អភិបាលខេត្តតាកែវ ដឹកនាំមន្ត្រីដាំដើមក្ងោក ១ពាន់ដើម លើផ្លូវបេតុងអំណោយលោកឧបនាយករដ្ឋមន្ត្រី ស សុខា

11-08-2026 14:46

(តាកែវ)៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ នៅព្រឹកថ្ងៃអង្គារ ទី១១ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីដាំដើមក្ងោកចំនួន ១ពាន់ដើម អមសងខាងផ្លូវបេតុងមួយខ្សែ ប្រវែង ៥ពាន់ម៉ែត្រ។ ផ្លូវបេតុងនេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកស្រី កែ សួនសុភី។ ពិធីនេះបានប្រព្រឹត្តទៅក្រោមប្រធានបទ «រួមគ្នាដាំកូនឈើដើម្បីបរិស្ថាន និងសោភ័ណភាព» ស្ថិតនៅភូមិព្រៃម្លូ ឃុំក្រពុំឈូក ស្រុកកោះអណ្តែត ខេត្តតាកែវ។

នៅក្នុងពិធីនោះ លោកអភិបាលខេត្តតាកែវ បានចាត់ទុកការដាំដើមឈើពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការរួមចំណែកការពារបរិស្ថាន កាត់បន្ថយគ្រោះធម្មជាតិ ដូចជាព្យុះ ទឹកជំនន់ និងការបាក់ស្រុតដី ព្រមទាំងផ្តល់អនុផលព្រៃឈើ សម្រាប់ប្រជាពលរដ្ឋក្នុងសហគមន៍ផងដែរ។

លោកបានបន្ថែមថា ការដាំដើមឈើតាមលំនៅដ្ឋាន តាមដងផ្លូវសាធារណៈ និងតាមរមណីយដ្ឋាននានាក្នុងខេត្តតាកែវ នឹងប្រែក្លាយខេត្តតាកែវជាតំបន់ទេសចរណ៍ ដែលមានសោភ័ណភាពបៃតងស្រស់បំព្រង លម្អដោយដើមឈើផ្ការីកគ្រប់រដូវ ហើយនាំទៅដល់ការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យមកចូលលេងកម្សាន្តក្នុងខេត្តកាន់តែច្រើនឡើងថែមទៀត។

នៅក្នុងឱកាសនោះ លោកអភិបាលខេត្តតាកែវ វ៉ី សំណាង បានអំពាវនាវ និងបំផុសស្មារតីដាំដើមឈើដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ម្ចាស់ទីតាំងរោងចក្រ សហគ្រាស ជាពិសេសប្រជាពលរដ្ឋនៅក្នុងខេត្តតាកែវ ត្រូវរួមគ្នាដាំដើមឈើ និងជួយថែទាំដើមផ្កាដែលអាជ្ញាធរបានដាំលម្អតាមដងផ្លូវនៅថ្ងៃនេះ។ ការចូលរួមទាំងអស់គ្នានេះ គឺសំដៅធ្វើយ៉ាងណាឲ្យខេត្តតាកែវមានអនាម័យបរិស្ថានបានល្អ និងមានសោភ័ណភាព កាន់តែស្រស់បំព្រងមួយកម្រិតទៀត ដើម្បីអនាគតដ៏ល្អប្រសើររបស់ខេត្ត៕