លោក ស៊ុំ ប៊ុនហុង ដឹកនាំអនុគណៈកម្មការរៀបចំការប្រឡងខេត្តសៀមរាប ពិនិត្យសម្រាំងពាក្យបេក្ខជនជ្រើសរើសមន្ត្រីបោះឆ្នោត ឆ្នាំ២០២៦

11-08-2026 10:48

(ភ្នំពេញ)៖ លោក ស៊ុំ ប៊ុនហុង អគ្គនាយកនៃអគ្គនាយកដ្ឋានអប់រំ ព័ត៌មាន និងទំនាក់ទំនងសាធារណៈ (អអព.ទស) នៃ គ.ជ.ប និងជាប្រធានអនុគណៈកម្មការរៀបចំការប្រឡងខេត្តសៀមរាប នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ បានដឹកនាំអនុប្រធាន និងសមាជិកអនុគណៈកម្មការ ចុះពិនិត្យ និងសម្រាំងពាក្យសុំចុះឈ្មោះប្រឡងរបស់បេក្ខជន ដើម្បីជ្រើសរើសជាមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លី បម្រើការងារនៅលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦។

ការពិនិត្យ និងសម្រាំងពាក្យសុំចុះឈ្មោះប្រឡងនេះ ត្រូវបានអនុវត្តដោយយកចិត្តទុកដាក់ និងផ្អែកលើលក្ខខណ្ឌ និងលក្ខណៈសម្បត្តិដែលបានកំណត់ ដើម្បីធានាថា បេក្ខជនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ នឹងត្រូវបានអនុញ្ញាតឱ្យចូលរួមប្រឡងជ្រើសរើសដោយស្មើភាព តម្លាភាព និងយុត្តិធម៌។

ការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លីនេះ គឺជាផ្នែកមួយនៃការរៀបចំធនធានមនុស្ស ដើម្បីបំពេញតម្រូវការការងាររបស់លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប ក្នុងការអនុវត្តការងារពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦ ឱ្យប្រព្រឹត្តទៅដោយមានប្រសិទ្ធភាព និងស្របតាមច្បាប់ និងបទបញ្ជានីតិវិធីជាធរមាន។

ជាមួយគ្នានេះ អនុគណៈកម្មការរៀបចំការប្រឡងខេត្តសៀមរាប បានបន្តយកចិត្តទុកដាក់លើការងាររៀបចំការប្រឡងឱ្យបានត្រឹមត្រូវ និងមានស្តង់ដារ ដើម្បីធានាដល់ភាពជឿទុកចិត្ត និងការចូលរួមប្រកបដោយសមធម៌របស់បេក្ខជនទាំងអស់៕