សមាគមធនាគារនៅកម្ពុជា សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការការិយាល័យថ្មី ដើម្បីលើកកម្ពស់ស្តង់ដាការងារក្នុងវិស័យធនាគារ
10-08-2026 17:06
(ភ្នំពេញ)៖ សមាគមធនាគារនៅកម្ពុជា (ABC) នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦នេះ បានសម្ពោធការិយាល័យថ្មីរបស់ខ្លួនជាផ្លូវការ ដែលស្ថិតនៅអគារលេខ ៩៩ រុក្ខវិថីសម្ដេចប៉ាន សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្នុងគោលបំណងបង្កើតបរិយាកាសការងារល្អ សម្រាប់បុគ្គលិកគ្រប់រូបអាចអភិវឌ្ឍខ្លួនបានកាន់តែប្រសើរជាងមុន។
ពិធីសម្ពោធការិយាល័យថ្មីនេះទទួលបានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់ ប្រធានសមាគមធនាគារនៅកម្ពុជា អនុប្រធានសមាគម សមាជិកក្រុមប្រឹក្សាភិបាល ព្រមទាំងថ្នាក់ដឹកនាំ និងតំណាងស្ថាប័នដៃគូសហការរួមមាន វិទ្យាស្ថានធនាគារ និងហិរញ្ញវត្ថុ (IBF), មជ្ឈមណ្ឌលការពារអ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុ (FCPC), សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា (CBC)។
ក្នុងឱកាសនោះ លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមប្រឹក្សាភិបាល សមាជិកគ្រឹះស្ថានធនាគារ និងដៃគូទាំងអស់ ដែលបានចូលរួមគាំទ្រ និងផ្តល់ការសហការដល់លេខាធិការដ្ឋានសមាគម។ លោកបានគូសបញ្ជាក់ថា ការិយាល័យថ្មីនេះនឹងផ្តល់នូវបរិយាកាសការងារកាន់តែធំទូលាយ និងល្អប្រសើរ ដែលជាកត្តាជំរុញឱ្យថ្នាក់ដឹកនាំ និងបុគ្គលិកបន្តលើកកម្ពស់ស្តង់ដាការងារឱ្យកាន់តែខ្ពស់ ដើម្បីផ្តល់ការគាំទ្រប្រកបដោយប្រសិទ្ធភាពដល់ក្រុមប្រឹក្សាភិបាល និងសមាជិកគ្រឹះស្ថានធនាគារ។
ជាមួយគ្នានេះ លោក រស់ ខេមរា នាយកប្រតិបត្តិសមាគមធនាគារនៅកម្ពុជា ក៏បានថ្លែងអំណរគុណចំពោះការដឹកនាំ និងការគាំទ្រដ៏មានតម្លៃពីគ្រប់ភាគីពាក់ព័ន្ធ។ លោកបានបន្ថែមថា ការផ្លាស់ប្តូរទីតាំងការិយាល័យថ្មីនេះ គ្រាន់តែជាជំហានដំបូងប៉ុណ្ណោះ ខណៈជំហានបន្ទាប់គឺការអភិវឌ្ឍ និងពង្រឹងសមត្ថភាពធនធានមនុស្សរបស់សមាគម។ សមាគមធនាគារមានបំណងបង្កើតបរិយាកាសការងារមួយដែលមានភាពសកម្ម និងរស់រវើក ដែលបុគ្គលិកគ្រប់រូបអាចអភិវឌ្ឍខ្លួន ទំនាក់ទំនង និងចែករំលែកមតិយោបល់ដោយបើកចំហព្រមទាំងអាចគាំទ្រគ្នាទៅវិញទៅមក៕


















