គម្រោងគជ់ ប្រគល់ជូនកុំព្យូទ័រយួរដៃ និងម៉ាស៊ីនបោះពុម្ព ដល់សហគមន៍កសិកម្ម សហគមន៍ព្រៃឈើ និងសហគមន៍តំបន់ការពារធម្មជាតិ នៅក្នុងខេត្តកំពង់ធំ

11-08-2026 12:52

(កំពង់ធំ)៖ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ គម្រោង «ភាពជាដៃគូរវាងរដ្ឋ សហគមន៍ និងវិស័យឯកជន ដើម្បីកសិកម្មមានលក្ខណៈភាតរបរិស្ថាន និងជីវភាពប្រជាជនមានភាពធន់នៅខាងជើងបឹងទន្លេសាប» ហៅកាត់ថាគម្រោងគជ់ បានរៀបចំពិធីប្រគល់កុំព្យូទ័រយួរដៃចំនួន ៤០គ្រឿង និងម៉ាស៊ីនបោះពុម្ពចំនួន ៤០គ្រឿង ជូនដល់សហគមន៍កសិកម្ម សហគមន៍ព្រៃឈើ និងសហគមន៍តំបន់ការពារធម្មជាតិ។ គម្រោងផ្តល់ជូនកុំព្យូទ័រយួរដៃ និងម៉ាស៊ីនបោះពុម្ពសរុបចំនួន ១២៤ឈុតជូនដល់សហគមន៍សរុបចំនួន ១២៤សហគមន៍ ក្នុងខេត្តកំពង់ធំ ព្រះវិហារ ឧត្តរមានជ័យ និងខេត្តសៀមរាប។ នេះសបញ្ជាក់ថា កសិករនៅខេត្តភាគខាងជើងនៃប្រទេសកម្ពុជា កាន់តែមានលទ្ធភាពប្រសើរឡើង ក្នុងការប្រើប្រាស់ឧបករណ៍ឌីជីថល ដូចជាកុំព្យូទ័រ និងការប្រើប្រាស់ព័ត៌មានអាកាសធាតុ ដែលជួយពង្រឹងសមត្ថភាពសហគមន៍លើការងារកសិកម្ម និងការលក់ដូរកសិផល ព្រមទាំងជួយកសិករសម្រេចចិត្តលើផែនការដាំដុះលើព័ត៌មានអាកាសធាតុ លែងរំពឹងលើមេឃដូចពីមុន។

កុំព្យូទ័រ និងម៉ាស៊ីនបោះពុម្ពទាំងនេះ នឹងជួយដល់សហគមន៍លើការងារធ្វើផែនការអាជីវកម្ម ការគ្រប់គ្រងហិរញ្ញវត្ថុ រដ្ឋបាល ការរៀបចំរបាយការណ៍ និងការទំនាក់ទំនងជាមួយអ្នកទិញ និងសេវាកម្មរដ្ឋាភិបាលផ្សេងៗ។ អ្វីដែលសំខាន់នោះ ប្រព័ន្ធកុំព្យូទ័រ និងម៉ាស៊ីនបោះពុម្ព ក៏នឹងជួយកាត់បន្ថយគម្លាតផ្នែកឌីជីថល ដោយធ្វើឲ្យប្រសើរឡើងនូវការទទួលបានព័ត៌មានអាកាសធាតុ និងសេវាកម្មឌីជីថល ដែលជួយឲ្យកសិករធ្វើការសម្រេចចិត្តបានកាន់តែប្រសើរ ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងស្ថានភាពទីផ្សារដែលប្រែប្រួល។

លោកបណ្ឌិត មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោងគជ់ បានមានប្រសាសន៍ថា គម្រោងគជ់ ដែលបានចាប់ផ្តើមនៅក្នុងខែមេសា ឆ្នាំ២០២៣ ទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុពីមូលនិធិអាកាសធាតុបៃតង បាននិងកំពុងជួយដល់កសិករដែលមានទំហំផលិតកម្មតូច ជាពិសេសស្ត្រី និងសហគមន៍មូលដ្ឋាន សម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ។ គម្រោងនេះត្រូវបានអនុវត្តដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន និងអង្គការស្បៀងនិងកសិកម្មនៃសហប្រជាជាតិ គាំទ្រដល់កសិករដាំស្វាយចន្ទី ស្រូវសរីរាង្គ ស្វាយកែវរមៀត និងបន្លែនៅក្នុងខេត្តចំនួនបួននៅភាគខាងជើងបឹងទន្លេសាប ដើម្បីកែលម្អផលិតកម្មកសិកម្ម ជីវភាពរស់នៅរបស់កសិករ និងពង្រឹងការលក់កសិផលនៅលើទីផ្សារ។

សម្រាប់កសិករដែលមានទំហំផលិតកម្មតូច កុំព្យូទ័រ និងម៉ាស៊ីនបោះពុម្ពទាំងនេះ គឺជាផ្នែកមួយនៃការគាំទ្ររបស់គម្រោងគជ់ ដើម្បីជួយដល់អង្គការក្នុងស្រុកក្នុងការគ្រប់គ្រងអាជីវកម្មរបស់ពួកគេ និងភ្ជាប់កសិករជាមួយសេវាកម្មនានា និងទីផ្សារ។ ការជួយនេះ រួមមានទាំងការធ្វើផែនការអាជីវកម្ម ការវិនិយោគប្រកបដោយផលិតភាព ព័ត៌មានអាកាសធាតុ ការអភិវឌ្ឍខ្សែច្រវាក់តម្លៃ និងការភ្ជាប់ជាមួយទីផ្សារធំៗ។

លោកស្រី រេប៊ែកកា ប៊ែល តំណាងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ ប្រចាំកម្ពុជា បានមានប្រសាសន៍ថា ដោយសារវិស័យកសិកម្មកាន់តែផ្សារភ្ជាប់ជាមួយវិស័យឌីជីថល សហគមន៍ជនបទត្រូវការលទ្ធភាពក្នុងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ដូចប្រជាជនទូទៅដែរ។ កុំព្យូទ័រទាំងនេះនឹងជួយបំពេញចន្លោះប្រហោងផ្នែកឌីជីថល ដោយជួយកសិករ និងសហគមន៍របស់ពួកគេធ្វើការសម្រេចចិត្តបានប្រសើរជាងមុន ផ្អែកលើព័ត៌មានច្បាស់លាស់ និងអាចកសាងជីវភាពរស់នៅប្រកបដោយភាពធន់ជាងមុននឹងការប្រែប្រួលអាកាសធាតុ។

លោកស្រី បានបន្ថែមថាគម្រោងគជ់ គាំទ្រខ្សែច្រវាក់តម្លៃកសិកម្មទាំងមូល រាប់ចាប់ពីព័ត៌មានអាកាសធាតុ និងការផ្តល់យោបល់ផ្នែកកសិកម្ម រហូតដល់ការកែច្នៃ ការដាក់លក់នៅទីផ្សារ និងការអភិវឌ្ឍអាជីវកម្ម ដោយកៀរគរស្ថាប័នរដ្ឋាភិបាល សហគមន៍ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ឱ្យធ្វើការរួមគ្នា។

ព័ត៌មានអាកាសធាតុគឺជាផ្នែកសំខាន់មួយនៃការគាំទ្រនេះ។ ស្ថានីយ៍កសិឧតុនិយមចំនួន ២០ នៅទូទាំងខេត្តគោលដៅទាំងបួន ដែលគាំទ្រដោយគម្រោងនេះ បាន និងកំពុងផ្តល់ទិន្នន័យអាកាសធាតុដែលត្រូវបានបម្លែងជាសេចក្តីណែនាំផ្នែកកសិកម្ម សម្រាប់ដំណាំស្វាយ ស្វាយចន្ទី ស្រូវសរីរាង្គ និងបន្លែ ដើម្បីជួយកសិករក្នុងការរៀបចំផែនការសកម្មភាពកសិកម្ម ដែលឆ្លើយតបទៅនឹងហានិភ័យអាកាសធាតុ ដូចជាទឹកជំនន់ គ្រោះរាំងស្ងួត សត្វល្អិត ឬជម្ងឺជាដើម។

គម្រោងគជ់ ក៏កំពុងជួយកសិករឱ្យអាចលក់កសិផលនៅតាមទីផ្សារធំៗជាងមុន ចំណេញច្រើនជាងមុនផងដែរ។ សមិទ្ធផលថ្មីៗរបស់គម្រោងរួមមាន ផែនទីបង្ហាញផ្លូវខ្សែច្រវាក់តម្លៃសម្រាប់ដំណាំយុទ្ធសាស្ត្រទាំងបួន និងការចុះឈ្មោះស្វាយចន្ទីខេត្តកំពង់ធំ និងស្វាយឧត្តរមានជ័យជាផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ កំពុងជួយឱ្យផលិតផលក្នុងស្រុកទាំងនេះមានការទទួលស្គាល់ជាងមុន និងសក្តានុពលទីផ្សារកាន់តែច្រើន។

លោក ម៉ៅ សារ៉ន ប្រធានសហគមន៍កសិកម្មភ្នំសន្ទុក បានមានប្រសាសន៍ថា «កុំព្យូទ័រយួរដៃ និងម៉ាស៊ីនបោះពុម្ពនឹងជួយសម្រួលដល់ការងារគ្រប់គ្រង និងហិរញ្ញវត្ថុរបស់សហគមន៍កសិកម្ម របស់យើង។ យើងអាចប្រើកម្មវិធីអិចសែល ដើម្បីគណនា និងរៀបចំកំណត់ត្រាហិរញ្ញវត្ថុរបស់សមាជិកបានកាន់តែត្រឹមត្រូវ និងមានតម្លាភាព ដែលនឹងបង្កើតទំនុកចិត្តកាន់តែច្រើនដល់សមាជិក។ យើងក៏អាចប្រើកុំព្យូទ័រយួរដៃដើម្បីចូលរៀនពីបច្ចេកវិទ្យាកសិកម្មថ្មីៗ ចូលរួមការបណ្តុះបណ្តាលតាមអ៊ីនធឺណិត និងទំនាក់ទំនងជាមួយដៃគូតាមរយៈវេទិកាទំនាក់ទំនងដូចជាកម្មវិធី ZOOM ជាដើម។

ការងាររបស់គម្រោងគជ់ ក៏បានពង្រឹងដល់ការការពារធនធានធម្មជាតិដែលគាំទ្រដល់ជីវភាពរស់នៅជនបទផងដែរ។ គម្រោងនេះមានគោលបំណងស្តារ និងការពារតំបន់ព្រៃឈើសំខាន់ៗចំនួន ៧ពាន់ ប្រាំមួយរយហិកតា ដោយធ្វើការជាមួយក្រសួងបរិស្ថាន និងអង្គការសហគមន៍ ដើម្បីអភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិ។ គម្រោងគជ់ មានផែនការគាំទ្រដោយផ្ទាល់ដល់កសិករប្រហែល ៤៥ម៉ឺននាក់ រួមទាំងគ្រួសារកសិករប្រមាណ ១០ម៉ឺនគ្រួសារ នៅត្រឹមឆ្នាំ ២០២៩។

តាមរយៈការវិនិយោគ និងភាពជាដៃគូទាំងនេះ គម្រោងគជ់កំពុងជួយកសិករ និងអង្គការកសិករក្នុងការកសាងសមត្ថភាពគ្រប់គ្រង ឆ្លើយតបទៅនឹងហានិភ័យអាកាសធាតុ ការលក់កសិផលកាន់តែប្រសើរ និងការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយចីរភាព ដែលសហគមន៍ជនបទពឹងផ្អែកជាសំខាន់៕