពរបស់អ្នកដទៃឡើយ។

គួរបញ្ជាក់ថា សាលដីកាស្ថាពររបស់តុលាការកំពូលកាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ បានសម្រេចតម្កល់ទោសពន្ធនាគារ ៤ឆ្នាំរបស់លោក រ៉ុង ឈុន ប៉ុន្តែបានសម្រេចព្យួរទោសនេះសាកល្បង និងកែប្រែទោសបន្ថែមពីការដកហូតស្ថាពរ មកត្រឹមការដកហូតសិទ្ធិបោះឆ្នោត សិទ្ធិឈរឈ្មោះ និងសិទ្ធិធ្វើសកម្មភាពនយោបាយនានាសម្រាប់រយៈពេល ៥ឆ្នាំ។