វិភាគអន្តរជាតិ៖​ ​តើសម្ព័ន្ធភាពស្ទីល NATO អារ៉ាប៊ីសាអូឌីត តួកគីយ៉េ និងប៉ាគីស្ថាន មានន័យយ៉ាងណាចំពោះតួនាទីអាមេរិក នៅមជ្ឈិមបូព៌ា?

10-08-2026 20:49

(វ៉ាស៊ីនតោន)​៖ កិច្ចព្រមព្រៀងការពារជាតិរវាងអារ៉ាប៊ីសាអូឌីត តួកគីយ៉េ និងប៉ាគីស្ថាន មានគោលដៅបង្កើតជាសម្ព័ន្ធភាពថ្មីមួយដើម្បីកំញើញអ៉ីរ៉ង់ដែលកំពុងឡើងចាង កាត់បន្ថយការពឹងផ្អែកលើសហរដ្ឋអាមេរិក និងជាការបញ្ជូនមួយទៅកាន់អ៉ីស្រាអែល។ នេះបើតាមក្រុមអ្នកវិភាគ។ ខណៈតំបន់មជ្ឈិមបូព៌ាកំពុងជាប់ផុងក្នុងសង្រ្គាម សម្ព័ន្ធភាពនេះបានចងភ្ជាប់ប្រទេសមូស្លីមនិកាយស៊ុននីចំនួន៣ ដែលសុទ្ធសឹងជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក ទៅនឹងលក្ខខណ្ឌមួយយកស្ទីលតាម NATO ដែលកំណត់ថាការវាយប្រហារលើប្រទេសជាសមាជិកណាមួយនឹងត្រូវបានចាត់ទុកថាជាការវាយប្រហារលើប្រទេសជាសមាជិកទាំងអស់។ តែទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកវិភាគនៅតែមានការសង្ស័យថាតើលក្ខខណ្ឌបែបនេះនឹងត្រូវបានអនុវត្តភ្លាមៗឬក៏យ៉ាងណានោះទេ ខណៈប្រទេសទាំង៣ កំពុងព្យាយាមស្វែងរកដំណោះស្រាយមួយដើម្បីបិទបញ្ចប់សង្រ្គាមរវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់ ដោយមានប៉ាគីស្ថាន និងតួកគីយ៉េដើរតួនាទីជាអន្តរការី។ ដូច្នេះតើជាការអនុវត្តជាក់ស្ដែង កិច្ចព្រមព្រៀងនេះមានន័យយ៉ាងណា?

* ហេតុអ្វីទើបតែចុះហត្ថលេខានៅពេលនេះ?
នៅក្នុងសង្រ្គាមអូសបន្លាយពេលជិត៦ខែមកនេះ សហរដ្ឋអាមេរិកនៅមិនទាន់អាចកាច់ធ្មុងអ៉ីរ៉ង់បាននៅឡើយទេ ហើយតេហេរ៉ង់វិញនៅតែបន្តបិទខ្ទប់ការធ្វើនាវាចរនៅក្នុងតំបន់ច្រកសមុទ្រ Hormuz ស្របពេលក្រុមហ៊ូទីជាសម្ព័ន្ធមិត្តអ៉ីរ៉ង់កំពុងបង្កការរំខានដល់ការធ្វើនាវាចរនៅឯសមុទ្រក្រហម។ ស្ថានការណ៍ទាំងអស់បាន និងកំពុងធ្វើឱ្យ «និម្មាបនកម្មសន្តិសុខ» ក្នុងតំបន់មានការប្រែប្រួល និងបង្ខំឱ្យមានការគិតគូឡើងវិញពីអនុត្តរភាពអាមេរិករាប់ទសវត្សរ៍មកនេះនៅក្នុងតំបន់មជ្ឈិមបូព៌ា។ បើទោះជាមានមូលដ្ឋានទ័ពអាមេរិកនៅទូទាំងតំបន់ក៏ដោយ ក៏កងកម្លាំងអាមេរិកនៅតែជួបការលំបាកក្នុងការបាញ់ទម្លាក់មីស៊ីលបាលិស្ទីគ និងដ្រូនដែលបាញ់ចេញដោយអ៉ីរ៉ង់ និងក្រុមប្រូកស៊ីរបស់អ៉ីរ៉ង់។ លោក Ali Shihabi ជាអ្នកវិភាគនយោបាយម្នាក់មានទំនាក់ទំនងជិតស្និទ្ធនឹងរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត បាននិយាយថាសម្ព័ន្ធភាពថ្មីរវាងអារ៉ាប៊ីសាអូឌីត តួកគីយ៉េ និងប៉ាគីស្ថាន បានបង្ហាញថាឥទ្ធិពលកំញើញសត្រូវរបស់សហរដ្ឋអាមេរិកបានថយចុះ ហើយការគំរាមកំហែងពីអ៉ីរ៉ង់នឹងបង្កើនតម្រូវការចាំបាច់ត្រូវមានអន្តរាគមន៍ពីសំណាក់មហាអំណាចក្នុងតំបន់។

ចាប់តាំងពីសង្រ្គាមអ៉ីរ៉ង់ផ្ទុះឡើងកាលពីចុងខែកុម្ភៈ ឆ្នាំ២០២៦ អារ៉ាប៊ីសាអូឌីតត្រូវបានគេមើលឃើញថាបានបង្កើនទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយ តួកគីយ៉េដែលធ្លាប់តែមានទំនាក់ទំនងរកាំរកូសនឹងគ្នាកាលពីអតីតកាល រួមទាំងជាមួយអេហ្ស៉ីប និងប៉ាគីស្ថាន។ ប្រជាជាតិទាំង៤នេះបានបង្ហាញការគាំទ្រចំពោះការសម្របសម្រួលតាមផ្លូវការទូតដើម្បីបិទបញ្ចប់សង្រ្គាមអ៉ីរ៉ង់។

* តើប្រទេសមួយៗទទួលបានផលប្រយោជន៍អ្វីខ្លះ?
លោក Andreas Krieg ជាសាស្ត្រាចារ្យម្នាក់ជំនាញខាងសន្តិសុខមកពីសាកលវិទ្យាល័យ King’s College London បាននិយាយថា «ប្រទេសទាំង៣មានចំណុចខ្លាំង និងចំណុចខ្សោយដែលអាចបំពេញឱ្យគ្នាទៅវិញទៅមក»។ លោកបន្ថែមថាអារ៉ាប៊ីសាអូឌីតជាប្រទេសអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ តែសមត្ថភាពយោធានៅមានកម្រិត។ ចំណែក ប៉ាគីស្ថាន និងតួកគីយ៉េកំពុងប្រឈមមុខនឹងបញ្ហាហិរញ្ញវត្ថុ ប៉ុន្តែយោធាមានសមត្ថភាពខ្លាំងគួរសម។ តួកគីយ៉េមានបច្ចេកវិទ្យា និងសមត្ថភាពផលិតសព្វាវុធគ្រប់គ្រាន់ ប៉ុន្តែខ្វះទីផ្សារ និងការវិនិយោគ។ រីឯ ប៉ាគីស្ថានមានកម្លាំងទ័ព និងស្ថាប័នយោធារឹងមាំ តែមិនសូវមានទ្រព្យធន។ នេះជាការកត់សម្គាល់របស់លោក Andreas Krieg។

បើតាមក្រុមអ្នកវិភាគ ប្រទេសទាំង៣ មិនអាចជំនួសតំណែងរបស់សហរដ្ឋអាមេរិក ក្នុងនាមជាអ្នកការពារសន្តិសុខនៅក្នុងតំបន់មជ្ឈិមបូព៌ាបានទេ។ ប៉ុន្តែពួកគេកំពុងព្យាយាមបំពេញចន្លោះប្រហោងសន្តិសុខ ដ្បិតសហរដ្ឋអាមេរិកនឹងមិន ឬមិនអាចគ្រប់គ្រងអ៉ីស្រាអែល ហើយក៏មិនអាចការពារហេដ្ឋារចនាសម្ព័ន្ធរបស់បណ្ដាប្រទេសអារ៉ាប់ក្នុងតំបន់ឈូងសមុទ្រពែក្ស បាន១០០ភាគរយ ពីការសងសឹករបស់អ៉ីរ៉ង់នោះដែរ។ តាមលោក Krieg ការបង្កើតដៃគូសន្តិសុខកាន់តែច្រើន ជាជាងពឹងផ្អែកខ្លាំងពេកតែទៅលើសហរដ្ឋអាមេរិក វាជាផលប្រយោជន៍របស់អារ៉ាប៊ីសាអូឌីត ពីព្រោះអារ៉ាប៊ីសាអូឌីតជាតួឯកក្នុងសម្ព័ន្ធភាពថ្មីនេះ។ ពោលគឺយ៉ាងហោចណាស់ជាទ្រឹស្តី អារ៉ាប៊ីសាអូឌីតដែលមានលុយចាយមិនអស់ បូករួមជាមួយប៉ាគីស្ថានមានអាវុធនុយក្លេអ៊ែរ និងតួកគីយ៉េដែលមានឧស្សាហកម្មយោធាជឿនលឿន វាមើលទៅជាសម្ព័ន្ធភាពមួយមានអំណាច។

* តើតួកគីយ៉េ ប៉ាគីស្ថាន នឹងវាយប្រហារលើអ៉ីរ៉ង់ឬ?
ក្រុមអ្នកវិភាគយល់ថា ប្រទេសទាំង៣ទំនងជានឹងមិនបើកការវាយប្រហារលើអ៉ីរ៉ង់នោះទេ បើទោះជាអ៉ីរ៉ង់បើកការវាយប្រហារសាជាថ្មីលើអារ៉ាប៊ីសាអូឌីតក៏ដោយ។ ជាក់ស្ដែង ប៉ាគីស្ថានដែលមានសន្ធិសញ្ញាការពារគ្នាទៅវិញទៅមកដាច់ដោយឡែកមួយផ្សេងទៀតជាមួយអារ៉ាប៊ីសាអូឌីតផងនោះ មិនបាន បើកការវាយប្រហារលើអ៉ីរ៉ង់នោះទេ នៅពេលតេហេរ៉ង់បាញ់មីស៊ីល និងដ្រូនលើទឹកដីអារ៉ាប៊ីសាអូឌីត ក្នុងសង្រ្គាមអ៉ីរ៉ង់កាលពីជុំទី១។ លោកស្រី Asli Aydintasbas មកពីស្ថាប័ន Brookings Institution បានលើកឡើងថា «តួកគីយ៉េ ប៉ាគីស្ថាន នឹងមិនធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់ឡើយ។ ដ្បិតពួកគេចាត់ទុកខ្លួនឯងជាកម្លាំងរក្សាស្ថិរភាព ហើយចង់បង្កើតកម្លាំងចលករនយោបាយមួយដើម្បីជំរុញគោលដៅនេះ»។

ចំណែក លោក Hesham Alghannam ជាអ្នកវិភាគខាងសន្តិសុខម្នាក់ ក៏បានយល់ស្របដែរថាក្នុងរយៈពេលខ្លី ប៉ាគីស្ថាន និងតួកគីយ៉េ នឹងមិនចូលក្នុងសកម្មភាពវាយប្រហារណាមួយនោះទេ។ ក៏ប៉ុន្តែប្រសិនបើការវាយប្រហារលើទឹកដីអារ៉ាប៊ីសាអូឌីតមានការកើនឡើង ឬមានសភាពកាន់តែធ្ងន់ធ្ងរនោះប៉ាគីស្ថានអាចនឹងពង្រឹងតួនាទីរបស់ខ្លួនក្នុងការការពារដែនអាកាស ហើយផ្ដល់ការប្រឹក្សាយោធាដល់អារ៉ាប៊ីសាអូឌីត ខណៈតួកគីយ៉េវិញនឹងពន្លឿនការផ្ទេរបច្ចេកវិទ្យា បរិក្ខារយោធា ឬសព្វាវុធ។ ក្នុងន័យនេះ លោក Alghannam យល់ថាយ៉ាងហោចណាស់ កិច្ចព្រមព្រៀងការពារគ្នាទៅវិញទៅមក អាចនឹងផ្លាស់ប្ដូរការគិត ឬធ្វើឱ្យអ្នកដែលចង់វាយប្រហារលើអារ៉ាប៊ីសាអូឌីត ត្រូវគិតគូពីផលវិបាកជាមុនសិនដែរ។

* សម្ព័ន្ធភាពថ្មីក្នុងតំបន់?
អារ៉ាប៊ីសាអូឌីត មានទំនាក់ទំនងកាន់តែជិតស្និទ្ធនឹងប៉ាគីស្ថាន និងតួកគីយ៉េ ក្នុងបរិបទដែលការប្រេះឆាគ្នាបានកើតឡើងក្នុងចំណោមបណ្ដាប្រទេសអារ៉ាប់ក្នុងតំបន់ឈូងសមុទ្រពែក្ស ហើយគេនៅតែបារម្ភពីការវាយប្រហារពីសំណាក់អ៉ីរ៉ង់ និងសម្ព័ន្ធមិត្តរបស់អ៉ីរ៉ង់។ អារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួម បានធ្លាក់ចូលទៅក្នុងជម្លោះជាសាធារណៈតាំងតែពីមុនសង្រ្គាមអ៉ីរ៉ង់ផ្ទុះឡើង។ បើទោះជាប្រទេសទាំង២ទំនងជាបានផ្សះផ្សារគ្នាឡើងវិញកាលពីពេលថ្មីៗនេះក៏ពិតមែន ក៏ក្រុមអ្នកវិភាគយល់ថាអេមីរ៉ាតអារ៉ាប់រួមនៅតែមានកង្វល់ចំពោះកិច្ចព្រមព្រៀងរវាងប្រទេសទាំង៣។

សហរដ្ឋអាមេរិកបានព្យាយាមជាយូរមកហើយ ដើម្បីបង្កើតកិច្ចព្រមព្រៀងសន្តិភាព Abraham Accords ដោយទទួលបានជោគជ័យក្នុងការបញ្ចុះបញ្ចូលឱ្យអេមីរ៉ាតអារ៉ាប់រួម បារ៉ែន និងប្រទេសមួយចំនួនទៀត ភ្ជាប់ទំនាក់ទំនងការទូតជាប្រក្រតីជាមួយអ៉ីស្រាអែល សំដៅបង្កើតសម្ព័ន្ធភាពថ្មីមួយដែលរួមមានបញ្ចូលអ៉ីស្រាអែលផងដែរ។ ប៉ុន្តែកិច្ចព្រមព្រៀងរវាងអារ៉ាប៊ីសាអូឌីត តួកគីយ៉េ និងប៉ាគីស្ថាន បានរួមបញ្ចូលសម្ព័ន្ធមិត្តធំៗទាំង៣របស់សហរដ្ឋអាមេរិកទៅក្នុងនិម្មាបនកម្មសន្តិសុខថ្មីមួយដែលបដិសេធអនុត្តរភាព ឬអំណាចផ្ដាច់មុខរបស់អ៉ីស្រាអែល។ នេះបើតាមក្រុមអ្នកវិភាគ។ ប៉ាគីស្ថាន និងតួកគីយ៉េ បានចេញមុខរិះគន់អ៉ីស្រាអែលជាសាធារណៈ ខណៈអារ៉ាប៊ីសាអូឌីតបានទទូចថានឹងមិនភ្ជាប់ទំនាក់ទំនងជាប្រក្រតីជាមួយ អ៉ីស្រាអែលនោះទេ រហូតទាល់តែអ៉ីស្រាអែលយល់ព្រមលើការបង្កើតរដ្ឋប៉ាឡេស្ទីន។

លោក H.A. Hellyer មកពីវិទ្យាស្ថាន Royal United Services Institute យល់ថាទីក្រុងវ៉ាស៊ីនតោននៅតែចិញ្ចឹមចិត្តចង់បង្កើតនិម្មាបនកម្មសន្តិសុខមួយដែលរួមបញ្ចូលទាំងអ៉ីស្រាអែល និងចង់ឱ្យអារ៉ាប៊ីសាអូឌីតភ្ជាប់ទំនាក់ទំនងជាប្រក្រតីតជាមួយអ៉ីស្រាអែល។ ប៉ុន្តែកិច្ចព្រមព្រៀងការពារជាតិរវាងអារ៉ាប៊ីសាអូឌីត តួកគីយ៉េ និងប៉ាគីស្ថាន ហាក់ដូចជាកំពុងដើរផ្ទុយពីអ្វីដែលសហរដ្ឋអាមេរិកចង់បាន៕