រៀនឥតគិតថ្លៃ មានប្រាក់ឧបត្ថម្ភប្រចាំខែ! NIEI ផ្ដល់អាហារូបករណ៍លើជំនាញ ៦មុខវិជ្ជា ក្រោមកម្មវិធី TVET 1.5M របស់រាជរដ្ឋាភិបាល
11-08-2026 09:33
(ភ្នំពេញ)៖ វិទ្យាស្ថានសហគ្រិនភាព និងនវានុវត្តន៍ (NIEI) ប្រកាសផ្ដល់អាហារូបករណ៍ជាច្រើនកន្លែង លើជំនាញចំនួន ៦មុខវិជ្ជា ព្រមទាំងផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែជូនសិក្ខាកាម ក្រោមកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១,៥លាននាក់ (TVET 1.5M) របស់រាជរដ្ឋាភិបាល។
ការផ្តល់ឱកាសសិក្សាពិសេសនេះ បានក្លាយជាស្ពានដ៏សំខាន់សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ឱ្យអាចទទួលបានជំនាញវិជ្ជាជីវៈប្រកបដោយគុណភាព ដោយមិនចាំបាច់បារម្ភពីថ្លៃសិក្សា ហើយថែមទាំងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ ដែលជួយសម្រាលបន្ទុកជីវភាពគ្រួសារទៀតផង ខណៈយុវជនទូទៅក៏អាចចូលរៀនដោយឥតបង់ថ្លៃផងដែរ។
បើតាមសេចក្ដីជូនដំណឹងរបស់វិទ្យាស្ថាន NIEI ជំនាញទាំង៦នោះ ជាជំនាញដែលឆ្លើយតបនឹងតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន ក្នុងនោះរួមមាន ជំនាញធុរកិច្ចភេសជ្ជៈ, ការផលិតនំ, សេវាកម្មសម្អាងកាយ, ការធ្វើម្ហូបខ្មែរ, ការក្រឡុកស្រា និងការបង្កើតអាជីវកម្ម និងសហគ្រិនភាព។
សម្រាប់ការចុះឈ្មោះចូលរៀន បេក្ខជនអាចចុះឈ្មោះតាមប្រព័ន្ធ TVET 1.5M ឬទំនាក់ទំនងតាមលេខទូរសព្ទ ០១២ ៣២៨ ៩៣៣/ ០៨១ ៤២៩ ៩៦៩/ ០៩៦ ៧៣៥ ១០១៩/ ០៩៣ ៨០៨ ០៥៧ ឬចុះឈ្មោះដោយផ្ទាល់នៅ វិទ្យាស្ថានសហគ្រិនភាព និងនវានុវត្តន៍ (NIEI) ដែលមានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សូមបញ្ជាក់ថា រយៈពេល ៥ឆ្នាំចុងក្រោយគិតចាប់ពីឆ្នាំ២០២២ ដល់ខែឧសភា ឆ្នាំ២០២៦នេះ TVET បានផ្តល់ការបណ្តុះបណ្តាលគ្រប់កម្រិតសរុបប្រមាណជិត ៧០ម៉ឺននាក់ ខណៈពីឆ្នាំ២០២៤ ដល់ខែឧសភា ឆ្នាំ២០២៦ នេះ សិស្សដែលបាននិងកំពុងបណ្តុះបណ្តាលមានសរុបប្រមាណជាង ២៧ម៉ឺននាក់ ក្នុងនោះ គ្រឹះស្ថានក្រោមឱវាទក្រសួងចំនួនជិត ២៣ម៉ឺននាក់ និងក្រោមមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ចំនួនជាង ៤ម៉ឺននាក់៕











