លោកស្រី ងិន ផលរ័ត្ន អភិបាលក្រុងកំពត ចែកអាហារ និងទឹកសុទ្ធ ជូនសិស្សប្រឡងបាក់ឌុប ៦០០នាក់

11-08-2026 16:35

(កំពត)៖ នៅព្រឹកថ្ងៃអង្គារ ទី១១ ខែសីហា ឆ្នាំ២០២៦ លោកស្រី ងិន ផលរ័ត្ន អភិបាលក្រុងកំពត និងជាប្រធានគណៈកម្មាធិការគណបក្សក្រុងកំពត បានបន្តដឹកនាំក្រុមការងាររដ្ឋបាលក្រុង និងយុវជនគណបក្ស ចុះចែកអាហារ និងទឹកសុទ្ធ ជូនដល់សិស្សានុសិស្សចំនួន ៦០០នាក់ ដែលកំពុងត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា ២០២៥-២០២៦។

សកម្មភាពមនុស្សធម៌នេះ បានធ្វើឡើងនៅមណ្ឌលអនុវិទ្យាល័យឌីប៉ុកមហាសាមគ្គី ស្ថិតក្នុងសង្កាត់កំពង់បាយ ក្រុងកំពត។

ក្នុងឱកាសនោះ លោកស្រី ងិន ផលរ័ត្ន បានមានមតិសំណេះសំណាលសាកសួរសុខទុក្ខ និងជូនពរក្មួយៗសិស្សានុសិស្សទាំងអស់ ឱ្យទទួលបានជោគជ័យក្នុងការប្រឡង ដោយខិតខំប្រឹងប្រែងប្រឡងដោយឈរលើ សមត្ថភាពពិតរបស់ខ្លួន ព្រមទាំងបានសង្កត់ធ្ងន់លើគោលការណ៍ «អ្នកចេះ គឺជាប់»។

លោកស្រីក៏បានផ្តាំផ្ញើឱ្យក្មួយៗមានសុខភាពល្អ សុវត្ថិភាពក្នុងការធ្វើដំណើរទាំងទៅទាំងមកមណ្ឌលប្រឡង និងត្រូវខិតខំបំពេញកិច្ចការប្រកបដោយភាពទទួលខុសត្រូវ ពិនិត្យឱ្យបានម៉ត់ចត់ ជាពិសេសបំពេញព័ត៌មានឱ្យ បានត្រឹមត្រូវនៅលើសន្លឹកកិច្ចការ។

លោកស្រីអភិបាលក្រុងបានបញ្ជាក់ថា ការប្រឡងនេះ គឺជាការវាស់ស្ទង់កម្រិតចំណេះដឹងរបស់ក្មួយៗ បន្ទាប់ពីបានបញ្ចប់ការសិក្សានៅមធ្យមសិក្សាទុតិយភូមិ ដើម្បីត្រៀមឈានចូលទៅសិក្សាបន្តនៅមហាវិទ្យាល័យ។ ម៉្យាងទៀត លោកស្រីក៏បានក្រើនរំលឹកដល់បេក្ខជនទាំងអស់ ឱ្យគោរពបាននូវអង្គការវិន័យផ្ទៃក្នុងពេលប្រឡង ដើម្បីធានាគុណភាពនៃការបណ្តុះបណ្តាលធនធានមនុស្ស ដែលជាទំពាំងស្នងឫស្សីរបស់ប្រទេសជាតិទៅថ្ងៃអនាគត៕