ចេន ហ្សី (Chen Zhi) មេធំរបស់ព្រីនស៏ ត្រូវបានសាកលវិទ្យាល័យន័រតុន រំលេចចូលនៅក្នុងព្រឹត្តិបត្រព័ត៌មានប្រចាំឆ្នាំ២០២៦របស់ខ្លួន និងចែកជូនសិស្សត្រៀមប្រឡងបាក់ឌុប
11-08-2026 13:24
(ភ្នំពេញ)៖ សម្រាប់ជាការទាក់ទាញលើចំណាប់អារម្មណ៍ពីសំណាក់សិស្សដែលត្រៀមចូលកម្រិតឧត្តមសិក្សា ក្រោយជាប់បាក់ឌុប ដែលកំពុងដំណើរការនៅថ្ងៃទី២ ទី១១ ខែសីហា ឆ្នាំ២០២៦ សាកលវិទ្យាល័យដ៏ល្បីក្នុងស្រុកមួយ គឺសាកលវិទ្យាល័យ «ន័រតុន» បានបញ្ចេញព្រឹត្តិបត្រព័ត៌មាន ឬហៅថា សារព័ត៌មានន័រតុន (The Herald) ដ៏គួរឲ្យទាក់ទាញមួយ។
ការទាក់ទាញលើរូបរាង និងពណ៌កូល័ររបស់ព្រឹត្តិបត្រមានជាង ១០០ទំព័រ ជារឿងមួយ ប៉ុន្តែអ្វីដែលចាប់អារម្មណ៍មួយទៀតដែលត្រូវតែអាននោះ គឺសាកលវិទ្យាល័យ បានរំលេចរាល់ទិដ្ឋភាព និងហេតុការណ៍សំខាន់ៗដែលបានកើតឡើងទាំងជាតិ និងអន្តរជាតិ។
ក្រៅពីការរំលេចស្នាដៃរបស់និស្សិតន័រតុន និងការចូលរួមក្នុងព្រឹត្តិការណ៍ធំៗ សកវិទ្យាល័យដែលមានវត្តមានមិនក្រោម៣០ឆ្នាំ (បង្កើតឡើងនៅឆ្នាំ១៩៩៦) និងបានបង្កើតធនធានមនុស្សរាប់ម៉ឺននាក់មួយនេះ បានរំលេចនូវព្រឹត្តិការណ៍ជាតិ សំខាន់ៗដែលបានកើតឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ជាពិសេសការឈ្លានពានទឹកដីរបស់ទាហានថៃលើដីខ្មែរ។
អ្វីដែលអ្នកអានចាប់អារម្មណ៍មួយទៀតនោះ គឺសាកលវិទ្យាល័យន័រតុន ក៏បានដាក់បញ្ហា Online Scams ជារឿងមួយដ៏សំខាន់ និងមានប្រយោជន៍ដល់សង្គមជាតិ ដើម្បីឲ្យយុវជនខ្មែរ បានយល់កាន់តែច្បាស់ពីបទល្មើស អន្តរជាតិមួយនេះ ហើយរួមគ្នាកម្ចាត់ចោលពីទឹកដីរបស់យើង។
ចេន ហ្សី (Chen Zhi) ដែលជាមេធំរបស់ព្រីនស៏ និងជាមេក្លោងនៃបទល្មើស Online Scams ម្នាក់នៅកម្ពុជា ក៏ត្រូវបានសាកលវិទ្យាល័យ លើកមកបង្ហាញនៅក្នុងព្រឹត្តិបត្រព័ត៌មានរបស់ខ្លួនផងដែរ។
ជាមួយរូបថតរបស់មេក្លោង និងអមដោយចំណងជើងធំៗថា «សហគ្រិនវ័យក្មេងម្នាក់ ត្រូវបានចោទប្រកាន់ថា ជាមេក្លោងនៅពីក្រោយបណ្តាញបោកប្រាស់អន្តរជាតិដែលមានតម្លៃរាប់ពាន់លានដុល្លារ»។
សម្រាប់ខ្លឹមសារសង្ខេបពី Chen Zhi សាកលវិទ្យាល័យ បានគូសបញ្ជាក់ថា លោកគឺជាសហគ្រិនវ័យក្មេងដែលមានទម្រង់មុខដូចកូនក្មេងម្នាក់ដែលបានឡើងទៅដល់ចំណុចកំពូល នៃអំណាចនៅក្នុងប្រទេសកម្ពុជា ដែលជាស្រុកកំណើតទីពីររបស់លោក ជាកន្លែងលោកបានផ្តល់អាហារូបករណ៍ និងដំណើរការកម្មវិធីសប្បុរសធម៌នានាព្រមទាំងគ្រប់គ្រងក្រុមហ៊ុនសម្ព័ន្ធធំជាងគេ និងមានបណ្តាញទំនាក់ទំនងល្អបំផុតមួយនៅក្នុងប្រទេស។
ក្រុមហ៊ុន «Prince Group» របស់លោក Chen បុគ្គលិកបម្រើការងាររាប់ពាន់នាក់ហើយបានចាត់ទុកខ្លួនឯងថា ជាក្រុមហ៊ុនសម្ព័ន្ធធំបំផុតមួយនៅក្នុងប្រទេសកម្ពុជា ដោយមានការវិនិយោគលើវិស័យអចលនទ្រព្យប្រណីត សេវាកម្មធនាគារ សណ្ឋាគារគម្រោងអភិវឌ្ឍន៍សំណង់ធំៗ ហាងលក់ទំនិញ និងសូម្បីតែនាឡិកាដៃម៉ាកល្បីៗផងដែរ។
ជាអតីតនិស្សិតសាកលវិទ្យាល័យន័រតុន និងបញ្ចប់ការសិក្សាផ្នែកភាសាអង់គ្លេសកាលពីឆ្នាំ២០០៧ ខ្ញុំសូមឲ្យសិស្សដែលនឹងជាប់បាក់ឌុបឆ្នាំ២០២៦នេះ អាចចាប់យកសាកលវិទ្យាល័យន័រតុន ជាជម្រើសមួយសម្រាប់បន្ត បរិញ្ញាបត្ររបស់ខ្លួន។ នេះជាការថ្លែងអំពាវនាវរបស់អតីតនិស្សិតម្នាក់។
សូមបញ្ជាក់ថា លោក ចេន ហ្សី (Chen Zhi) ជាម្ចាស់សម្ព័ន្ធក្រុមហ៊ុន «ព្រីនស៍ គ្រុប» និងបក្ខពួកចំនួន២នាក់ទៀត កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ ត្រូវបានចាប់ខ្លួននៅប្រទេសកម្ពុជា ហើយបញ្ជូនទៅកាន់ ប្រទេសចិន។ ការចាប់ខ្លួននេះ ត្រូវបានធ្វើឡើងក្រោយពីអាជ្ញាធរចិន និងកម្ពុជា បានបើកការស្រាវជ្រាវអស់ជាច្រើនខែដែលពាក់ព័ន្ធឧក្រិដ្ឋកម្មឆ្លងដែន៕








