ពិធីក្រុងពលីសាងសង់ផ្ទះ ១២៤ខ្នង ជូនអតីតយុទ្ធជន និងនិវត្តជននៅស្ទឹងត្រែង

11-08-2026 15:47

(ស្ទឹងត្រែង)៖ ពិធីក្រុងពលីបួងសួងសុំសេចក្តីសុខ ដើម្បីបើកការដ្ឋានសាងសង់ផ្ទះសម្បែងចំនួន ១២៤ខ្នង ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់គ្រួសារអតីតយុទ្ធជន និងនិវត្តជនដែលជួបការលំបាក នារសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦។

ពិធីនេះបានធ្វើឡើងនៅលើទីតាំងដីសម្បទានសង្គមកិច្ច ស្ថិតក្នុងភូមិខាំផាន់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែងក្រោមអធិបតីភាព លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង។

ថ្លែងក្នុងឱកាសនោះ លោក សរ សុពុត្រា បានសម្តែងនូវកតញ្ញូតាធម៌ និងការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានយកចិត្តទុកដាក់ខ្ពស់លើសុខុមាលភាពរបស់អតីតយុទ្ធជន។ លោកអភិបាលខេត្តក៏បានថ្លែងអំណរគុណកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី និងជាអគ្គលេខាធិការ អ.ន.ក ដែលបានរុញច្រានកិច្ចការងារនេះយ៉ាងសកម្ម រហូតឈានដល់ការសម្រេចបាននូវការសាងសង់ផ្ទះចំនួន ១២៤ ខ្នងនាពេលនេះ។

សមិទ្ធផលដ៏ថ្លៃថ្លានេះ នឹងបំពេញនូវតម្រូវការជម្រកដ៏សមរម្យ ព្រមទាំងចូលរួមលើកកម្ពស់គុណភាពជីវិត និងសុខុមាលភាពរបស់គ្រួសារអតីតយុទ្ធជន និងនិវត្តជនឱ្យកាន់តែប្រសើរឡើង។ លោកអភិបាលខេត្តក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋដែលបានចូលទៅទន្ទ្រានកាន់កាប់លើទីតាំងដីសម្បទានសង្គមកិច្ចរបស់សមាគម សូមមេត្តាស្ម័គ្រចិត្តប្រគល់ដីទាំងនោះជូនសមាគមវិញ ដើម្បីបើកផ្លូវឱ្យក្រុមការងារបច្ចេកទេសរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងសាងសង់ផ្ទះជូនវីរយុទ្ធជន។

គម្រោងសាងសង់ផ្ទះ និងការបែងចែកដីធ្លីនេះ គឺជាការអនុវត្តយ៉ាងប្រកៀកជិតតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន ក្នុងគោលបំណងធានាថាគ្មានអតីតយុទ្ធជន ឬនិវត្តជនណាម្នាក់ត្រូវបានបោះបង់ ចោលឡើយ។

ក្នុងបរិយាកាសប្រកបដោយភាពរំភើប អតីតយុទ្ធជន និងនិវត្តជនទាំងអស់បានសម្តែងនូវសេចក្តីសោមនស្សរីករាយឥតឧបមា និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះថ្នាក់ដឹកនាំទាំងអស់ ដែលបានយកចិត្តទុកដាក់ និងផ្តល់ដី-ផ្ទះ ជូនពួកគាត់៕