ស្នងការនគរបាលខេត្តតាកែវ ប្រគល់ថវិកាសមាគមមិត្តនគរបាល ជូនដល់គ្រួសារសពមន្ត្រីនគរបាលជាតិចំនួន២រូប
10-08-2026 17:49
(តាកែវ)៖ នារសៀលថ្ងៃចន្ទ ទី១០ ខែសីហា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ឆឹង រតនៈ ស្នងការរងផែនការងារធនធានមនុស្ស តំណាងលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត បានអញ្ជើញជួបសំណេះសំណាល ជាមួយគ្រួសារសព និងប្រគល់ថវិកាសមាគមមិត្តនគរបាល ជូនដល់គ្រួសារមន្ត្រីនគរបាលជាតិចំនួន០២គ្រួសារ។
គ្រួសារមន្រ្តីនគរបាលទាំង២រូប រួមមាន៖
*គ្រួសារទី១ ទទួលបានថវិកាចំនួន ៦,០០០,០០០ រៀល ដែលផ្តល់ជូនលោកស្រី គិន សុខគា ត្រូវជាកូនបង្កើតសពលោកអនុសេនីយ៍ឯក គិត សែនពិសិដ្ឋ នាយប៉ុស្តិ៍អធិការដ្ឋាននគរបាលស្រុកគិរីវង់ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ។
លោកអនុសេនីយ៍ឯក គិត សែនពិសិដ្ឋ បានទទួលមរណភាពកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ ដោយជំងឺ (មហារីកថ្លើម និងសួត) ស្ថិតនៅភូមិគោករកា ឃុំរាមអណ្ដើក ស្រុកគិរីវង់ ខេត្តតាកែវ។
*គ្រួសារទី២ ទទួលថវិកាចំនួន ២,០០០,០០០ រៀល ដែលផ្តល់ជូនដល់លោកអនុសេនីយ៍ឯក សំ សារ៉ាវុធ មន្ត្រីនគរបាលជាតិចូលនិវត្តន៍ ត្រូវជាស្វាមីសពលោកស្រី ម៉ម សារឿន ដែលបានទទួលមរណៈភាពកាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦ ដោយជំងឺ (មហារីកពោះវៀនធំ) ស្ថិតនៅភូមិចំបក់ឯម ឃុំរមេញ ស្រុកកោះអណ្ដែត ខេត្តតាកែវ។
ក្នុងឱកាសនេះផងដែរ លោកឧត្តមសេនីយ៍ត្រី ឆឹង រតនៈ បានសម្ដែងនូវការដឹងគុណចំពោះស្នាដៃរបស់មន្ត្រីយើង ដែលខិតខំបំពេញ ភារកិច្ចជូនជាតិមាតុភូមិ និងបម្រើប្រជាពលរដ្ឋ អស់ពីកម្លាំងកាយ កម្លាំងចិត្តកន្លងមក និងបានពាំនាំពាក្យផ្ដាំផ្ញើរបស់លោកឧត្តមសេនីយ៍ទោស្នងការ ជូនដល់បងប្អូន និងក្រុមគ្រួសារមន្ត្រីនគរបាលជាតិដោយបន្តយកចិត្ត ទុកដាក់ អប់រំកូនចៅ និងថែរក្សាសុខភាព អនាម័យ ដើម្បីចៀសវាងឆ្លងនូវជំងឺផ្សេងៗ៕









































