ថ្ងៃទី២ នៃការប្រឡងបាក់ឌុប ២០២៦! អភិបាលខេត្តព្រៃវែង បន្តអញ្ជើញកាត់វិញ្ញាសាប្រឡងនៅវិទ្យាល័យព្រៃព្នៅ
11-08-2026 11:37
(ព្រៃវែង)៖ លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីកាត់វិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៥-២០២៦ នៅមណ្ឌលប្រឡងវិទ្យាល័យព្រៃព្នៅ ស្ថិតក្នុងស្រុកពារាំង ខេត្តព្រៃវែង។ នេះជាថ្ងៃទី២ នៃដំណើរការប្រឡងដ៏សំខាន់នេះ ដែលប្រព្រឹត្តទៅដោយរលូន និងយកចិត្តទុកដាក់ខ្ពស់។
ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានផ្តាំផ្ញើដល់គណៈមេប្រយោគ និងអនុរក្ស តាមបន្ទប់ប្រឡងនីមួយៗ ត្រូវយកចិត្តទុកដាក់អនុវត្តន៍ឱ្យបាននូវគោលការណ៍ណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាបទបញ្ជាផ្ទៃក្នុងនានាក្នុងការប្រឡង ដើម្បីធានាឱ្យការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ កាន់តែទទួលបានលទ្ធផលល្អ ប្រកបដោយតម្លាភាព និងគុណភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការពង្រឹងគុណភាពវិស័យអប់រំឱ្យកាន់តែរីកចម្រើន។
លោកអភិបាលខេត្តក៏បានជូនពរក្មួយៗបេក្ខជនទាំងអស់គ្នាប្រឡងជាប់បាននិទ្ទេសល្អគ្រប់ៗគ្នា។
សូមបញ្ជាក់ផងដែរថា ខេត្តព្រៃវែង បានរៀបចំដំណើរការសំណេរប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ ដែលប្រព្រឹត្តទៅនាថ្ងៃទី១០-១១ ខែសីហា ឆ្នាំ២០២៦ ដោយមានមណ្ឌលប្រឡងចំនួន ១៧មណ្ឌល ស្មើនឹង ៤០២បន្ទប់។ ក្នុងនោះមានថ្នាក់វិទ្យាសាស្ត្រចំនួន ៣មណ្ឌល ស្មើនឹង ៧៩បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គមចំនួន ១៤មណ្ឌល ស្មើនឹង ៣២៣បន្ទប់។ មានបេក្ខជនប្រឡងចំនួន ៩.៩៩១នាក់ ស្រី ៥.៥៤៦នាក់។

















