យុវជនមកពីគ្រួសារក្រីក្រ និងពលរដ្ឋទូទៅជិត ៤ពាន់នាក់ ក្នុងខេត្តស្វាយរៀង មានជំនាញ និងចំណូលសមរម្យ ក្រោយពីទទួលបានការបណ្ដុះបណ្ដាលក្នុងវិធី ១,៥លាន របស់សម្ដេចធិបតី
11-08-2026 16:46
(ស្វាយរៀង)៖ ប្រជាពលរដ្ឋ និងយុវជនមកពីគ្រួសារក្រីក្រជិត ៤ពាន់នាក់ មានជំនាញ មានការងារធ្វើបន្ទាប់ពីទទួលបានការបណ្ដុះបណ្ដាលជំនាញដោយឥតគិតថ្លៃពីវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
បើយោងតាមវិទ្យាស្ថាន គិតចាប់ពីខែវិច្ឆិកា ឆ្នាំ២០២៣ មកត្រឹមថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ នេះមានយុវជនមកពីគ្រួសារក្រីក្រ និងពលរដ្ឋទូទៅសរុប ៣,៦០៣នាក់ ដែលទទួលបានអាហារូបករណ៍ ១.៥លានរបស់សម្ដេចធិបតី ក្នុងនោះមានក្រុមដេលកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ១,៥៤៩នាក់។
ក្នុងខែសីហានេះ វិទ្យាស្ថានដដែលគ្រោងនឹងបើកវគ្គបណ្ដុះបណ្ដាលចំនួន៧ បន្ថែមទៀតដែលផ្ដោតលើជំនាញសំខាន់ៗដូចជា ការដំឡើងបណ្តញអគ្គិសនីក្នុងអគារ, សេវាកម្មកុំព្យូទ័រ, សេវាកម្មសម្អាងកាយ, សេវាកម្មកាត់សក់បុរស, សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន, ការកែច្នៃ និងបន្លែផ្លែឈើ, ការដំឡើង និងតបណ្ដាញ Network។
បន្ថែមពីលើនេះ វគ្គសិក្សាថ្មី នឹងចាប់ផ្តើមចុះឈ្មោះចូលរៀនចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ដោយអាចទាក់ទងសាកសួរព័ត៌មានបន្ថែមតាមរយៈទូរសព្ទលេខ ០៨៩ ៤៣៦ ៦៩៣/ ០១០ ៥៤៧ ៧៧៨/ ០៨៨ ៦១៣ ២១២៣ ឬអញ្ជើញមកវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ដែលមានទីតាំងស្ថិតនៅភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀងខេត្តស្វាយរៀង។
គួររម្លឹកថា កម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនគោលដៅមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេសចំនួនប្រមាណ ១,៥លាននាក់ ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ត្រូវបានផ្ដួចផ្ដើមឡើងដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឆ្នាំ២០២៣ និងប្រកាសដាក់ឱ្យអនុវត្តដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣៕










