ក្រសួងអប់រំ៖ ដំណើរការសំណេរការប្រឡងបាក់ឌុប រយៈពេល២ថ្ងៃ បានប្រព្រឹត្តទៅដោយរលូនល្អ មិនមានបាតុភាពមិនប្រក្រតីណាមួយគួរឲ្យកត់សម្គាល់ឡើយ, បេក្ខជនអវត្តមានចំនួន១ ៣៥២នាក់ (Video inside)
11-08-2026 17:15
(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នៅល្ងាចថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ បានបញ្ជាក់ថា ដំណើរការសំណេរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បានប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ គឺថ្ងៃទី ១០-១១ ខែសីហា ឆ្នាំ២០២៦ បានប្រព្រឹត្តទៅដោយរលូនល្អ មិនមានបាតុភាពមិនប្រក្រតីណាមួយគួរឲ្យកត់សម្គាល់ឡើយ។
មុខវិជ្ជាប្រឡងមានចំនួន ៧មុខវិជ្ជា ដោយថ្នាក់វិទ្យាសាស្ត្រមាន ប្រវត្តិវិទ្យា ជីវវិទ្យា គីមីវិទ្យា ភាសាបរទេស អក្សរសាស្ត្រខ្មែរ រូបវិទ្យា និងគណិតវិទ្យា។ ថ្នាក់វិទ្យាសាស្ត្រសង្គមមានមុខវិជ្ជា ផែនដីនិងបរិស្ថានវិទ្យា ប្រវត្តិវិទ្យា ភូមិវិទ្យា ភាសាបរទេស គណិតវិទ្យា សីលធម៌-ពលរដ្ឋវិជ្ជា និងអក្សរសាស្ត្រខ្មែរ។
ដំណើរការសំណេរមានសភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ ដោយមានការយកចិត្តទុកដាក់ និងទំនួលខុសត្រូវខ្ពស់ពីគណៈមេប្រយោគទូទាំងប្រទេស គណៈអប្បមាទទូទាំងប្រទេស ជំនួយការអប្បមាទទូទាំងប្រទេស ប្រធាន អនុប្រធានមណ្ឌល គណៈកម្មការកណ្ដាល គណៈកម្មការត្រួតពិនិត្យអគារ គណៈកម្មការអនុរក្ស ដោយមានការចូលរួមសហការដោយ អង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា មន្ត្រីសុខាភិបាល និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ។
បេក្ខជនបានគោរពបទប្បញ្ញត្តិនៃការប្រឡង ព្រមទាំងបានប្រឹងប្រែងក្នុងការធ្វើកិច្ចការតាមសមត្ថភាពរៀងៗខ្លួន ដោយស្ទើរតែគ្មានយកសំណៅឯកសារ និងឧបករណ៍អេឡិចត្រូនិកចូលមណ្ឌលប្រឡងឡើយ។ ក្នុងដំណើរការសំណេរ២ថ្ងៃនេះ មាន១០ រាជធានីខេត្ត ដែលមានភ្លៀងធ្លាក់តែមិនប៉ះពាល់ដល់ដំណើរការសំណេរឡើយ។
របាយការណ៍បឋមដែលទទួលបានពីមណ្ឌលប្រឡងបានបង្ហាញថា នៅថ្ងៃទី២នេះ បេក្ខជនអវត្តមានចំនួន១ ៣៥២នាក់ (ស្រី៥០២នាក់) ស្មើនឹង០,៨៩ភាគរយ បេក្ខជនស្វ័យរិនចំនួន១ ១៤៧នាក់ (ស្រី៤០៧នាក់) បេក្ខជនចំណេះទូទៅចំនួន២០៥នាក់ (ស្រី៩៥នាក់)។ បេក្ខជនដែលមានបញ្ហាសុខភាព២៦៧នាក់ ក្នុងនោះបោះបង់ការប្រឡងចំនួន១០នាក់ បេក្ខជនប្រឡងដាច់ដោយឡែក៦៥នាក់ បេក្ខជនមានជំងឺគ្រុនឈាមមានចំនួន៦៦នាក់ និងគ្រោះថ្នាក់ចរាចរណ៍១០នាក់។
ដោយឡែកគណៈមេប្រយោគមានបញ្ហាសុខភាព២៥នាក់។ បេក្ខជនដែលមានបញ្ហាសុខភាពទាំងអស់ បានបន្តការប្រឡងក្រោមការយកចិត្តទុកដាក់មើលថែពីក្រុមគ្រូពេទ្យ បន្ទាប់ពីមានអាការៈធូរស្រាល។ ក្រសួងអប់រំ យុវជន និងកីឡា ជំរុញលើកចិត្តឱ្យបេក្ខជនប្រឡងទាំងអស់ត្រូវថែរក្សាសុខភាពឱ្យបានល្អ សម្រាក និងបរិភោគអាហារឱ្យបានគ្រប់គ្រាន់ប្រកបដោយអនាម័យ ដើម្បីទទួលបានលទ្ធផលល្អក្នុងការប្រឡង។
ករណីល្មើសបទប្បញ្ញត្តិនៃការប្រឡងក្នុងអំឡុងពេលនៃដំណើរការសំណេរ បានកើតឡើងក្នុងចំនួនតិចតួច។ នៅក្នុងដំណើរការសំណេរ២ថ្ងៃនេះ មានការដកហូតឧបករណ៍អេឡិចត្រូនិកហាមឃាត់ចំនួន ១២ករណី ដែលក្នុងនោះមានវ៉ែនតាឆ្លាតវៃភ្ជាប់ទូរសព្ទដៃ១ករណី ទូរសព្ទឆ្លាតវៃ១ករណី និងនាឡិកាឆ្លាតវៃ៣ករណីពីបេក្ខជន និង ទូរសព្ទឆ្លាតវៃ១ករណី ព្រមទាំងនាឡិកាឆ្លាតវៃ៦ករណីពីគណៈកម្មការ។ ក្រសួងអប់រំ យុវជន និងកីឡា នឹងចាត់វិធានការចំពោះករណីទាំងនេះតាមគោលការណ៍ជាធរមាន។
ក្រសួងអប់រំ យុវជន និងកីឡា គ្រោងនឹងប្រកាសលទ្ធផលប្រឡងនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ សម្រាប់រាជធានីខេត្ត ទូទាំងប្រទេស ព្រមទាំងមានផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការក្រសួងអប់រំ យុវជន និងកីឡា៕
















































































