អ្នកកាសែតជើងចាស់មានបទពិសោធន៍ជាង៤០ឆ្នាំ និពន្ធសៀវភៅ «គន្លឹះអ្នកសារព័ត៌មានអាជីព» ដើម្បីចែករំលែកចំណេះដឹងដល់អ្នកសារព័ត៌មានជំនាន់ក្រោយ

10-08-2026 17:03

(ភ្នំពេញ)៖ សៀវភៅ «គន្លឹះអ្នកសារព័ត៌មានអាជីព» (The Essentials of Professional Journalism) ដែលមានកម្រាស់ ៣៩០ទំព័រ ជាវណ្ណកម្មស្នាដៃនិពន្ធរបស់អ្នកកាសែតជើងចាស់មួយរូប គឺលោក សោម សត្តនា ហៅ ម៉ារ យ៉ារិទ្ធិ ដែលធ្លាប់បំពេញការងារជាមួយស្ថាប័នព័ត៌មានជាតិ និងអន្តរជាតិជាច្រើន ព្រមទាំងបានចូលរួមបណ្តុះបណ្តាលអ្នកសារព័ត៌មានជាច្រើនជំនាន់ និងមានបទពិសោធន៍ក្នុងវិស័យសារព័ត៌មានជាង៤០ឆ្នាំ។

សៀវភៅនេះត្រូវបាននិពន្ធឡើងក្នុងគោលបំណងចែករំលែកចំណេះដឹង បទពិសោធន៍ និងជំនាញសារព័ត៌មានដល់អ្នកសារព័ត៌មានជំនាន់ក្រោយ ព្រមទាំងអ្នកដែលមានចំណាប់អារម្មណ៍ចង់ស្វែងយល់ និងចូលប្រឡូកក្នុងវិស័យនេះ។

សៀវភៅ «គន្លឹះអ្នកសារព័ត៌មានអាជីព» ផ្តោតលើចំណេះដឹង និងជំនាញសំខាន់ៗក្នុងវិស័យសារព័ត៌មាន ចាប់ពី មូលដ្ឋានសារព័ត៌មាន ការសរសេរព័ត៌មាន ការស្វែងរកការពិត ការសួរសំណួរ សារព័ត៌មានស៊ើបអង្កេត សារព័ត៌មានទិន្នន័យ សារព័ត៌មានរូបថត សារព័ត៌មានឌីជីថល រហូតដល់ TikTok Journalism និង Podcast Journalism ព្រមទាំងក្រមសីលធម៌អ្នកសារព័ត៌មាន។

សម្រាប់សិស្ស និស្សិតដែលសិក្សាផ្នែកសារព័ត៌មាន អ្នកចាប់ផ្តើមចង់ចូលវិស័យសារព័ត៌មាន អ្នកសារព័ត៌មានដែលចង់ពង្រឹងជំនាញ និងអ្នកអានទូទៅដែលចង់យល់ពីសារព័ត៌មាន សៀវភៅនេះអាចជាឯកសារមួយសម្រាប់សិក្សា និងអនុវត្ត។ តាមរយៈខ្លឹមសារក្នុងសៀវភៅ អ្នកអានអាចស្វែងយល់ពីរបៀប គិត សួរ ស្រាវជ្រាវ និងសរសេរព័ត៌មានប្រកបដោយវិជ្ជាជីវៈ ព្រមទាំងយល់ពីតួនាទី និងទំនួលខុសត្រូវរបស់អ្នកសារព័ត៌មានចំពោះសង្គម។

ក្នុងតម្លៃត្រឹម ២០ដុល្លារ អ្នកអានអាចទទួលបានចំណេះដឹង និងបទពិសោធន៍ជាង ៤០ឆ្នាំ ដែលអ្នកនិពន្ធបានចងក្រង និងរៀបរាប់ក្នុងសៀវភៅកម្រាស់ ៣៩០ទំព័រ ដើម្បីឲ្យអ្នកសិក្សាអាចស្វែងយល់ពីមូលដ្ឋាន និងជំនាញសារព័ត៌មានសំខាន់ៗនៅក្នុងសៀវភៅតែមួយក្បាល។

អ្នកដែលមានចំណាប់អារម្មណ៍អាចជាវសៀវភៅ «គន្លឹះអ្នកសារព័ត៌មានអាជីព» តាមរយៈលេខទូរស័ព្ទ ០១៧ ៨៨៨ ០០២ និង ០៧៨ ៦៦៩ ៨៨៩៕