ព្រះសង្ឃនិងពុទ្ធបរិស័ទវត្តព្រៃឆ្លាក់ រៀបចំអាហារឧបត្ថម្ភដល់បេក្ខជនប្រឡងបាក់ឌុប ដើម្បីសម្រាលបន្ទុកគ្រួសារ

11-08-2026 16:35

(ស្វាយរៀង)៖ ព្រះសង្ឃ និងពុទ្ធបរិស័ទចំណុះជើងវត្តព្រៃឆ្លាក់ ក្រោមការឧបត្ថម្ភពីរដ្ឋបាលខេត្តស្វាយរៀង និងសប្បុរសជនជាច្រើនទៀត បានរួមគ្នាផ្ដល់អាហាររយៈពេលពីរថ្ងៃ ជូនដល់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៦ ដើម្បីជួយសម្រាលការចំណាយ និងបន្ទុករបស់គ្រួសារបេក្ខជនដែលមានជីវភាពខ្វះខាត។

ព្រះអនុគុណក្រុងស្វាយរៀង ព្រះតេជគុណ យន់ សុខ សាន ព្រះគ្រូចៅអធិការវត្តព្រៃឆ្លាក់ បានមានសង្ឃីកាថា គោលបំណងនៃការរៀបចំទទួលបាយទឹកនេះ គឺដើម្បីឆ្លើយតបទៅនឹងការឧបត្ថម្ភគាំទ្ររបស់ពុទ្ធបរិស័ទ និងសប្បុរសជនចំពោះព្រះសង្ឃកន្លងមក។

ព្រះសង្ឃ និងពុទ្ធបរិស័ទបានសស្រាក់ស្រាំរៀបចំអាហារនេះឡើង ដើម្បីជួយកាត់បន្ថយការលំបាករបស់គ្រួសារបេក្ខជន ពិសេសគឺចូលរួមចំណែកសម្រាលបន្ទុករបស់រាជរដ្ឋាភិបាលផងដែរ។ ព្រះអង្គបានបន្តថា នេះជាឱកាសដ៏ល្អប្រសើរសម្រាប់ព្រះពុទ្ធសាសនា ក្នុងការរួមចំណែកជាមួយអាណាចក្រ តាមរយៈការចែករំលែកអាហារជូនដល់សិស្សានុសិស្សដែលជាបេក្ខជនប្រឡងមកពីជនបទ និងពុំសូវមានលទ្ធភាព។

តំណាងបេក្ខជនប្រឡងបានសម្ដែងនូវក្ដីរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះព្រះគ្រូចៅអធិការវត្តព្រៃឆ្លាក់ ដែលបានរៀបចំអាហារដ៏មានអត្ថន័យនេះ ជួយសម្រួលដល់ការចំណាយហូបចុក និងបង្កើតបរិយាកាសជួបជុំគ្នាប្រកបដោយក្ដីសប្បាយរីករាយ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ក៏បាននាំយកថវិកា ២,០០០,០០០រៀល រួមជាមួយអង្ករ ៥០គីឡូក្រាមចំនួន ៥បាវ មី ៥កេស ទឹកត្រី ៥យួរ ទឹកស៊ីអ៊ីវ ៥យួរ ទឹកសុទ្ធ ៥កេស ត្រីងៀត ៥គីឡូក្រាម និងសាច់ក្រក ៥គីឡូក្រាម ប្រគេនដល់វត្តព្រៃឆ្លាក់ ដើម្បីត្រៀមរៀបចំអាហារ និងកន្លែងស្នាក់អាស្រ័យសម្រាប់បេក្ខជន និងអាណាព្យាបាលដែលមកពីស្រុកឆ្ងាយ។

ជាមួយគ្នានេះ លោកអភិបាលខេត្តក៏បានប្រគេនសម្ភារៈដូចគ្នា និងថវិកា ១,០០០,០០០រៀល ក្នុងមួយវត្ត ដល់វត្តចំនួន ៣ទៀត រួមមាន៖ វត្តធម្មយុត្តិ វត្តធ្មល់ និងវត្តស្វាយជ្រំផងដែរ។ កាយវិការមនុស្សធម៌នេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកទឹកចិត្ត និងជួយសម្រួលដល់បេក្ខជនប្រឡងទាំងអស់៕